នយោបាយ

បទអត្ថាធិប្បាយ​ ៖ ជំនួយវ៉ាក់សាំងចិន នឹងធ្វើឱ្យប្រជាជនកម្ពុជា ចងចាំកាន់តែខ្លាំង ចំពោះទង្វើល្អ របស់មិត្តចិន

ទំនាក់ទំនងកម្ពុជា ចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈ ពីមួយជំនាន់ ទៅមួយជំនាន់ ហើយអ្នកណាៗ ក៏ដឹងដែរថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែប គ្រប់រដូវកាល ។ ជាក់ស្តែងព្រឹត្តិការណ៍ថ្មីៗ នៃវិបត្តិកូវីដ-១៩នេះ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានចងចាំមិនភ្លេចនោះ គឺចិនបានផ្តល់ជំនួយ វ៉ាក់សាំងការពារកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមកឱ្យកម្ពុជាជាបន្តបន្ទាប់ និងទាន់ពេលវេលា ស្របពេល ដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩មិនបន្ធូដៃឡើយ ។

បើនិយាយអំពីវ៉ាក់សាំងរបស់ចិន គិតមកដល់ពេលនេះ ប្រទេសចិនបានសម្រេច ផ្តល់ជួនដល់ប្រទេសកម្ពុជា ប្រមាណ៥៧លានដូសហើយ ក្នុងនោះមានជំនួយជាង២៨លានដូស និងការបញ្ជាទិញរបស់កម្ពុជា ពីរដ្ឋាភិបាលចិន មានប្រមាណ២៩លានដូស ។ ដោយវ៉ាក់សាំងទាំងអស់នេះ ត្រូវបានបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ និងតំណាក់កាលផ្សេងៗគ្នា។ វ៉ាក់សាំងដែលផលិតនៅប្រទេសចិន គឺ SINOPHARM និងSINOVAC ។

លោកបណ្ឌិត ជិន សុជាតិមន្ត្រីស្រាវជ្រាវប្រវត្តិសាស្ត្រ នៃវិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញថា ជំនួយវ៉ាក់សាំងរបស់ចិន នឹងធ្វើឱ្យប្រជាជនកម្ពុជា មានការចងចាំ និងអគុណចំពោះប្រទេសចិន ព្រមទាំងបានបង្ហាញកាន់តែច្បាស់ពីទំនាក់ទំនង ដ៏ល្អនៃប្រទេសទាំងពីរ ​។

លោកបណ្ឌិតបន្តថា នៅក្នុងកំឡុងពេលដែលកម្ពុជាមានវិបត្តិកូវីដ-១៩រំខានដល់ការរស់នៅ ផ្នែកសេដ្ឋកិច្ច និងគម្រាមដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងមុនគេ និងទាន់ពេលវេលា ដែលនេះបង្ហាញ ឱ្យឃើញពីទំនាក់ទំនង និង ទឹកចិត្ត ដ៏ល្អប្រពៃរបស់ភាគីចិន មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ ការផ្ដល់ជំនួយវ៉ាក់សាំងនេះ លោកបណ្ឌិត បានប្រៀប ប្រដូចទៅនឹង ពាក្យខ្មែរមួយថា មិត្តល្អជួយគ្នា ក្នុងគ្រាមានអាសន្ន ពោលគឺពេល ដែលយើងមានបញ្ហាអ្វីមួយ បើមានមិត្តភក្តិណាជួយ យើងមុនគេ គឺអាចចាត់ទុកថា មិត្តភក្តិនោះមិត្តដ៏ល្អហើយ ។
សំឡេង៖ “ ការផ្ដល់ជំនួយវ៉ាក់សាំងរបស់ចិនមកកម្ពុជា មានចំនួនច្រើន ។ បើមានវ៉ាក់សាំងច្រើនបែបនេះ នោះការចាក់ជូនទៅលើ ចំនួនប្រជាពលរដ្ឋ ក៏បានច្រើនដែរ ។ ពេលនោះអ្នកចាក់វ៉ាក់សាំង ពិតជាបានដឹងច្បាស់ថា វ៉ាក់សាំងដែលគេបានចាក់នោះ ជាប្រភេទវ៉ាក់សាំងអ្វី ផលិតនៅប្រទេសណា បើគេចាក់វ៉ាក់សាំងSINOPHARM ឬSINOVAC គឺគេនឹងនឹកឃើញថា វ៉ាក់សាំងនោះផលិតនៅប្រទេសចិន ដែលបានផ្តល់ដល់កម្ពុជា។ នេះគឺជាការចងចាំល្អៗ របស់ប្រជាជនកម្ពុជា ទៅលើទង្វើរបស់ប្រទេសចិន ” ។

