នយោបាយ

ដើម្បីអសន្តិសុខសកល ឬ ដើម្បីសុខដុមនីយកម្ម របស់មនុស្សជាតិ

ដើម្បីរក្សាតំណែង តាមរយៈការចង់ ទទួលបានសន្លឹកឆ្នោតគាំទ្រ ក្នុងរូបភាពប្រជាភិថុត អ្នកនយោបាយ បស្ចិមប្រទេស និយាយរួម អ្នកនយោបាយ នៅអាមេរិក ដូចជាលោកស្រី Nancy Pelosi និយាយដោយឡែក ដែលបានទៅបំពេញ ទស្សនកិច្ច នៅតៃវ៉ាន់ បានព្យាយាមកែប្រែស្ថានការណ៍តៃវ៉ាន់ ពីពណ៌សទៅជាពណ៌ខ្មៅ ពីស្នាមញញឹមរបស់ប្រជាជនចិន ដែលរស់នៅតៃវ៉ាន់ ទៅជាភាពភ័យខ្លាច ពីស្ថានភាពអភិវឌ្ឍ ទៅជាស្ថានភាពអាក្រក់ និងមិននឹងនរ នៃសេដ្ឋកិច្ច របស់ខេត្តតៃវ៉ាន់ និងជាពិសេសពីសុខដុមនីយកម្ម តំបន់ទៅជាអស្ថិរភាពតំបន់ ស្របទៅនឹងការបញ្ជាក់របស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្រ្តី ការបរទេសចិនថា «នេះបានបង្ហាញម្តងទៀតថា អ្នកនយោបាយអាមេរិក មួយចំនួន បានក្លាយ ជាអ្នកបង្កបញ្ហា នៅក្នុងទំនាក់ទំនង អាមេរិក-ចិន ហើយអាមេរិកក្លាយជាប្រទេសទីមួយ ដែលអ្នកអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ពាក្យសម្តីផ្អែមល្អែម ដែលអសច្ចភាព របស់លោកស្រី Nancy Pelosi ដែលកំពុងថ្លែងនៅតៃវ៉ាន់ នឹងក្លាយជាឈ្នួនបំផ្លាញសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅតៃវ៉ាន់ ជាក់ជាមិនខាន ព្រោះពិភពលោកទាំងមូល បានដឹងច្បាស់ ដោយគ្មានការប្រែប្រួលថា មានចិនតែមួយគត់ នៅលើពិភពលោក ហើយតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋាន ដែលត្រូវបានទទួលស្គាល់ក្នុងទំនាក់ទំនងអន្តរជាតិ និង ការឯកភាពទូទៅ របស់ពិភពលោក ។ ការបង្រួបបង្រួមប្រជាជាតិចិន និងការស្តារឡើងវិញ ភាពអស្ចារ្យ នៃប្រជាជាតិចិន ជាស្មារតីរួមរបស់ប្រជាជាតិចិន ដែលមិនត្រឹមស្ថិត នៅក្នុងប្រទេសចិន ដែលរួមមានទាំង នៅក្នុង តៃវ៉ាន់ប៉ុណ្ណោះទេ ជនបរទេសដែលមានសែស្រឡាយចិន រស់នៅបរទេស ក៏បានរួមកម្លាំង ជាមួយប្រជាជនចិន នៅគ្រប់ទិសទីក្នុងពិភពលោកផងដែរ ។ ជាការពិតដែលថា ស្មារតីនេះនឹងមិនត្រូវបង្វែរ ដោយឆន្ទៈរបស់កម្លាំង អ្នកនយោបាយអាមេរិក ឬអ្នកនយោបាយ ដែលខ្វះការយល់ដឹង ពីស្ថានការណ៍ នៃទំនាក់ទំនងអន្តរជាតិនោះទេ ហើយវាក៏មិនត្រូវបានបង្វែរ ដោយការគិតចង់បាន នៃកម្លាំងបំបែកខ្លួន នៃក្រុមអ្នកនយោបាយនៅតៃវ៉ាន់ ដែលកំពុងវង្វេងប្រវត្តិសាស្រ្ត និងភ្លេចកំណើតដូនតា របស់ខ្លួនដែរ ។
