ក្រុមចម្រុះជាតិសាសន៍ ដែលមានប្រទេសស្ថាបនិក ចំនួន៥ រួមមានប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង តាជីគីស្ថាន បានរួមកម្លាំងគ្នា កាលពីឆ្នាំ១៩៩៦ ក្នុងការបង្កើតឡើង អង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ (SCO) គឺជាអង្គការ នយោបាយ សេដ្ឋកិច្ចនិង សន្តិសុខអឺរ៉ាស៊ី ។ ៥ឆ្នាំក្រោយ គឺនៅឆ្នាំ២០០១ អង្គការនេះបានបន្ថែមសមាជិក ១ ប្រទេសទៀត គឺប្រទេសអ៊ូសបេគីស្ថាន ហើយជារបត់ថ្មី នៃការប្រកាសជាផ្លូវការ កិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ជាផ្លូវការផងដែរ ដែលឡែកនៅឆ្នាំ២០២២ ប្រទេសអ៊ូសបេគីស្ថាន គឺជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃ លើកទី២២ ។
គួររំលឹកផងដែរថា ឆ្នាំ២០១៧ ប្រទេសឥណ្ឌា និង ប្រទេសប៉ាគីស្ថាន បានក្លាយជាសមាជិក របស់SCOនេះ ។ ឆ្នាំ២០២២ ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការក្លាយជាសមាជិក របស់SCO ។ បើនិយាយអំពី ទំហំវិសាលភាពភូមិសាស្ត្រ SCOនេះគឺជាអង្គការក្នុងតំបន់ ដែលធំជាងគេបំផុត របស់សកលលោក ដែលគ្របដណ្តប់ ប្រមាណ៦០% នៃតំបន់អឺរ៉ាស៊ី មានប្រជាជនប្រមាណជាង ៤០%ក្នុងចំណោមប្រជាជន លើសកលលោក និងមានផលិតផល ក្នុងស្រុកសរុប (GDP) ជាង៣០%នៃសកលលោក ។
ដើម្បីបន្តការគាំទ្រ ដល់គំនិតផ្តួចផ្តើមសន្តិសុខ សកល SCO នឹងរក្សាការអនុលោម ស្របទៅតាមគោលការណ៍ និងច្បាប់ ដែលបានកំណត់ នៅក្នុងការ រួមចំណែក ដល់ការ អនុវត្តយ៉ាងពេញលេញ និង ប្រកបដោយភាពស័ក្តិសិទ្ធ ។ កិច្ចខិតខំប្រឹងប្រែង របស់សមាជិក SCO នឹងក្លាយជាកម្លាំងដ៏ខ្លាំងក្លាជាសកល ទៅលើបញ្ហាសន្តិសុខ អភិបាលកិច្ច ហើយជាពិសេសសន្តិសុខ Cyber ដែលកំពុងផ្តល់នូវការបារម្ភខ្លាំង ព្រោះបច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ ដំណើរ ការជាប្រវត្តិសាស្ត្រ នៃការវិវត្តដ៏ឆាប់រហ័សមួយ ។ ពន្លឺនៃសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើន នឹងមានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីលុបបំបាត់ភាពខ្មៅងងឹត នៃសង្គ្រាម ភាពក្រីក្រ និងការថយចុះ នៃសេដ្ឋកិច្ច ។ ចលនាឆ្ពោះទៅរកពហុប៉ូល នៃពិភពលោក ការបើកចំហសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្មសេរី កំពុងអត្ថិភាពក្នុង យុគសម័យឌីជីថលនេះ ។
