ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា ពិភពលោកដឹង យ៉ាងច្បាស់ថា ការបង្កហេតុ របស់សហរដ្ឋអាមេរិក បាននាំឱ្យមានភាពតានតឹង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយសហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវទាំងស្រុង។
ការអត្ថាធិប្បាយរបស់លោកស្រី Hua បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានលើកឡើងថា សភាសហរដ្ឋអាមេរិក គឺជាសាខារដ្ឋាភិបាលឯករាជ្យ និង ស្មើភាព ហើយថាប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi នឹងធ្វើការសម្រេចចិត្ត ដោយខ្លួនឯងថា តើត្រូវទៅបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់ ឬយ៉ាងណា។
លោក Blinken បានលើកឡើងថា “ដូច្នេះហើយ ប្រសិនបើវាគ្មិនសម្រេច ចិត្តធ្វើទស្សនកិច្ច ហើយចិនព្យាយាមបង្កើតវិបត្តិប្រភេទខ្លះ ឬបង្កើនភាពតានតឹង នោះវានឹងកើតឡើងលើទីក្រុងប៉េកាំងទាំងស្រុង” ។
លោកស្រីបានលើកឡើងថា “ការកត់សម្គាល់របស់ Blinken ដែលហៅថា សខ្មៅ បានបង្ហាញជាថ្មីម្តងទៀត ពីចិត្តគំនិតអនុត្តរភាព និងតក្កវិជ្ជាបែបក្មេងទំនើង របស់មនុស្សមួយ ចំនួននៅសហរដ្ឋអាមេរិកដែលថា “ខ្ញុំអាចញុះញង់អ្នកតាមឆន្ទៈ ប៉ុន្តែអ្នកមិនអាចប្រឆាំងនឹងវា ឬការពារខ្លួនអ្នកបានទេ” ។
លោកស្រីបន្ដថា សភាសហរដ្ឋអាមេរិក ដែលជាផ្នែកមួយ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែអនុវត្តតាមយ៉ាងតឹងរឹង នូវគោលនយោបាយការបរទេស ដែលត្រូវបានទទួលស្គាល់ និងប្តេជ្ញាចិត្តដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក។
លោកស្រីបន្ថែមថា “ប្រធានសភាអាមេរិក គឺជាមន្ត្រីជាន់ខ្ពស់ទី៣ នៅក្នុងរដ្ឋាភិបាល សហរដ្ឋអាមេរិក ។ វាមិនមែនជាទង្វើក្រៅផ្លូវការ សម្រាប់ប្រធានសភា ដើម្បីទៅទស្សនាកោះតៃវ៉ាន់ ដោយជិះយន្តហោះយោធា អាមេរិកនោះទេ” ។
លោកស្រីបានបញ្ជាក់ទៀតថា សកម្មភាពខុស របស់អ្នកនយោបាយអាមេរិកមួយចំនួន កាលពីអតីតកាលមិនគួរបង្កើតជាគំរូនោះទេ នៅតែអាចក្លាយជាលេស សម្រាប់ភាគីអាមេរិក ក្នុងការធ្វើកំហុសរបស់ខ្លួនម្តងទៀត លើសំណួរតៃវ៉ាន់។
លោកស្រីបានបន្ថែមថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងការឯកភាពជាសកល របស់សហគមន៍អន្តរជាតិ។ “វាឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ ដែលចិនបានបង្កើតទំនាក់ទំនង ការទូតជាមួយប្រទេសចំនួន ១៨១ រួមទាំងសហរដ្ឋអាមេរិកផងដែរ” ៕
ប្រែសម្រួល ឈូក បូរ៉ា