នយោបាយ

គោលនយោបាយ ZERO COVID នាំឱ្យចិន នៅតែជាទីផ្សារ វិនិយោគ ប្រកបដោយជំនឿចិត្តខ្ពស់

ចាប់តាំងពីកំណែទម្រង់ សេដ្ឋកិច្ចចិន ឬកំណែទម្រង់ និងការបើកទូលាយ ដែលត្រូវបានទទួលស្គាល់ថា ជាការបើករបស់ប្រទេសចិន គឺជាកម្មវិធីកំណែ ទម្រង់សេដ្ឋកិច្ចដែលហៅថា «សង្គមនិយមតាមបែបផែនចិន» និង«សេដ្ឋកិច្ចទីផ្សារ សង្គមនិយម» លោក តេង ស៊ាវពីង ត្រូវបានចាត់ទុកថាជា «ស្ថាបត្យករ និង ប្រតិបត្តិករ» កំណែទម្រង់ បានចាប់ផ្តើម ផែនការ កំណែទម្រង់នេះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ ហើយក្នុងឆ្នាំ២០១០ ប្រទេសចិន បានទទួលជាប្រទេសមហាអំណាច សេដ្ឋកិច្ចទីពីរ របស់ពិភពលោកប្រកបដោយភាពនឹងនរ ។

ភាពជោគជ័យ នៃគោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសចិន និងរបៀប នៃការអនុវត្តរបស់ពួកគេ បានបណ្តាលឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេង នៅក្នុងសង្គមចិន ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ហើយកំណែ ទម្រង់ ជាបន្តបន្ទាប់ទាំងនេះ បាននាំឱ្យប្រទេសចិន មានការកើនឡើង ជាមហាអំណាចពិភពលោក និងការសម្រេចបាននូវសុបិន នៃការស្តារភាពអស្ចារ្យឡើងវិញ របស់ប្រទេសចិន ។

ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបង្កើតឲ្យមាននូវអនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និង ការអភិវឌ្ឍរួម។ ក្នុងការតទល់ជាមួយនឹងបញ្ហាប្រឈមជាសាកល ប្រទេសនានាចាំបាច់ត្រូវបង្កើនកិច្ចសន្ទនា និងការចែករំលែក ក៏ដូចជារៀន សូត្រនូវការអនុវត្តល្អៗ។ យើងគប្បីពិនិត្យមើលទៅលើចំណុចខ្លាំង របស់គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវការ អភិវឌ្ឍរួម តាមរយៈការរៀនសូត្រ ពីគ្នាទៅវិញទៅមក និងដើម្បីផ្តល់ផលប្រយោជន៍ឲ្យប្រជាជនរបស់យើង ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ យើងគួរតែអនុញ្ញាត ឲ្យប្រទេសនីមួយៗ ស្វែង រកដំណោះស្រាយ ដោយខ្លួនឯង ដែល សមស្របនឹង លក្ខខណ្ឌជាតិរបស់ពួកគេ នៅក្នុងស្មារតី នៃការស្វែងរកភាព សុខដុមរមនាខណៈដែល យើងមានភាពខុសគ្នា ។

