ឆ្នាំ២០២២ ជាខួបទី៥០ឆ្នាំ នៃការរកឃើញធាតុអាតេមីស៊ីនីន ។ ៥០ឆ្នាំមុន អ្នកវិទ្យាសាស្ត្រចិន ដូចជាលោកស្រី Tu Youyou ជាដើមបានរកឃើញ ព្រមទាំងបានចម្រាញ់ ដោយជោគជ័យនូវឱសថអាតេមីស៊ីនីន ហើយបានជួយប្រទេសចិន លុបបំបាត់ជំងឺគ្រុន ចាញ់ទាំងស្រុង ។ ប្រទេសចិន បានផ្សព្វផ្សាយឱសថ ដ៏មានប្រិសទ្ធភាពនេះ ទៅកាន់ពិភពលោកទាំងមូល ។
អ្នកជំនាញបានឧទ្ទេសនាមថា ការប្រើប្រាស់ ឱសថអាតេមីស៊ីនីន ព្យាបាលជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពឆាប់រហ័ស និងមិនសូវមាន ឥទិ្ធពលអវិជ្ជមាននោះទេ ថែមទាំងមានតម្លៃថោក និងងាយស្រួលប្រើប្រាស់ ដូច្នេះ ទទួលការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិ ។ ពីអាស៊ីដល់អាហ្វ្រិក ពីអឺរ៉ុបដល់ទ្វីបអាមេរិក ឱសថនេះបានជួយសង្គ្រោះអាយុជីវិតយ៉ាងច្រើនសន្ធឹក ។ ចាប់ពីឆ្នាំ២០០០មក អង្គការសុខភាព ពិភពលោក បានចាត់ទុកឱសថអាតេមីស៊ីនីន ជាជម្រើសដំបូងបង្អស់ ក្នុងការព្យាបាល ជំងឺគ្រុនចាញ់ ។ យោងតាមស្ថិតិ មិនពេញលេញរបស់អង្គការ សុខភាពពិភពលោក បានឱ្យដឹងថា នៅលើពិភពលោក ទាំងមូល ឱសថអាតេមីស៊ីនីន បានជួយសង្គ្រោះអាយុជីវិត ចំនួនរាប់លាននាក់ ជារៀងរាល់ឆ្នាំ បានព្យាបាលអ្នកជំងឺគ្រុនចាញ់ ចំនួនរាប់ រយលាននាក់ ។ គ្រាន់តែនៅតំបន់ភាគខាងត្បូង នៃតំបន់សាហារ៉ា អាហ្វ្រិកប៉ុណ្ណោះ ក៏មានមនុស្សប្រហែលចំនួន២៤០ លាននាក់ ទទួលបានផលប្រយោជន៍ ពីវិធីព្យាបាលចម្រុះនៃឱសថអាតេមីស៊ីនីន ដូច្នេះ ជនជាតិអាហ្វ្រិក ដាក់ឈ្មោះឱសថនេះថា “ថ្នាំទិព្វមកពីតំបន់ បូព៌ាដ៏សែនឆ្ងាយ ” ។
គិតរហូតដល់ចុង ឆ្នាំ២០២១ ប្រទេសចិន បានជួយប្រទេសកំពុងអភិវឌ្ឍន៍ បណ្តុះបណ្តាលអ្នកបច្ចេកទេស សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់ចំនួន រាប់ម៉ឺននាក់ បានជួយបង្កើតមជ្ឈមណ្ឌលបង្ការ និងព្យាបាលជំងឺគ្រុនចាញ់ នៅប្រទេសចំនួន ៣០ ហើយបានចាត់បញ្ជូន អ្នកជំនាញវេជ្ជសាស្ត្រ ចំនួន២៨០០០នាក់ ទៅកាន់ប្រទេសកំពុង អភិវឌ្ឍន៍ចំនួន៧២ ។ ល ។ ឱសថអាតេមីស៊ីនីន ហាក់ដូចជាកាដូដ៏មានតម្លៃ ដែលប្រទេសចិន ជូនចំពោះពិភពលោក ប្រការនេះជាសាក្សី ដែលអាចបង្ហាញពីកាតព្វកិច្ច និងទំនួលខុសត្រូវ របស់ប្រទេសចិន ដែលបានរួមសុខរួមទុក្ខ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ច្រើនកុះករ ក៏ដូចជាជំរុញការ កសាងសហគមន៍រួមសុខភាព របស់មនុស្សជាតិផងដែរ ។
ក្រៅពីឱសថអាតេមីស៊ីនីន ប្រជាជនអាហ្វ្រិក ជាច្រើននៅចងចាំបានថា ខណៈពេលអាហ្វ្រិក រងការវាយប្រហារពីជំងឺអេបូឡា ប្រទេសជាច្រើន បានជម្លៀសខ្លួន ចេញពីតំបន់ រីករាលដាលជំងឺភ្លាម ប៉ុន្តែ ប្រទេសចិនបានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រ ទៅកាន់អាហ្វ្រិកជាបន្ទាន់ ហើយបានបញ្ជូន សម្ភារៈដែលអាហ្វ្រិកត្រូវការជាបន្ទាន់ យ៉ាងទាន់ហេតុការណ៏ ព្រមទាំងបានរួមសហការ ជាមួយប្រទេសអាហ្វ្រិក ដើម្បីធ្វើការប្រយុទ្ធប្រឆាំង ជំងឺអេបូឡារហូត ដល់ទទួលបានជោគជ័យ ។
បច្ចុប្បន្ននេះ មនុស្សជាតិ បាននិងកំពុងប្រឈម នឹងការរីករាលដាល នៃជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលមួយរយឆ្នាំកន្លងមក ។ ប្រទេសចិនបានផ្តល់ ជំនួយម្តងទៀត ទៅកាន់ពិភពលោក ដែលបានធ្វើសកម្មភាព ជួយសង្គ្រោះមនុស្សធម៌ ដោយទ្រង់ទ្រាយធំបំផុត ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិន បានផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងចំនួនរាប់សែនលាន ទៅកាន់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ហើយបានផ្តល់ វ៉ាក់សាំងចំនួន ២២០០លានដូស ដល់ប្រទេស និងអង្គការអន្តរជាតិចំនួនជាង១២០ ដើម្បីបំពេញបន្ថែម “គម្លាតនៃភាពស៊ាំនឹងរោគ” ហើយបានរួមចំណែកកម្លាំង ដ៏សំខាន់សម្រាប់ឱ្យមនុស្សជាតិយកឈ្នះ លើការរីករាលដាល នៃជំងឺឆ្លងផងដែរ ។
មិនអាចបណ្ដោយឱ្យជំងឺឆ្លងក្លាយ ជាខ្លារាំងផ្លូវនៃការអភិវឌ្ឍ មនុស្សជាតិជាដាច់ខាត ។ ចាប់ពីឱសថអាតេមីស៊ីនីន ដល់វ៉ាក់សាំងចិន វាសុទ្ធតែបានរៀបរាប់ពីរឿង ដូចគ្នាស្តីពីប្រទេសចិន ដែលរួមសហការជាមួយពិភពលោក រួមសុខរួមទុក្ខជាមួយគ្នានិងរួមគ្នាធ្វើការប្រយុទ្ធ ។ ពីព្រោះប្រទេសចិនបានដឹងច្បាស់ថា បណ្តាប្រទេសនានា មិនមែនជិះទូកចំនួនជាង១៩០គ្រឿងរៀងៗខ្លួននោះទេ តែគឺធ្វើដំណើរនៅលើនាវា យក្ស ជោគវាសនាតែមួយហ្នឹងឯង ៕