កម្លាំងមហាជននៅទូទាំង ពិភពលោក បានយល់ស្របគ្នាថា មិនថា លោកស្រី Nancy Pelosi និងអ្នកនយោបាយបរទេស ដែលខ្វះវិចារណញាណ យល់ដឹង ពីប្រវត្តិសាស្រ្ត ពីការសន្យារបស់អាមេរិក ចំពោះចិន ហើយបន្តគាំទ្រ ឱ្យ តៃវ៉ាន់ផ្តាច់ចេញ ពីមាតុភូមិរបស់ខ្លួន ឬពួកអ្នកទាំងនោះព្យាយាម ប្រើប្រាស់គ្រប់វិធី ដើម្បីទប់ស្កាត់ការបង្រួបបង្រួមចិន យ៉ាងណាក៏ដោយ មនុស្សជាតិ ទាំងមូលយល់ឃើញថា ពួកអ្នកទាំងនោះនឹងគ្មានឱកាស គ្មានមធ្យោបាយណា មួយអាចបញ្ឈប់ដំណើរ ការស្មារតីនៃប្រវត្តិសាស្ត្រក្នុង ការបង្រួបបង្រួមចិនបានឡើយ ។

ដើម្បីរក្សានិងការពារការអភិវឌ្ឍប្រកប ដោយស្ថិរភាពនិងសន្តិភាព នៃទំនាក់ទំនងច្រកសមុទ្រ រវាងទាំងសងខាងនេះ ប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍទំនាក់ទំនងច្រក សមុទ្ររវាងទាំងសងខាង បានគូសបញ្ជាក់រួចមក ហើយថា ប្រជាជនចិន គឺជាអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំង បំផុតពីភាពតានតឹង និងជម្លោះនានានៅតាមច្រក សមុទ្រតៃវ៉ាន់ ហើយការអភិវឌ្ឍ សន្តិភាព និងការស្វែងរកផល ប្រយោជន៍រួមនឹងមិនត្រឹម តែផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជាតិរួមលោហិត ចិននាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងដល់ជំនាន់ក្រោយៗ នៃប្រជាជាតិចិន ទៀតផង។
ក្នុងដំណើរទស្សនកិច្ច របស់លោកស្រី Nancy Pelosi មកកាន់តៃវ៉ាន់នេះ ថ្នាក់ដឹកនាំ កងទ័ពរំដោះប្រជាជនចិន និងប្រជាជាតិចិនរស់នៅ ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បាននិងកំពុងបង្ហាញភាពអត់ធ្មត់ ប្រកបដោយភាពខន្តីក្នុងកម្រិតខ្ពស់ ដើម្បីពន្យល់បន្ថែម ដល់ពិភពលោក និងដល់អ្នកនយោបាយ វង្វេងទិសនៅតៃវ៉ាន់ឱ្យបានយល់ច្បាស់ថា បក្សកុម្មុយនិស្តចិន បានថែរក្សាយ៉ាង យកចិត្តទុកដាក់ ដល់ផ្លែផ្កានៃការអភិវឌ្ឍសន្តិភាព រក្សាគន្លង នៃការអភិវឌ្ឍដោយសន្តិភាព សម្រាប់ប្រជាជាតិចិនទាំងអស់ ។ ទាំងនេះជាការយល់ច្បាស់ថា ការណ៍ដែលអាមេរិក និងអ្នកនយោបាយប្រជាភិថុតមួយចំនួន នៅតៃវ៉ាន់មិនព្រមទទួលស្គាល់កំហុស គឺច្បាស់ណាស់ថា ពិតជាបង្កើនកំហុសបន្ថែមទៀត ដែលមនុស្សជាតិនៅលើពិភពលោក កំពុងស្អប់ខ្ពើមគំនិតរើសអើង ភាពឈឺចាប់ ភាពរងគ្រោះដែលជាផលនៃការបង្កសង្គ្រាម ដែលផ្តួចផ្តើម ដោយអាមេរិក ហើយដែលនាពេលនេះមានលោកស្រី Nancy Pelosiជាឧទាហរណ៍បញ្ជាក់ស្រាប់ ។