ប្រសិនបើយើងពិនិត្យមើល ទៅលើប្រវត្តិទំនាក់ទំនងដ៏រឹងមាំរវាងចិន និងអាមេរិក យើងឃើញថា ចិនតែងខិតខំបង្កើនទំនាក់ទំនងដ៏ល្អនេះ ព្រោះចិនបានយល់យ៉ាងច្បាស់ថា ទំនាក់ទំនងនេះមិនត្រឹមតែ នឹងអាចផ្តល់ជាផលប្រយោជន៍ ឲ្យប្រទេសនិងប្រជាជនរបស់ប្រទេសទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ ដល់ពិភពលោកទាំងមូលផងដែរ ។ មានហេតុផលរាប់ពាន់ ដើម្បីធ្វើឲ្យទំនាក់ទំនង រវាងចិននិងអាមេរិក ទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយ ដែលអាចហាមឃាត់ហេតុផល ទាំងនោះបានឡើយ ។ ចាប់តាំងពីការធ្វើ ឲ្យទំនាក់ទំនងរវាងចិន និងអាមេរិក មានភាពប្រក្រតីឡើងវិញកាលពី៤៣ឆ្នាំមុន ប្រទេសទាំងពីរ បានបង្កើតឲ្យមានជាវឌ្ឍនភាព នៃទំនាក់ទំនងជាប្រវត្តិសាស្រ្តមួយ ទោះបីជាមានពេលខ្លះប្រទេសទាំងពីរមានភាពល្អក់កករក៏ដោយក្តី ដែលវឌ្ឍនភាពនេះបានផ្តល់ ជាអត្ថប្រយោជន៍ ជាក់ស្តែងដ៏ធំសម្បើម ដល់ប្រជាជនរបស់ប្រទេសទាំងពីរ។ ប៉ុន្តែ នៅពេលដែលប្រទេសទាំងពីរ ប្រឈមមុខដាក់គ្នាលើសង្គ្រាមពាណិជ្ជកម្ម ឬភូមិសាស្រ្តនយោបាយ ដែលផ្តួចផ្តើមដោយអាមេរិក បានទាញទម្លាក់ផលប្រយោជន៍របស់ពិភពលោក។
ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការការពារកម្មសិទ្ធបញ្ញាជាមួយប្រទេសនានាលើលោក ដើម្បីបង្កើតបរិយាកាសធ្វើអាជីវកម្ម ដ៏យុត្តិធម៌សម្រាប់ សហគ្រាសពិភពលោកទាំងមូល ។ ប្រទេសចិនយល់ថា អ្វីៗទាំងអស់ រស់នៅប្រកប ដោយភាពសុខដុមរមនា និងរីកចម្រើន ជាមួយនឹងការបំពាក់បំប៉ន ព្រោះប្រទេសចិនតែងរក្សា ទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈមធ្យោបាយផ្សេងៗនានា និងប្រើប្រាស់នូវ រាល់យន្តការ ជាន់ខ្ពស់ នៃកិច្ចសហប្រតិបត្តិការ ដែលទើបបង្កើតថ្មី ឲ្យបានពេញលេញនៅក្នុងកិច្ចសន្ទនាពាក់ព័ន្ធនឹងបញ្ហាការទូត និងបញ្ហាសន្តិសុខ បញ្ហាដ៏ស៊ីជម្រៅ ក្នុងវិស័យសេដ្ឋកិច្ច បញ្ហា នៃការអនុវត្តច្បាប់ បញ្ហាសន្តិសុខអ៊ិនធឺណិត និងសង្គម ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ រួមទាំងការផ្លាស់ប្តូរ វប្បធម៌ផងដែរ។ ប្រទេសចិនតែងតែពង្រីក នំខេក នៃកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែធំជាងនេះ បង្កើតជាបញ្ជីពិពណ៌នាវិស័យនានា នៅក្នុងកិច្ចសហប្រតិបត្តិការអាទិភាព ហើយខិតខំប្រឹងប្រែង សម្រេចឲ្យបាននូវលទ្ធផល ឲ្យបានកាន់តែច្រើន និងលឿនតាមដែលអាចធ្វើបាន។

ទីផ្សារចិនអាចនាំមកនូវផលកម្រៃ ជាទីគាប់ប្រសើរ ហើយក្នុងបរិបទដែលវីរុសកូវីដ១៩នៅតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ ការបណ្តាក់ទុនផ្ទាល់ ពីបរទេស នៅលើពិភពលោក នៅតែមានភាពទន់ខ្សោយ តែនៅប្រទេសចិន សហគ្រាសបរទេសបែរជានាំគ្នាបន្ថែមបណ្តាក់ទុននេះ ជាលទ្ធផល នៃការងារបង្ការ និងគ្រប់គ្រង ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ឬយើងអាចនិយាយថា ប្រទេសចិនបានអនុវត្តយ៉ាងជោគជ័យ ប្រកបដោយប្រសិទ្ធផល នៃគោល នយោបាយ Zero Covid ។ ការទប់ស្កាត់ការរីករាល នៃជំងឺ Covid-19 ជាទិសដៅនិងជាគោលដៅចាំបាច់ និងបន្ទាន់សម្រាប់ ធានាបាន នូវ សុខសុវត្ថិភាព នៃសុខុមាលភាព របស់ប្រជាជាតិចិន និយាយដោយឡែក សម្រាប់មនុស្សជាតិ និយាយរួម ហើយបើនិយាយ ចំពោះសហគ្រាសទុនបរទេស គឺផ្តោតសំខាន់ ទៅលើសក្តានុពល កំណើនជាបន្តបន្ទាប់ ក្នុងទីផ្សារធំ របស់ប្រទេសចិន ដែលជាទីផ្សារមាន សក្តានុពលដ៏ធំធេងបែបនេះ ធ្វើឱ្យទុនបរទេស ពោពេញ ទៅដោយជំនឿចិត្ត ក្នុងពេល ដែលប្រទេសចិន បានប្តេជ្ញាសម្រេចបាននូវ Zero Covid ក្នុងផ្ទៃ ប្រទេសចិន ។ សហគ្រាសថ្មី ដែលចូលក្នុង ទីផ្សារចិន រំពឹងថា នឹង ប្រកបអាជីវកម្មដោយមានភាពនឹងនរ រីឯ «មិត្តភក្តិចាស់» ដែលបានបណ្តាក់ទុន ជាច្រើនឆ្នាំនៅប្រទេសចិន បានបង្ហាញពីគោល បំណង ដែលចង់បន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ ។ អ្នកវិនិយោគបរទេស មានសុទិដ្ឋិនិយមចំពោះទីផ្សារចិន គឺនៅត្រង់ «បរិយាកាសទន់» នៃវិស័យវិនិយោគចិនមានភាព កាន់តែល្អប្រសើរជាបន្តបន្ទាប់ ។

