នយោបាយ

AUKUS ចាប់ផ្ដើមសាបព្រោះយុទ្ធសាស្រ្ត ប្រឆាំងចិននៅតាមដងទន្លេមេគង្គ

ភ្នំពេញ៖ នៅក្នុងភូមិសាស្រ្តនយោបាយ គេតែងតែសង្កេតឃើញក្រុមប្រទេសមហាអំណាច ដាក់ចេញនូវយុទ្ធសាស្រ្តរៀងខ្លួន ក្នុងការដណ្ដឹមយកឥទ្ធិពល និងផលប្រយោជន៍នៅក្នុងតំបន់ ក្នុងនោះរួមមានអាស៊ីផងដែរ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមប្រទេសមហាអំណាចដែលដឹកនាំ ដោយសហរដ្ឋអាមរិក បានបង្កើតនូវសម្ព័ន្ធមិត្តថ្មីមួយ ដែលមានឈ្មោះថា «AUKUS» ក្នុងនោះមានសមាជិក៣ ចូលរួម គឺ អង់គ្លេស អាមេរិកនិងអូស្ដ្រាលី។

សម្ព័នមិត្ត «AUKUS» នេះ ត្រូវបានអ្នកតាមដានភូមិសាស្រ្តនយោបាយ មើលឃើញថាបង្កើតឡើងមក ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលនៃការងើបឡើង យ៉ាងឆាប់រហ័ស នៃប្រទេសមហាអំណាចចិន នៅក្នុងតំបន់និងពិភពលោក ។

ងាកមកតំបន់អាស៊ីនេះវិញ បច្ចុប្បន្ន ប្រទេសអង់គ្លេស បាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ តាមរយៈការង្កើតនូវ មូនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ (Biodiverse Landscape Fund’s, BLF)។

មូនិធិនេះគ្របដណ្តប់គំរបទេសភាពតាមដងទន្លេមេគង្គក្រោម (ប្រទេសកម្ពុជា ឡាវ និងវៀតណាម) គឺជាប្រព័ន្ធមួយក្នុង ចំណោមប្រព័ន្ធអេកូចំនួន ៦ ដែលត្រូវបានកំណត់គោលដៅសម្រាប់ការគាំទ្រកម្មវិធី ក្នុងនោះថវិកា ប្រមាណជាង ១០០លានផោន នឹងផ្តល់ជំនួយ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន៦កន្លែង លើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជាមួយផងដែរ។

ដោយឡែកប្រទេសមហាអំណាចចិន ដែលគេបានដឹងថាជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយកម្ពុជា បានផ្តួចផ្តើមបង្កើតឡើង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៧ ក្នុងប្រទេសម៉ីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៤។ គោលដៅ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ការបង្កើតសហគមន៍មួយរួមអនាគតគ្នា ប្រកបដោយសនិ្តភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។

ថ្មីៗនេះ ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា «កម្ពុជាសូមលើកឡើងសារជាថ្មី នូវការប្ដេជ្ញាចិត្ត របស់កម្ពុជា ក្នុងការពង្រឹងយន្តការ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធ្វើអោយស៊ីជម្រៅ នូវចំណងមិត្តភាព និងការគាំទ្រទៅវិញទៅមក រវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីនៃការជំរុញ ការអភិវឌ្ឍប្រកបដោយ ចីរភាព និងការតភ្ជាប់ប្រជាជនយើងទាំងផ្នែកសង្គម និងវប្បធម៌»។

សូមបញ្ជាក់ថា មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕

To Top