ដើម្បីសម្រេចបាននូវសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ចិនបានរក្សានូវការអត់ធ្មត់កម្រិតខ្ពស់ ក្នុងការចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់តំបន់ និងពិភពលោក ។ ជាការពិត ពេលនិយាយ ត្រូវគិតដល់សកម្មភាពដែលនឹងត្រូវបំពេញ ហើយពេលបំពេញ សកម្មភាពត្រូវគិត ដល់ពាក្យសម្តី ដែលបាននិយាយ ហើយយើងនាំគ្នាពិនិត្យ មើលសកម្មភាព ជាក់ស្តែង ដែលបំពេញមុននឹងជឿជាក់ លើពាក្យសម្តីដែលបាននិយាយ នោះយើងនឹងដឹងបានថាតាមរយៈដំណើរទស្សនកិច្ចប្រកបដោយចេតនាដ៏អាក្រក់ដោយលាក់លៀម ដាក់បញ្ចូលក្នុងរបៀបវារៈធ្វើដំណើរ របស់លោកស្រី Nancy Pelosi នៅតៃវ៉ាន់នឹងក្លាយជាទឡ្ហីករណ៍ បញ្ជាក់បន្ថែមកាន់តែច្បាស់ ដល់អ្នកកត់ត្រាប្រវត្តិសាស្រ្តបញ្ចូល ទិន្នន័យបន្ថែមពីទង្វើ បញ្ឆេះសង្គ្រាម សោកនាដកម្មដ៏ព្រៃផ្សៃរបស់អាមេរិក ក្រោមលេសការគាំទ្រប្រជាធិបតេយ្យ ដូចជាករណីអាហ្វហ្គានីស្ថាន លីប៊ី អ៊ីរ៉ាក់ជាសក្ខីកម្មស្រាប់ ។
ច្បាស់ណាស់ ដែលថា ភាពចម្រុងចម្រើន របស់ប្រជាជាតិចិននឹងនាំមកនូវសំណាងល្អ ដល់ជនរួមជាតិចិនទាំងអស់រួមទាំង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលភាពទន់ខ្សោយ និងភាពចលាចល គឺនាំមកនូវគ្រោះមហន្តរាយ ចំពោះជនរួមជាតិចិនតែប៉ុណ្ណោះ ។ ការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិនត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងអនាគតនិងជោគ វាសនារបស់ជនរួមជាតិចិន ទាំងអស់នៅគ្រប់ទីកន្លែង ។ មនុស្សជាតិទូទាំងពិភពលោក កំពុងប្រកៀកស្មារជាមួយចិន ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន ក្នុងការកសាង បាននូវសហគមន៍ ជោគវាសនារួមរបស់មនុស្សជាតិ ហើយសង្ឃឹមថា អ្នកនយោបាយនៅតៃវ៉ាន់ ដែលកំពុងវង្វេងប្រវត្តិសាស្រ្ត នឹងក្រឡេកមើលប្រវត្តិសាស្រ្តកាលពី១២៧ឆ្នាំមុន នៅពេលដែលកោះតៃវ៉ាន់ បានធ្លាក់ចូលក្នុងដៃ នៃកងកម្លាំងបរទេស ដែលធ្វើឲ្យប្រជាជាតិចិន ទាំងមូលមានការឈឺចាប់យ៉ាងខ្លាំង ។
ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិន ដែលមិនត្រឹមតែទទួលបាននូវការគាំទ្រ ពីប្រជាជាតិចិន គ្រប់ទិសទីប៉ុណ្ណោះទេ មនុស្សជាតិស្ទើរ ពាសពេញពិភពលោក បានកំពុងសាទរ នឹងការវិលត្រឡប់របស់តៃវ៉ាន់ មកកាន់មាតុភូមិរបស់ខ្លួនវិញ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្រេចបានក្តីសុបិន ដ៏អស្ចារ្យរបស់ចិន ដើម្បីចិន មានសមត្ថភាពទទួល បានភាពជោគជ័យបន្ថែមទៀត សម្រាប់សន្តិភាព និងការអភិវឌ្ឍ របស់ពិភពលោក និងការសម្រេចបានគោលដៅ ស្របតាមឆន្ទៈនៃការកសាង សហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ហើយក៏ជាការចូលរួមផ្តល់ ចម្លើយលើជម្រើសថា ប្រទេសណាដើម្បីអសន្តិសុខសកល ឬ ប្រទេសណាដើម្បីសុខដុមនីយកម្ម របស់មនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top