ប្រទេសចិន បានអនុវត្តវិធានការ ជាច្រើនដើម្បីពង្រីកការបើកទូលាយ និងធ្វើឱ្យបរិយាកាសប្រកបអាជីវកម្ម មានភាពកាន់តែល្អ ក្នុងន័យធ្វើឱ្យ សហគ្រាសពហុជាតិ ដែលបណ្តាក់ទុននៅប្រទេសចិន កាន់តែទុកចិត្ត។ នាពេលកន្លងទៅថី្មៗនេះ សភាពាណិជ្ជកម្មអាល្លឺម៉ង់ នៅចិននិងទីភ្នាក់ងារ Klynveld Peat Marwick Goerdeler បានចេញផ្សាយរបាយការណ៍រួមស្ដីពីការពិនិត្យអង្កេត ជំនឿចិត្តខាងពាណិជ្ជកម្មពីឆ្នាំ២០២១-២០២២ ដោយបានបង្ហាញថា សហគ្រាសអាល្លឺម៉ង់ធ្វើអាជីវកម្មនៅចិន មានចំនួន៧១%គ្រោងនឹងបន្ថែមបណ្តាក់ទុននៅប្រទេសចិន ។

យើងបានដឹងរួចមកហើយថា សុខុមាលភាពរបស់ប្រជាជន មិនអាចផ្តាច់ចេញពីជីវភាពរស់ នៅប្រចាំថ្ងៃបាននោះទេ។ យើងត្រូវធ្វើការនេះ ឱ្យបានខ្ជាប់ខ្ជួន អស់ពេលយូរ ប្រៀបដូចជាញញួរដំដែកគោលមួយ យើងត្រូវខិតខំប្រឹងប្រែង ធ្វើការជានិច្ចកាល ដើម្បីលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន ។ យើងត្រូវអនុវត្ត នូវរាល់គោល នយោបាយ ដែលយើង បានអនុម័តម្តងមួយឆ្នាំៗ ហើយធ្វើការងារជាក់ស្តែង ក្នុងការឆ្លើយតបទៅ នឹងការទាមទារ របស់ប្រជាពលរដ្ឋ ឲ្យពួកគេមើលឃើញ ពីវឌ្ឍនភាព និងទទួលបានផលប្រយោជន៍ផងដែរ។ ក្នុងន័យនេះ គោលនយោបាយ Zero Covid កាន់តែត្រូវពង្រឹង និងពង្រីកប្រសិទ្ធភាព នូវការអនុវត្តកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលនៅក្នុងប្រទេសចិន ដែលជាទីទាក់ទាញ យ៉ាងខ្លាំងដល់ទេសចរ និងវិនិយោគិនបរទេស ក្នុងពេលដែលជនជាតិចិន នៅទូទាំងប្រទេស កំពុងចូលរួមគាំទ្រអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ Zero Covidនេះ។

