ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានទុកការអញ្ជើញលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្ដីនៅក្នុងតុលាការ ឱ្យទៅចូលរួមវេទិកាគោលនយោបាយពិភពលោក (World Policy Forum) របស់ប្រទេសអាល្លឺម៉ង់ «គ្រាន់តែជាលេស»។ ក្នុងន័យនេះ លោក សយ សុភាព ថាមើលឱ្យជ្រៅជាងបញ្ហា និងកុំស្រមៃនឹកភ្នក បង្កើត រដ្ឋាភិបាលភិបាលនិរទេសន៏ ឬចលនាក្រៅប្រទេសប្រឆាំងរដ្ឋាភិបាលខ្មែរ។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពី លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញការសោកស្តាយ ដែលមិនអាចធ្វើដំណើរ ទៅចូលរួមវេទិកាពិភពលោក នៅប្រទេសអាល្លឺម៉ង់ (Germany) តាមកម្មវិធីដែលបានគ្រោងទុក ដោយសារតែសិទ្ធិសេរីភាព របស់លោកត្រូវបានហាមឃាត់។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានវេទិកាគោលនយោបាយពិភពលោក (World Policy Forum) របស់ប្រទេសអាល្លឺម៉ង់ អញ្ជើញឲ្យចូលរួមធ្វើបាឋកថាដោយផ្ទាល់ ដើម្បីចែករំលែកនូវទស្សនៈ និងបទពិសោធន៍ ក្នុងសន្និសីទកំពូលស្តីពីដំណោះស្រាយសាកល (Global Solution Summit) នៅថ្ងៃទី២៨ ខែមីនា នាទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់។
ប៉ុន្តែចំពោះករណីនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើនេះ។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «មើលឱ្យជ្រៅជាងបញ្ហា។ វេទិកាគ្រាន់តែជាលេស។ កុំស្រមៃនឹកភ្នក បង្កើត រដ្ឋាភិបាលភិបាលនិរទេសន៏ ឬចលនាក្រៅប្រទេសប្រឆាំងរដ្ឋាភិបាលខ្មែរ»។
លោក សយ សុភាព បញ្ជាក់ថា «យុទ្ធសាស្ត្រនេះ អាចបរាជ័យដល់ការប្រឡូក ក្នុងឆាកនយោបាយបោះឆ្នោត ឆ្នាំ២០២៣ ប្រសិនបើលោតផ្លោះ មិនរួចប្រឡាយយុត្តិធម៌»៕