សកលភាវូបនីយកម្ម សេដ្ឋកិច្ច និងការឈានមក ដល់នូវយុគសម័យព័ត៌មាន វិទ្យាភាវូបនីយកម្ម សង្គមបានបង្កើតនិងជំរុញកម្លាំង ផលិតកម្មសង្គម យ៉ាងខ្លាំងក្លា ។ វាទាំងនោះបានផ្តល់ជា កាលានុវត្តភាព នៃការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក ហើយក៏បង្កើន នូវការគម្រាមកំហែង និងបញ្ហាប្រឈមថ្មីៗ ដែល SCO កំពុងប្រឈមមុខ ដោះស្រាយ ស្របពេលជាមួយគ្នាផងដែរ ។ ក្នុងន័យនេះ SCO តែងផ្តោតលើការពង្រឹង សកម្មភាពជាសកល រួមមានកិច្ចខិតខំប្រឹងប្រែង អភិបាលកិច្ចសកល សន្តិសុខសកល ដើម្បីសម្រេចឲ្យបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីដោះស្រាយនូវបញ្ហាសន្តិសុខសកល គឺជាបេសកកម្ម រួមរបស់មនុស្សជាតិ ក្នុងនាមជាប្រទេសឈានមុខ នៅក្នុងចំណោមសមាជិក ទាំង៨ នាពេលបច្ចុប្បន្ន របស់ SCO ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយគ្នា ជាពិសេសរួមកម្លាំង របស់SCO ហើយរួមចំណែក ដល់ការបង្កើតយន្តការ អភិបាលកិច្ចសកល សន្តិសុខសកល និង អភិវឌ្ឍសកល ប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការថែរក្សាសន្តិភាព និង ការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិ បែបថ្មីដែលផ្អែកលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
ជំរុញកំណើនសេដ្ឋកិច្ច បំណងរួមក្នុងការដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនានា ក៏ដូចជាទស្សនវិស័យរួម ក្នុងការអភិវឌ្ឍ ក្នុងនាមជាប្រទេស ដែលបានផ្តួចផ្តើមបង្កើត និង បង្កើនបរិមាណ សមាជិកពី៥ប្រទេស ដល់៨ប្រទេស និងកើនដល់៩ប្រទេស ក្នុងពេលឆាប់ៗនេះ ប្រទេសចិនតែងយកស្មារតី នៃភាពជាដៃគូក្នុងយន្តការពហុភាគីនិយម ដែលស្មារតី នៃភាពជាដៃគូ គឺជាគុណសម្បត្តិ ដ៏ឧត្តុងឧត្តមបំផុត របស់ប្រទេស ដែលជាសមាជិកSCO។ ថ្វីបើប្រទេស ដែលជាសមាជិកSCO អាចមានភាពខុសប្លែកគ្នា ជាច្រើននៅក្នុងលក្ខខណ្ឌជាតិ និងដំណាក់កាល នៃការអភិវឌ្ឍ ហើយថ្វីបើប្រទេស ដែលជាសមាជិក SCO អាចប្រឈមមុខ នឹងបញ្ហាប្រឈមផ្សេងៗគ្នា ក៏ដោយក្តី ក៏ចិនមានបំណងរួមក្នុងការ ។ ដរាបណា SCO នៅតែបន្តដំណើរ ឆ្ពោះទៅមុខ ប្រកបដោយ ស្មារតី នៃភាពជាដៃគូ ក្នុងការឆ្លងកាត់គ្រប់ស្ថានការណ៍ជាមួយគ្នា SCOនឹងអាចជម្នះ នូវរាល់បញ្ហាសេដ្ឋកិច្ច ពិភពលោក ហើយនិងចាប់ផ្តើមធ្វើដំណើរនៅលើវិធីដ៏ថ្មី ស្រឡាងមួយទៅកាន់កំណើនសេដ្ឋកិច្ច នាពេលអនាគត ដែលមានចិនជាគំរូភាព។
សម្រេចបាននូវគោលបំណង នៃការថែរក្សាសន្តិភាពសម្រាប់ពិភពលោក បន្តលើកកម្ពស់កិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រកបដោយសមធម៌ បរិយាប័ន ដោយជំរុញកំណើន សេដ្ឋកិច្ចពិភពលោក ការបង្កើនកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ និងការជំរុញការអភិវឌ្ឍ របស់ក្រុមប្រទេស SCO និងបណ្តាប្រទេសនានា ក្នុងពិភពលោកផងដែរពិភពលោក ក្នុងនោះចាប់ពីឆ្នាំ២០១៥ មកក្នុងនាមជាដៃគូសន្ទនា ដ៏សំខាន់មួយជាមួយSCO ប្រទេសកម្ពុជា ក៏កំពុងរំពឹង ទុកថា