នយោបាយ

ពិធីសំណេះសំណាល ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជន គណបក្សប្រជាជន ទូទាំងខេត្តកំពង់ចាម

កំពង់ចាម៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ចាមទទួលបន្ទុកយុវជន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជន គណបក្សប្រជាជនទូទាំងខេត្តកំពង់ចាម នៅសួនក្រញូង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

គណៈកម្មាធិការគណបក្សខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វត្តមានរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ គឺពិតជាបានញាំងឲ្យអង្គពិធី ប្រព្រឹត្តទៅប្រកប ដោយមហាកិត្តិយស និងមហោឡាឫក្សក្រៃលែង និងជាពិសេស គឺជាការផ្តល់នូវភាពកក់ក្តៅ និងការលើក ទឹកចិត្តដ៏មហិមា ពិសេសចំពោះបងប្អូនជាក្បាលម៉ាស៊ីន ដឹកនាំយុវជនគណបក្សទូទាំងខេត្ត ក្រុមយុវជនសកម្មបណ្តាញសង្គម របស់ក្រុមការងារយុវជនគណបក្សខេត្ត ដែលមានចំនួនសរុប ១,១៣៧ នាក់ ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ខេត្តកំពង់ចាម គឺជាខេត្តមួយដែលបានរងឥទ្ធិពល ពីវិបត្តិនៃជំងឺរាតត្បាតសកល កូវីដ-១៩ ដូចគ្នានឹងបណ្តាខេត្តដទៃទៀត ទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យខេត្តកំពង់ចាម បានឆ្លងផុតពីវិបត្តិដ៏រន្ធត់មួយនេះ តាមរយៈការដាក់ចេញនូវវិធាន ការដ៏មានប្រសិទ្ធភាព ឆ្លើយតបបានទាន់ ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កាចសាហាវមួយនេះ ពិសេសគឺការផ្តល់នូវវ៉ាក់សាំងបង្ការ ទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឲ្យមានភាពសាំបានយ៉ាងល្អនៅក្នុងសហគមន៍។ ម្យ៉ាងទៀតនៅខែមេសា កន្លងទៅនេះ កំពង់ចាមរកឃើញអ្នកឆ្លងថ្មីតែ ៤នាក់ប៉ុណ្ណោះ ពោល គឺនៅដំណាក់កាលចុងក្រោយនេះ ស្ទើរតែអាចនិយាយបានថា គ្មានអ្នកឆ្លងថ្មីតែម្តង ។ ដោយស្ថានភាពធូរស្រាលនេះ បានបើកឱកាសជូនប្រជាជន ពិសេសយុវជនបានកំសាន្ត សប្បាយដោយគ្មានការភ័យខ្លាច ជាក់ស្ដែង នៅក្នុងកំឡុងនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក កន្លងទៅថ្មីៗនេះដែរ គឺមានប្រជាជន យុវជន ចូលរួមកំសាន្តសប្បាយតាមរមណីយដ្ឋាននានា វត្តអារាម ដែលមានជាងកន្លះលាននាក់ ៕

To Top