តាមរយៈការរៀបចំយ៉ាងផ្ចត់ផ្ចង់ អស់រយៈពេលជាង២ពាន់ថ្ងៃ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានសម្ពោធ បើកនៅថ្ងៃទី៤ ខែកុម្ភៈ ។ “ ពិភពលោកទាំងមូល បាននិង កំពុងស្ថិតក្រោមស្រមោលខ្មៅ នៃជំងឺកូវីដ១៩ សំណាងល្អណាស់ យើងនៅតែមានការប្រកួត កីឡាអូឡាំពិករដូវរងា នេះជាព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយ ។ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់ប្រទេសចិន និងមហាគ្រួសារកីឡាអូឡាំពិក ដែលបានរៀបចំការ ប្រកួតកីឡា អូឡាំពិករដូវរងាក្នុងគ្រាដ៏លំបាកបែបនេះ ។ ” នេះជាពាក្យសំដី របស់លោក Shaun White អត្តពលិកលេងស្គីដ៏ល្បីឈ្មោះ របស់អាមេរិក ដែលបានឆ្លុះបញ្ចាំង ពីសំឡេង របស់អត្តពលិកទាំងឡាយ ដែលទៅចូលរួមការប្រកួត ។
ជំងឺកូវីដ១៩នៅតែរីករាលដាល នៅទូទាំងពិភពលោកដដែល ការប៉ះទង្គិចក្នុងតំបន់មួយចំនួន ក៏បានកើតឡើង ជាបន្តបន្ទាប់ ក្នុងបរិបទបែបនេះ សន្តិភាពជាសកលកំពុងរង ការសាកល្បងកាន់តែខ្លាំងឡើងៗ ។ ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ ជាព្រឹតិ្តការកីឡា មានលក្ខណៈចម្រុះ ជាសកល លើកដំបូង ដែលបានរៀបចំធ្វើ តាមពេលកំណត់តាំង ពីបានផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩មក ដូច្នេះទទួល បានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយពីសំណាក់ទូទាំងពិភពលោក ។ ដូចប្រសាសន៍ របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងថា ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ មិនត្រឹមតែជាព្រឹតិ្តការណ៍កីឡា ដ៏ឱឡារិកប៉ុណ្ណោះទេ ជាងនេះទៅទៀត ការប្រកួតលើកនេះ ក៏បានឆ្លុះបញ្ចាំងពីការស្វែងរកគុណតម្លៃ របស់ចិនក្នុងការជំរុញកិច្ចកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ទៀតផង ។
លោក Papandreou អតីតនាយករដ្ឋមន្ត្រីក្រិកសម្គាល់ឃើញថា ក្នុងនាមជាទីក្រុងទីមួយ ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា ក្រុងប៉េកាំង ដែលមានប្រវតិ្តសាស្ត្រដ៏យូរលង់ កំពុងបន្តបង្កើតប្រវត្តិសាស្ត្រតទៅទៀត ។ លោកបានថ្លែងថា “ខ្ញុំយល់ដឹងថា គុណតម្លៃគន្លឹះ របស់ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺសន្តិភាព រីឯគុណតម្លៃគន្លឹះរបស់ការប្រកួតកីឡាអូឡាំពិកក៏ជាសន្តិភាពផងដែរ ” ។
លោក Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិបានថ្លែងថា ប្រទេសចិន រៀបចំដោយ ជោគជ័យនូវការ ប្រកួតកីឡា អូឡាំពិក រដូវរងាដែលមានទ្រង់ទ្រាយធំ និងមានសុវត្ថិភាព ដល់កម្រិតប៉ុន្នឹង គឺជារឿង គួរឱ្យកោតសរសើរ ។ បច្ចុប្បន្ននេះ ពិភពលោកត្រូវការព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងាដ៏ជោគជ័យមួយលើក ដើម្បីបង្ហាញពីពត៌មានច្បាស់លាស់ទៅកាន់ពិភពលោកថា មិនថាប្រទេស ជនជាតិ និងសាសនាណាមួយក៏ដោយ ក៏សុទ្ធតែអាចយក ឈ្នះលើការខ្វែងគំនិតគ្នា សម្រេចបាននូវសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបានយាង ទៅក្រុងប៉េកាំង ដើម្បីចូលរួមក្នុង ពិធីបើកការប្រកួតលើកនេះ បានកោតសរសើរខ្ពស់ ចំពោះបាវចនានៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ដែលថា “រួមគ្នាឆ្ពោះទៅអនាគត” ។ ព្រះករុណាមានព្រះរាជបន្ទូលថា បាវចនានេះបានឆ្លុះបញ្ចាំងពីគំនិតរួម របស់មនុស្សជាតិក្នុងការជម្នះបញ្ហាប្រឈម ។ “រួមគ្នាឆ្ពោះទៅអនាគត” ក៏បង្ហាញពីការរួបរួម និងការប្រឹង ប្រែងរួមគ្នា ដែលបង្កប់ ទៅដោយគុណតម្លៃ របស់ចលនាអូឡាំពិក និងគោលបំណងដែលចង់ស្វែងរកសាមគ្គីភាព សន្តិភាពនិង វឌ្ឍនភាពផងដែរ ។
ចលនាអូឡាំពិក បានបង្កប់នូវការស្វែងរកដ៏ល្អ បវររបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព ។ បច្ចុប្បន្ននេះ ពិភពលោកបាន និងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ដូច្នេះ សហគមន៍ អន្តរជាតិ គួរតែរួមគ្នាគាំពារ សន្តិភាពជាសកល ប្រកាន់ខ្ជាប់ការគោរពគ្នា ទៅវិទៅមកនិងរាប់អានគ្នា ប្រកបដោយសមភាព ដើម្បីរួមគ្នាកសាង ពិភពលោកដែលមានសន្តិភាពជាយូរអង្វែង ។
ប្រទេសចិនជាប្រទេសខ្លាំងក្លា ខាងវិស័យកីឡានៅលើពិភពលោក ហើយក៏ជាប្រទេស ដែលស្រឡាញ់សន្តិភាពផងដែរ ។ ប្រទេសចិនរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងាក្រុង ប៉េកាំងដោយជោគជ័យ ក៏ជាការអនុវត្តដ៏មហិមា ជាក់ស្តែងបំផុត និងមានភាពរស់រវើកបំផុត ដើម្បីជំរុញកិច្ចកសាងសហគមន៍ រួមវាសនា របស់មនុស្សជាតិផងដែរ ។
ភ្លើងដ៏ពិសិដ្ឋរបស់អូឡាំពិកបានបំភ្លឺផ្ទៃវេហា ពេលរាត្រី របស់ក្រុងប៉េកាំង ហើយក៏នឹងបំភ្លឺឱ្យមនុស្សជាតិ ដើរចេញ ផុតពីភាពលំបាក នៃជំងឺកូវីដ១៩និងភាពជាប់គាំងនៃការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។ ឱ្យតែប្រជាជនពិភពលោកទាំងមូល សាមគ្គីគ្នា ជាធ្លុងមួយ មានឆន្ទៈយ៉ាងមុតមាំ រួមសុខរួមទុក្ខជាមួយគ្នា និងពួតដៃគ្នាខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបតិ្តការ នោះក៏ពិតជានឹងយកឈ្នះ លើភាពលំបាកនិងការប្រឈមទាំងអស់ ដើម្បីទទួលស្វាគមន៍អនាគត កាន់តែល្អបវរជាក់ជាមិនខាន ៕