កីឡា

វប្បធម៌ចិន និងភាពរ៉ូមេនទិច បែបចិនបានឆ្លុះបញ្ចាំង តាមរយៈការរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង

ដូចការសន្យា របស់ប្រទេសចិន ពិធីសម្ពោធបើកការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រារព្ធឡើង តាមពេលកំណត់ ដោយរលូន ក្រោមសក្ខីភាព នៃថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំបរទេសជាច្រើនរួប ក៏ដូចជាប្រជាជនទូទាំងពិភពលោក ។

ការរាប់ថយក្រោយក្នុង ពិធីសម្ពោធបើកបានធ្វើ តាមការរំកិលថយក្រោយ នៃរដូវកាលទាំង ២៤ ក្នុងមួយឆ្នាំរបស់ប្រទេសចិន រដូវកាលទាំង ២៤ នេះជាវប្បធម៌ចិន ដែលមានប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំ ។ ជាពិសេស ថ្ងៃទី ៤ ខែកុម្ភៈនេះត្រូវចំរដូវកាលទី ១ របស់ប្រទេសចិនគឺ «立春 Lichun» មានន័យថា ជាការចាប់ផ្តើម នៃរដូវផ្ការីកឬឆ្នាំថ្មី អ្វីៗគ្រប់យ៉ាងមានសភាពស្រស់បំព្រង អ្វីៗគ្រប់យ៉ាងមានការ ចាប់ផ្តើមយ៉ាងល្អប្រសើរ ។

នៅក្នុងវប្បធម៌ប្រពៃណីចិន បានឱ្យតម្លៃយ៉ាងខ្លាំង ចំពោះរដូវផ្ការីក ព្រោះជាខណៈចាប់ផ្តើម ក្នុងឆ្នាំថ្មី អាកាសធាតុរងាខ្លាំង បានរសាត់ទៅឆ្ងាយបន្តិចម្តងៗ ហើយជំនួសដោយភាព ត្រជាក់ស្រួលល្មមនៃរដូវផ្ការីក ។ បុប្ផាទាំងពួងចាប់ផ្តើមចេញពន្លកនិងរីកស្គុសស្គាយបង្អួត សម្រស់លម្អធម្មជាតិ ។

ការសម្តែងបើក ពិធីដែលមានរុក្ខជាតិ បៃតងលូតលាស់ឡើងយ៉ាងស្រស់ញញឹម ជាសញ្ញាបញ្ជាក់ពីភាពរស់រវើក ភាពក្លៀវក្លានិងភាពរុងរឿង ពិសេសគឺគូស រំលេចពីទស្សនអភិវឌ្ឍន៍ បៃតងដែលជាទិសដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់ពិភពលោក នាពេលបច្ចុប្បន្ននិងអនាគត ។

កងប្រាំប្រទាក់ក្រឡាគ្នា ដែលជានិមិត្តសញ្ញានៃការប្រកួតកីឡាអូឡាំពិក បានបំបែកដុំគូបទឹកកកដ៏ធំ និងផុសត្រដែតឡើង ។ ក្នុងភាសាចិន «បំបែកទឹកកក»មានន័យថាលុបបំបាត់ភាពជាប់គាំង លុបបំបាត់មន្ទិលសង្ស័យ ចំពោះគ្នា លុបបំបាត់គម្លាតគ្នា ហើយរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ។
ផ្កាព្រិលដ៏ធំមួយ ដែលផ្គុំឡើង ដោយផ្កាព្រិលតូចៗដែលមានឈ្មោះ របស់បណ្តាប្រទេសដែលចូលរួមការ ប្រកួតត្រូវបានព័ន្ធព័ទ្ធដោយមែកអូលាវ ដែលជានិមិត្តរូប នៃសន្តិភាព ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ពិធីសម្ពោធបើកលើកនេះគ្មានការអុជបំភ្លឺភ្លើង គប់ធំនោះទេ តែគឺយកភ្លើង គប់ ដែលរត់បណ្តាក់ទៅដោតនៅចំកណ្តាលផ្កាព្រិលធំ បង្ហាញថាគ្រប់ប្រទេសពួតដៃ រួមសាមគ្គីគ្នាជម្នះគ្រប់ឧបសគ្គ ដើម្បីបំភ្លឺអនាគត របស់មនុស្សជាតិ ហើយក៏ស៊ីចង្វាក់គ្នានឹងទស្សនៈរៀបចំការប្រកួតបែបសាមញ្ញ សន្សំសំចៃនិងអស្ចារ្យរបស់ប្រទេសចិនផងដែរ ។ ការបំភ្លឺភ្លើងគប់អូឡាំពិកបែបនេះ ជាការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ហើយក៏ជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍អូឡាំពិកផងដែរ ។ វប្បធម៌បែបនេះជាភាពរ៉ូមេន ទិច ដែលដក់ជាប់ក្នុងហ្សែន របស់ជនជាតិចិន ។

