នៅថ្ងៃទី ១៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ ខណៈដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានទៅដល់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបញ្ចប់ ដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា អ្វីៗដែលទទួលការវិល ត្រឡប់មកវិញ របស់លោក គឺ ការនិយាយផ្គើន និងសើចចំអកពីប្រព័ន្ធសារ ព័ត៌មានសំខាន់ៗ របស់អាមេរិក ។ ទស្សនាវដ្តី 《The New Yorker》 របស់អាមេរិក បានវាយតម្លៃថា ដំណើរទស្សនកិច្ច រយៈពេល ៤ ថ្ងៃ បានរំលេចនូវការ ទទួលបរាជ័យទាំងស្រុង របស់លោក ចូ បៃដិន ក្នុងគោលនយោបាយ នៅមជ្ឈិមបូព៌ា ។
សូមបញ្ជាក់ថា បញ្ហាថាមពល គឺជាការរៀបចំចាត់ចែងដ៏សំខាន់ ក្នុងដំណើរទស្សនកិច្ចលើកនេះ ។ នៅថ្ងៃដែលលោកបាន ជិះយន្តហោះទៅដល់អ៊ីស្រាអែល ក្រសួងការងារអាមេរិក បានចេញផ្សាយសន្ទស្សន៍តម្លៃ អ្នកប្រើប្រាស់(CPI)របស់អាមេរិក នៅខែមិថុនា ឆ្នាំ២០២២ ដោយបង្ហាញថា បានកើនឡើង ៩.១ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២១ ដែលបានបំបែក កំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេលជិត ៤១ ឆ្នាំកន្លងទៅ ។ ទិន្នន័យនេះ មិនត្រឹមតែបានបណ្តាល ឱ្យអត្រាគាំទ្រ របស់លោក ចូ បៃដិនធ្លាក់ចុះយ៉ាងខ្លាំង បំផុតប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជាក់ថែមមួយ កម្រិតទៀត នូវគោលបំណង របស់លោកក្នុងដំណើរទស្សនកិច្ច លើកនេះផងដែរ ។ ដូចការវិភាគរបស់កាសែត 《The New York Times》 ដែលបានលើកឡើងថា តើត្រូវនិយាយបញ្ចុះបញ្ចូល អារ៉ាប៊ីសាអូឌីត ឱ្យបង្កើនបរិមាណផលិតប្រភព ធនធានប្រេងកាត និងឧស្ម័ន យ៉ាងដូចម្តេច គឺជាចំណុចលេចធ្លោ គួរឱ្យចាប់អារម្មណ៍បំផុត ដែលត្រូវទទួលស្គាល់ជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិ នៃដំណើរទស្សនកិច្ច របស់លោក ចូ បៃដិន នៅមជ្ឈិមបូព៌ា ។
ប៉ុន្តែ បើសិន ជាមើលសេចក្តីថ្លែងការណ៍រួម យ៉ាងល្អិតល្អន់ ដែលបានចេញផ្សាយ បន្ទាប់ពីជំនួបពិភាក្សា ការងារ រវាងលោក ចូ បៃដិន និងមេដឹកនាំ អារ៉ាប៊ីសាអូឌីត អាចឃើញថា ភាគីអារ៉ាប៊ីសាអូឌីត មិនបានសន្យាយ៉ាងជាក់លាក់ ចំពោះការបង្កើន បរិមាណផលិតប្រេងកាត យ៉ាងខ្លាំងនោះទេ ។ លោក Adel bin Ahmed Al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងថា តើអារ៉ាប៊ីសាអូឌីត នឹងបង្កើនបរិមាណផលិត ប្រេងកាតឬអត់ វាស្ថិតនៅលើបញ្ហាថា តើទីផ្សារមានកង្វះខាត ក្នុងការផ្គត់ផ្គង់ឬទេ ? ។
