នយោបាយ

បណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសបញ្ចូល សមាជិក-សមាជិកា យុវជន គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ សាលាកំរើក

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។

១. សូមអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា បានកើនសមាជិក-សមាជិកាចំនួនជាងបីពាន់នាក់ បន្ថែមទៀត និងសូមស្វាគមន៍សមាជិក-សមាជិកាថ្មីទាំងអស់ ដែលបានសម្រេចចិត្ត ចូលមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាល ៧១ ឆ្នាំ គិតចាប់តាំងពីការចាប់កំណើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក ហើយថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់នៃមហាគ្រួសារនេះ បានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជីវិតរស់នៅដោយភាពសុខសាន្ តជូនប្រជាជនកម្ពុជា។ ដូចគ្នានេះដែរ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ បើគិតចាប់ពីថ្ងៃរំដោះ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧  មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គឺគណបក្សយើង មិនដែលបោះបង់ចោល ប្រជាជនទ្បើយ ហើយបានរស់នៅរួមសុខរួមទុក្ខ ជាមួយប្រជាជន ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា។ លើសពីនេះ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងអស់ ដោយមិនគិតអំពីការនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រជាង   ៥០០  ឆ្នាំ របស់កម្ពុជា។ ជាងនេះទៅទៀត ក្នុងរយៈពេលជាង ០២ ឆ្នាំចុងក្រោយនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃមហាគ្រួសារនេះ ក៏បានការពារ និងសង្គ្រោះជីវិតប្រជាជនខ្មែរ រាប់លាននាក់ឱ្យរួចផុតពី ជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជូនការព្យាបាល ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភ ដល់ជីវភាពរស់នៅ រហូតឈានដល់ការបើកដំណើរការ ជាប្រក្រតីទ្បើងវិញផ្នែកសេដ្ឋកិច្ច-សង្គម។

២. យើងទាំងអស់គ្នា ពិតជាមានមោទនភាព ចំពោះមហាគ្រួសារមួយនេះណាស់ ហើយនឹងបន្តរួបរួមគ្នា បំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជន តាមរយៈការធ្វើអំពីល្អ និងខិតខំប្រឹងប្រែងដុស ខាត់នូវជំនាញ និងចំណេះដឹង ដើម្បីក្លាយខ្លួនជាធនធានមនុស្ សដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមជាតិ  ធានាបាននូវការបើកឱកាសជូនដល់យុវជនយើង ពីមួយជំនាន់ទៅមួយជំនាន់  ទាំងឱកាសក្នុងការកសាងសមត្ថភាព និងការកសាងអនាគត តាមរយៈការប្រកបការងារជំនាញនានា ទាំងក្នុង និងក្រៅប្រទេស។

៣. គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព បានសេចក្តីថា ជាគណបក្សតែមួយគត់ ដែលតែងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ហើយជោគជ័យរបស់គណបក្សយើងកន្លងមកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំខាងនយោបាយ ដូច្នេះ យើងទាំងអស់គ្នាជាសមាជិក-សមាជិការបស់គណបក្ស ត្រូវបន្តការថែរក្សាប្រពៃណី ដ៏ល្អផូរផង់របស់គណបក្ស និងបន្តពង្រឹងកត្ដា សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជានិច្ចនិរន្តរ៍។  ទន្ទឹមនឹងនេះ មោទនភាពនៃភាពជោគជ័យ ដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា គ្រប់ៗអាណត្តិកន្លងមកនេះ គឺជាការផ្ដល់នូវភាពយុតិ្តធម៌ និងសច្ចធម៌ យ៉ាងពិតប្រាកដរបស់ប្រជាជន ជូនចំពោះ សម្ដេចតេជោ ដែលបាន និងកំពុងខិតខំប្រឹងប្រែងធ្វើពលិកម្ មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ ឈរលើមូលដ្ឋាននេះ ជាបេសកកម្មរួមរបស់យើងទាំងអស់គ្នា គឺយើងត្រូវបន្តការចូលរួមបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព  ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យបានគង់វង្សតរៀងទៅ។

៤. សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងារគណបក្ស ថ្នាក់កណ្តាលគ្រប់ថ្នាក់ ព្រមទាំងគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នចំណុះ ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម បម្រើប្រជាជន ដែលបុព្វហេតុដ៏ត្រឹមត្រូវ និងឥតងាករេរបស់គណបក្ស  ហើយសូមបន្តសកម្មភាព ផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងកសាងអំពើល្អជាមួយប្រជាជន ព្រោះថានេះគឺជាការតបស្នងសងគុណ ដ៏កតញ្ញូបំផុត ជូនចំពោះប្រជាជន ដែលតែងបានផ្តល់នូវការគាំទ្រ និងបានបោះឆ្នោត ជូនគណបក្សយើងគ្រប់ៗ អាណត្តិកន្លងមក៕

To Top