ក្នុងឱកាសអញ្ជើញទៅទទួលវ៉ាក់សាំង ១.៥លានដូសពីប្រទេសចិន នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ មីនា ២០២២ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃកម្ពុជាបានមានប្រសាសន៍ថា ចិនជាប្រទេស ផ្តល់វ៉ាក់សាំង ដល់កម្ពុជា ជាយុទ្ធសាស្ត្រ ពោលគឺក្នុងចំណោមដៃគូ និងប្រទេសជាមិត្តនានា របស់កម្ពុជា គឺមិនមានប្រទេសណា បានផ្តល់វ៉ាក់សាំង ការពារកូវីដ១៩ ឱ្យមកកម្ពុជាច្រើន ដូចប្រទេសចិនទេ ។ ដោយសារតែមានការគិតគូរ និងដឹកនាំប្រកបដោយភាពឆ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយកដ្ឋមន្ត្រី បានខិតខំស្វះស្វែង រកវ៉ាក់សាំងការពារកូវីដ១៩ ចាក់ស្រោចជូនប្រជាពលដ្ឋ ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ រហូតដល់ក្រុមមនុស្សវ័យចំណាស់ ដែលធ្វើឱ្យ គ្រប់រាជធានី ខេត្តទូទាំងប្រទេស មានភាពស៊ាំទៅ និងមេរោគកូវីដ-១៩នេះ ។ ប្រជាពលរដ្ឋអាចរៀន រស់នៅក្នុងបរិបទថ្មី ដោយអនុវត្ត វិធានការ៣កុំ៣ការពារ ។

បើតាមក្រសួងសុខាភិបាល វ៉ាក់សាំងបានដើរតួនាទីសំខាន់ណាស់ ក្នុងការធ្វើឱ្យមានភាពស៊ាំ ក្នុងសិរី រាង្គកាយមនុស្ស បើឆ្លងកូវីដ១៩ គឺអាចកាត់បន្ថយការឈឺធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់ បានកម្រិតខ្ពស់ ។

បើទោះបីជាជំងឺកូវីដ១៩ នៅតែបន្តកើតមាននៅកម្ពុជា យ៉ាងណាក្តី តែចរន្ត នៃដំណើរការសេដ្ឋកិច្ច និងសកម្មភាពសង្គមផ្សេងៗ បានវិលមករកភាពប្រកតីដូចមុនពេលជួបវិបត្តិកូវីដ-១៩វិញហើយ ។
ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩ នៅកម្ពុជានេះ គឺពិតណាស់មិនអាចកាត់ផ្តាច់ពីជំនួយបរិក្ខាវេជ្ជសាស្រ្ត បច្ចេកទេស និងជំនួយវ៉ាក់សាំងរបស់ចិនបានទេ ខណៈដែលកន្លងមកនេះ សម្តេចតេជោ ហ៊ុនសែន បានប្រកាសថា ចិន ជាប្រទេស ដែលផ្តល់វ៉ាក់កូវីដ១៩មិនចេះរីងស្ងួត ហើយថែមទាំង បានយកប្រទេសចិន ជាបង្អែកយុទ្ធសម្រាប់ផ្គត់ផ្គង់ វ៉ាក់សាំងកូវីដ១៩ ហើយប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ ។

ចំណែកឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាវិញ ក៏ធ្លាប់បានប្រកាសដែរថា ដរាបណាកូវីដ-១៩នៅតែមាន ដរាបនោះប្រទេសចិន នៅតែផ្តល់ជំនួយវ៉ាក់សាំង ដល់កម្ពុជារហូត ។

សរុបសេចក្តីមក ជំនួយ និងការគាំទ្ររបស់ចិន មកលើកម្ពុជាជាបន្តបន្ទាប់នេះ ពិតជាបានបង្ហាញឱ្យឃើញ កាន់តែច្បាស់ពីជម្រៅទឹកចិត្ត របស់មិត្តចិន ដែលបានគិតគូ សហការគាំទ្រដល់ប្រជាជន និងប្រទេសកម្ពុជានៅគ្រប់កាលៈទេសៈ និងគ្មានលក្ខខណ្ឌ ។ ពោលគឺប្រទេសចិនជាមិត្តល្អ ដែលចេះជួយគ្នាក្នុងគ្រាមានអាសន្ន ។ ទង្វើដ៏ល្អ ប្រកបដោយភាពទន់ភ្លន់របស់មិត្តចិននេះហើយ បានញ៉ាំង ឱ្យប្រជាជនកម្ពុជាកាន់តែស្គាល់ និងចងចាំជាប្រវត្តិសាស្ត្រ តាមរយៈការផ្ដល់វ៉ាក់សាំង ដ៏ច្រើនលើសលុបសម្រាប់ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងសម័យកាលកូវីដ១៩នេះ៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

To Top