ព្រមពេលជាមួយគ្នានេះ អ្វីដែលហៅថា គោលដៅ របស់អាមេរិក ដែលប៉ុនប៉ងពង្រឹង ប្រព័ន្ធសម្ព័ន្ធមិត្ត នៅមជ្ឈិមបូព៌ាក៏ទទួលបរាជ័យផងដែរ ។ មុនពេលបំពេញ ទស្សនកិច្ច ប្រព័ន្ធសារព័ត៌មានអាមេរិក ធ្លាប់ទម្លាយ ឱ្យដឹងថា លោក ចូ បៃដិន នឹងបង្កើតជាសម័្ពន្ធយោធា ដែលបូករួមទាំង ប្រទេសឈូង សមុទ្រ និងអ៊ីស្រាអែល នៅឯកិច្ចប្រជុំកំពូលអំពី”សន្តិសុខនិងការអភិវឌ្ឍ” ដែលបើកធ្វើនៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត រហូតដល់ បង្កបង្កើតជា “អង្គការណាតូ នៅមជ្ឈិមបូព៌ា” ។ យ៉ាងណាមិញ លោក Mustafa Kadhemi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានអះអាងថា អ៊ីរ៉ាក់មិនធ្លាប់មាន ពីមុនហើយនៅពេលអនាគត ក៏នឹងមិនចូលរួមសម្ព័ន្ធមិត្តយោធា ក្នុងតំបន់ណាមួយនោះឡើយ ។ ប្រការនេះ អាចឃើញថា ប្រទេសមជ្ឈិមបូព៌ា បានដឹងច្បាស់ហើយថា អ្វីដែលហៅថា “អង្គការណាតូ នៅមជ្ឈិមបូព៌ា” គឺជាបក្ខពួកតូច ដែលប៉ុនប៉ង បង្កការបដិបក្ខគ្នា វានឹងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយមុខជានឹងទទួលបរាជ័យ ជាក់ជាមិនខាន ។
ចំណែកគោល បំណង របស់អាមេរិក ដែលប៉ុនប៉ង បណ្តេញចិន និងរុស្ស៊ី ឱ្យចេញពីតំបន់មជ្ឈិមបូព៌ា វាកាន់តែជាសុបិនពេលថ្ងៃ ។ តំបន់មជ្ឈិម បូព៌ាមិនមែនជា “ទីធ្លាខាងក្រោយ ” របស់អ្នកណានោះទេ ហើយសូមស្វាគមន៍ប្រទេស ទាំងអស់ ដែលបាន និងកំពុងជួយ ដល់ការអភិវឌ្ឍ របស់ប្រទេសខ្លួនដោយស្មោះត្រង់ ។ លោក Adel bin Ahmed Al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញយ៉ាងជាក់លាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ទីផ្សារថាមពលនិងជាអ្នកវិនិយោគ ដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត ។
ប្រឈម នឹងការពិតជាក់ស្តែង ប្រទេសមជ្ឈិមបូព៌ា បានដឹងច្បាស់ណាស់ថា អាមេរិកមិន ដែលយកចិត្តទុកដាក់ យ៉ាងពិតប្រាកដ ដល់ការអភិវឌ្ឍ របស់ប្រទេសមជ្ឈិមបូព៌ានោះទេ វាគ្រាន់តែចាត់ទុកមជ្ឈិមបូព៌ា ជាឧបករណ៍នយោបាយ និងកូនអុកប៉ុណ្ណោះ ពោលគឺ បើសិនជាត្រូវការ ក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល ។
ជាការពិតណាស់ មូលហេតុកាន់តែស៊ីជម្រៅគឺ ស្ថិតនៅលើនិម្មាបនកម្មពិភពលោក បាននិងកំពុងកើតមាន បម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងជាតិ របស់អាមេរិក កំពុងធ្លាក់ថមថយ ។ ដោយឡែកដំណើរ ទស្សនកិច្ចរបស់លោក ចូ បៃដិន នៅមជ្ឈិមបូព៌ា ដែលមិនទទួលបានលទ្ធផល អីសោះបានបង្ហាញ ឱ្យឃើញថា ឧបាយកល របស់អ្នកនយោបាយអាមេរិក ដែលប៉ុនប៉ងចាត់ទុកមជ្ឈិមបូព៌ា ជាកូនអុក សម្រាប់ការបដិបក្ខគ្នា ខាងភូមិសាស្ត្រនយោបាយ និងជាឧបករណ៍ សម្រាប់ឆក់យកផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន បានទទួលបរាជ័យទាំងស្រុង ៕ វិទ្យុមិត្តភាពកម្ពុជាចិន