នយោបាយ

ចិន ថ្កោលទោស អង្គការណាតូ ចំពោះគំនិតយុទ្ធសាស្ត្រ សំដៅលើចិន

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ចំពោះឯកសារគោលគំនិត យុទ្ធសាស្ត្រ ដែលបានបោះពុម្ពផ្សាយថ្មី របស់អង្គការណាតូ ដោយថាវាពោរពេញ ដោយចិត្តគំនិត សង្រ្គាមត្រជាក់ និងភាពលំអៀងមនោគមវិជ្ជា ហើយប្រកាន់ខ្ជាប់នូវទីតាំងខុស នៃការប្រឈម ជាប្រព័ន្ធ ចំពោះប្រទេសចិន ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវ បានសួរឱ្យធ្វើអត្ថាធិប្បាយ លើឯកសារនេះ ។

លោកបានប្រាប់សារព័ត៌មានថា ឯកសារនេះបំភ្លៃ ការពិត ធ្វើឱ្យខូចនយោបាយការបរទេស របស់ចិន ធ្វើការកត់សម្គាល់ ដោយគ្មានការទទួលខុសត្រូវ លើការអភិវឌ្ឍន៍យោធាធម្មតា និងគោលនយោបាយការពារជាតិ របស់ចិន លើកទឹកចិត្តដល់ការប្រឈម មុខដាក់គ្នា និងជម្លោះ ហើយពោរពេញដោយចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងការលំអៀង មនោគមវិជ្ជា។

លោក Zhao បាន លើកឡើងថា “ចិនមានការ ព្រួយបារម្ភ យ៉ាងខ្លាំង និងប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Zhao បានបន្ដថា ប្រទេសចិន តែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែក ដល់ការអភិវឌ្ឍន៍សកលលោក និងជាអ្នកថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយបន្ថែមថា ប្រទេសចិនមិន ដែលឈ្លានពានប្រទេស ណាមួយ មិនដែលធ្វើសង្គ្រាមប្រូកស៊ី ឬចូលរួម ឬបង្កើតប្លុកយោធាណាមួយឡើយ ។

លោកបាន បញ្ជាក់ថា “យើងប្តេជ្ញាចំពោះផ្លូវ នៃការអភិវឌ្ឍន៍ដោយសន្តិភាព ការលើកកម្ពស់ការកសាង សហគមន៍ជាមួយនឹង អនាគតរួមគ្នា សម្រាប់មនុស្សជាតិ និង ការជំរុញ កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយ គុណភាពខ្ពស់។ យើងបានស្នើ និងអនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល និង បានផ្តល់ទំនិញសាធារណៈមួយចំនួនធំ សម្រាប់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ រួមទាំងសន្តិភាព និងការអភិវឌ្ឍន៍” ។

លោក Zhao បានបន្ថែមថា “ប្រជាជនទូទាំងពិភពលោក ដឹងពីឱកាសដ៏អស្ចារ្យ ដែលនាំមកដោយការ អភិវឌ្ឍន៍ដោយសន្តិភាពរបស់ប្រទេសចិន។ នេះមិនមែនជាបញ្ហា ប្រឈមជាប្រព័ន្ធ ដែលបានពិពណ៌នា ដោយណាតូទេ” ដោយបន្ថែមថា NATO ខ្លួនឯងផ្ទុយទៅវិញ គឺជាបញ្ហាប្រឈមជាប្រព័ន្ធចំពោះសន្តិភាព និងស្ថិរភាពពិភពលោក។

លោកបានបន្ថែមទៀតថា NATO អះអាងថាជាអង្គការក្នុងតំបន់ និងការពារ ប៉ុន្តែតាមពិត ខ្លួនបានរំលោភលើតំបន់ និងវាល ធ្វើសង្រ្គាម ឥតឈប់ឈរ និងសម្លាប់ជនស៊ីវិល ហើយឥឡូវនេះ NATO បានពង្រីកតំបន់របស់ខ្លួន ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប៉ុនប៉ងនាំចេញចិត្តគំនិត សង្គ្រាមត្រជាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top