ថ្លែងទៅ កាន់មហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២កន្លងមក លោក លី ខឺ ឈាង នាយករដ្ឋមន្ត្រីចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលដោយ បានគូសបញ្ជាក់ថា ល្បឿនកំណើន សេដ្ឋកិច្ចចិន ក្នុងឆ្នាំនេះដែលទទួល បានការចាប់អារម្មណ៍ ពីសំណាក់សេដ្ឋវិទូ ក្នុងពិភពលោកនោះ ត្រូវបានប្រទេសចិន កំណត់ថានឹងលើសពី៦% ។ ការប៉ាន់ប្រមាណភាគច្រើន របស់មជ្ឈដ្ឋានខាងក្រៅ ចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន គឺខ្ពស់ជាង៦% ។ ខណៈដែលប្រទេសចិន បានក្លាយទៅជាប្រទេស មហាអំណាច សេដ្ឋកិច្ចលំដាប់លេខ២នៅលើពិភពលោក ហើយខណៈដែលការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ចិន បានឈានចូលទៅក្នុងដំណាក់កាលជាប្រក្រតីថ្មី ដើម្បីរក្សាកំណើន សេដ្ឋកិច្ច ដែលមាននិរន្តរភាព និងសុខុមាលភាពល្អ ដែលពិភពលោក នឹងអាចឆ្លៀត ឱកាសទាញ យកអត្ថប្រយោជន៍ ពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»នេះ ដើម្បីបង្កើនទំនាក់ទំនងគ្នា និងការផ្លាស់ប្តូរគ្នាឆ្លងព្រំដែន ហើយបង្កើនកិច្ច សហប្រតិបត្តិការ នៅក្នុងការដោះដូរពាណិជ្ជកម្ម និងការវិនិយោគ។ អ្វីដែលចាំបាច់នោះ គឺការធ្វើឲ្យមានតុល្យភាព សេដ្ឋកិច្ចពិភពលោកឡើងវិញ ដោយជំរុញឲ្យមានតម្រូវការថ្មី និងធានាឲ្យបាននូវការផ្គត់ផ្គង់ ប្រកបដោយភាពស័ក្តិសិទ្ធិ។

ជារួម ប្រទេសចិនក្នុងនាមជាគោលដៅ បណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិន ចេញផ្សាយនាពេលថ្មីៗកន្លងមកបានបង្ហាញ ឱ្យឃើញថា នៅខែមករាឆ្នាំ២០២២នេះ ដោយមិនបូករួមទាំងវិស័យធនាគារ មូលបត្រ និងការធានារ៉ាប់រង បរិមាណដើមទុនបរទេស ដែលប្រទេសចិន ប្រើប្រាស់ដោយជាក់ស្តែងបានឡើងដល់១សែន២ពាន់២៨០លានប្រាក់យាន់ចិន បានកើនជាង១១.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ត្រូវជា១៥៨៤០លានដុល្លារអាមេរិក ។ និយាយចំពោះប្រទេសចិន តួលេខគួរឱ្យកត់សម្គាល់នេះ មិនត្រឹមតែមានន័យថា សម្រេចបាននូវកិច្ចចាប់ផ្តើម ដ៏ល្អប្រសើរក្នុងឆ្នាំនេះលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ជាងនេះទៅទៀត បានបញ្ចេញព័ត៌មានគន្លឹះមួយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺ៖អ្នកវិនិយោគទុន បរទេសនៅតែមានជំនឿចិត្ត ចំពោះទីផ្សារចិន ក្នុងនាមជាគោលដៅ បណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល។ កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសណាមួយ ឬ «កិច្ចព្រមព្រៀងស្តីពីទំនាក់ ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» បានចូលជាធរមាន តាមពេលកំណត់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ក្នុងតំបន់មុខជានឹងបង្កបង្កើតកាលានុវត្តភាព បណ្តាក់ទុកនៅប្រទេសចិន កាន់តែច្រើនឡើងៗ។ និយាយចំពោះសេដ្ឋកិច្ចសកលដែលបាននិងកំពុងងើបឡើងវិញដោយទន់ខ្សោយ នេះក៏ជាកាលានុវត្តភាពដ៏មានតម្លៃណាស់។ សម្លឹងមើលទៅអនាគត ប្រទេសចិននឹង បន្តបញ្ចេញ សក្តានុពលកំណើនកាន់តែច្រើន បន្តពង្រីកការបើកទូលាយចំពោះបរទេស និងបង្កបង្កើតបរិយាកាស ប្រកបអាជីវកម្ម ដែលប្រកប ដោយទីផ្សារភាវូបនីយកម្ម នីតិកម្ម និង សកលភាវូបនីយកម្ម ក៏ដូចជាចែករំលែកនូវផលប្រយោជន៍ អភិវឌ្ឍសេដ្ឋកិច្ច ដ៏មានគុណភាពកាន់តែច្រើន ជាមួយពិភពលោក ។ អាចប៉ាន់ប្រមាណថា នឹងមានសហគ្រាសពហុជាតិកាន់តែច្រើនឡើងៗយល់ឃើញថា ការបណ្តាក់ទុននៅចិន នឹងទទួលបានកាលានុវត្តភាព កាន់តែច្រើននិងកាន់តែធំ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top