គួររំលឹកថា រចនាបថចិន ដែលជាតំណាងមួយនៃវប្បធម៌ចិន បានរួមបញ្ចូលយ៉ាងពេញលេញក្នុង ដំណើរទាំងស្រុង នៃព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង ពោល គឺចាប់តាំង ពីពេលត្រៀមរៀបចំ ពេលបើកសម្ពោធ និងក្នុងដំណើរប្រកួត ។ សញ្ញាការប្រកួត តុក្កតាតំណាងការប្រកួត ដែលរចនាចេញ ជារូបសត្វខ្លាឃ្មុំ ផេនដា និងរូបចង្កៀងគោម ក៏ដូចជារចនាបថ នៃទីតាំងប្រកួតសុទ្ធតែជាខ្លឹមសារ នៃវប្បធម៌ប្រពៃណីចិន ។

ក្រៅអំពីការចែករំលែកវប្បធម៌ ប្រពៃណីរបស់ខ្លួន ដើម្បីឱ្យពិភពលោកកាន់តែយល់ដឹង ថែមទៀតអំពីប្រទេសចិន ប្រទេសចិនក៏រំពឹងទុកក្នុងការរួបរួមគ្នា ជាមួយពិភពលោកផងដែរដោយបាន ដាក់ចេញនូវពាក្យស្លោកប្រធានបទ នៃការប្រកួត កីឡាអូឡាំពិករដូវរងាលើកនេះគឺ«រួមគ្នាឆ្ពោះទៅអនាគត» ដែលទទួលបានការទទួលស្គាល់ និងការគាំទ្រជាទូទៅពីសហគមន៍អន្តរជាតិ ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា «រួមគ្នាឆ្ពោះទៅអនាគតបានឆ្លុះបញ្ចាំង ពីការរួបរួមសាមគ្គីគ្នា និងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូល និងចក្ខុវិស័យនៃកីឡាអូឡាំពិក ព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក ។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗ នៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសការ ដើរតួនាទីសំខាន់ នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការ យោគយល់គ្នានៅក្នុងសង្គម» ។

បច្ចុប្បន្ន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននិងកំពុងដំណើរការក្រោមបរិយាកាសសុវត្ថិភាព ពិតមែនតែស្ថិតក្នុងរដូវរងា តែក្នុងដួងចិត្តនៃគណៈប្រតិភូកីឡា នៃបណ្តាប្រទេសគឺពោរពេញ ទៅដោយភាពកក់ក្តៅ ។
អត្តពលិកនៃបណ្តាប្រទេស បាននិងកំពុងបញ្ចេញសមត្ថភាព របស់ខ្លួនក្នុងទីលានប្រកួត ដើម្បីសម្រេចក្តីសុបិន អូឡាំពិករបស់ខ្លួន ។ ពួកគេខិតខំធ្វើឱ្យបានល្អលើសពីពេលមុនៗ ដោយប្រកាន់ខ្ជាប់និងឆ្លុះបញ្ចាំងយ៉ាងប្រាកដ ប្រជានូវស្មារតីអូឡាំពិកគឺ«យោគយល់គ្នា មិត្តភាព សាមគ្គីភាព និងប្រកួតប្រជែងដោយយុត្តិធម៌» និងបាវចនាថ្មីនៃ កីឡាអូឡាំពិកគឺ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង —កាន់តែសាមគ្គី» ។
ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសចិន បានរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា លំដាប់ពិភពលោកដែលប្រកប ដោយភាពអស្ចារ្យ និងសុវត្ថិភាព ដែលជាការបំភ្លឺនូវក្តីសង្ឃឹម របស់ប្រជាជនពិភពលោកចំពោះសន្តិភាព មិត្តភាព និងសាមគ្គីភាព ។ យើងអាចជឿជាក់បានថា ការរៀបចំការប្រកួតកីឡាអូឡាំពិក មួយលើកដ៏អស្ចារ្យ មុខជានឹងរួមចំណែកជា«កម្លាំងចិន» កាន់តែច្រើនទៀតសម្រាប់ការរួមគ្នាកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ជាក់ជាមិនខាន ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top