នៅក្នុងកិច្ចពិភាក្សា នាថ្ងៃទី១៥និងទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រទេសចិនដែលជាកម្លាំង ដ៏ធំនិងសកម្មរបស់SCO នឹងរួមសាមគ្គី ជាកម្លាំង ប្រតិបត្តិការជាក់ស្តែងដ៏ខ្លាំងក្លាឆ្លើយតប បានទៅនឹងតម្រូវការសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ដោយរួមបញ្ចូលគ្នា នូវរាល់ប្រាជ្ញា និងកិច្ចខិតខំប្រឹងប្រែងរបស់ បណ្តាប្រទេសជាសមាជិកទាំងអស់ ។
ជារួម យើងក៏ប្រាកដផងដែរថា ប្រវត្ដិសាស្ដ្រពិភពលោក បានបង្ហាញថា វិថីនៃអរិយធម៌របស់មនុស្សជាតិ មិនដែលប្រព្រឹត្តទៅដោយរលូននោះទេ ហើយថាមនុស្សជាតិបានបង្កើត នូវវឌ្ឍនភាពដ៏ល្អប្រពៃ តាមរយៈការហែលកាត់នូវការលំបាកជាច្រើន ។ យ៉ាងណាមិញ គ្មានការលំបាកណាមួយក្រៅ ពីភាពភ័យខ្លាច ដែលអាចបញ្ឈប់SCOពីការដំណើរឆ្ពោះទៅមុខនោះទេ ។
ដរាបណា SCO បានចូលរួមសហការជាមួយគ្នា ជាធ្លុងមួយក៏ដូចជាប្រកៀកស្មារ ជាមួយបណ្តាប្រទេស ដែលមានភក្តីភាព សម្រាប់ការសាងសហគមន៍ ជោគវាសនារួមមនុស្សជាតិ នោះប្រាកដណាស់ ដែលថា SCO ងើបឡើងយ៉ាងក្លាហានតទល់ ជាមួយនឹងឧបសគ្គទាំងនោះ ។
ប្រវត្តិសាស្រ្តត្រូវបានបង្កើតឡើង ដោយអ្នកដែលអង់អាចក្លាហាន ។ ចិនដែលជាសមាជិកសកម្មមួយរបស់SCOកំពុងបង្កើននូវទំនុកចិត្តបញ្ចេញសកម្មភាព និងដើរក្បួន ប្រកៀកស្មារ ជាមួយបណ្តាប្រទេសSCO រួមជាមួយប្រទេស ដែលស្នេហានិងមានភក្តីភាព ចំពោះសន្តិភាពនិងការអភិវឌ្ឍ សំដៅសម្រេច បាននូវសហគមន៍ ជោគវាសនារួមរបស់មនុស្សជាតិ នឹងបោះជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅរកអនាគតភ្លឺស្វាង សម្រាប់មនុស្សជាតិ ទាំងអស់គ្នា នៅលើពិភពលោក ។ ពិភពលោកកំពុងសម្លឹង មើលយក ចិត្តទុកដាក់ ដើម្បីទាញបាន នូវផលប្រយោជន៍ និងកាលានុវត្តភាពពីខ្លឹមសារ ជាសារវន្ត នៃប្រសាសន៍ប្រកបដោយអត្ថន័យ របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលបានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដល់កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី២២ ដើម្បីសម្រេច នូវគោលដៅក្នុងការពង្រឹង ទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អ ជំរុញកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ ព្រមទាំងការអប់រំ ថាមពល ការដឹកជញ្ជូន ទេសចរណ៍ ការការពារបរិស្ថាន និងវិស័យផ្សេងៗ ទៀត ហើយជាពិសេសបណ្តាប្រទេសនានា និងចូលរួមប្រកៀកស្មារជាមួយ SCO ក្នុងគោលបំណង ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរក្សាធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជាតិទាំងមូលផងដែរ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន