តួអង្គដ៏សំខាន់ នៅពីក្រោយការអភិវឌ្ឍ ដ៏ឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច សង្គម និង វប្បធម៌ របស់ប្រទេសចិន ក្នុងរយៈពេលមួយ ទស្សវត្សរ៍ចុងក្រោយនេះ គឺបក្សកុម្មុយនីស្តចិន ដែលកំពុងប្រាព្ធធ្វើមហាសន្និបាត ថ្នាក់ជាតិលើកទី២០ របស់ខ្លួន នៅពេលថ្មីៗនេះ ។ បើយើងប្រៀបធៀបប្រទេសចិន ទៅនឹងរាងកាយ របស់មនុស្សម្នាក់ រដ្ឋាភិបាលចិន ប្រៀបដូចជាប្រព័ន្ធសរសៃឈាម ចំណែកឯបក្សកុម្មុនីស្តចិន ប្រៀបដូចជាប្រព័ន្ធសរសៃប្រសាទ ។ ប្រព័ន្ធទាំងពីរនេះ បំពេញមុខងារផ្សេងគ្នា ប៉ុន្តែជួយគាំទ្រ បំពេញឲ្យគ្នាទៅវិញទៅមក ។ ប្រព័ន្ធខួរសរសៃប្រសាទ មានតួនាទីផ្ដល់ព័ត៌មានប្រាប់រាងកាយអំពីកិច្ចការ ដែលត្រូវអនុវត្ត ហើយប្រព័ន្ធសរសៃឈាម មានតួនាទីផ្ដល់ ជាមធ្យោបាយ ដើម្បីបង្កលទ្ធភាព ឲ្យរាងកាយអាចបំពេញមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។ ក្នុងន័យនេះ មុខងារចម្បង របស់អង្គមហាសន្និបាតបក្ស កុម្មុយនីស្តចិន គឺធ្វើការកំណត់គោលដៅ និងគោលនយោបាយ របស់ប្រទេសចិន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ។
ជាការពិត ក្រោមការដឹកនាំរបស់បក្សកុម្មុនីស្តចិន ប្រទេសចិន សម្រេចបានសមិទ្ធផល លេចធ្លោ ជាច្រើន ដោយក្នុងចំណោម សមិទ្ធផលទាំងនោះ ប្រទេសចិនសម្រេចបានដោយជោគជ័យ នូវគោលដៅទីមួយ នៃគោលដៅខួបមួយរយឆ្នាំរបស់បក្ស កុម្មុនីស្តចិន ដោយបានប្រែក្លាយ ប្រទេសចិន ទៅជាប្រទេស ដែលមានការរីកចម្រើនគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងកម្រិតមធ្យម ដោយបានលុបបំបាត់ ភាពក្រីក្រទាំងស្រុង ។ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំ របស់បក្ស កុម្មុយនីស្តចិន ប្រទេសចិនកំពុងបោះជំហាន យ៉ាងនឹងនរឆ្ពោះទៅ រកការសម្រេចគោលដៅ ទីពីរនៃគោលដៅខួបមួយ រយឆ្នាំរបស់បក្សកុម្មុយនីស្តចិន ពោលគឺប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង រឹងមាំ ដែលមានលក្ខណៈប្រជាធិបតេយ្យ មានវប្បធម៌ខ្ពង់ខ្ពស់ និងមានសុខដុម នៅត្រឹមឆ្នាំ២០៤៩ ។
ជាមួយនឹងកំណើន នៃកម្លាំងសេដ្ឋកិច្ចសង្គម របស់ខ្លួន ប្រទេសចិនបានបំពេញតួនាទី កាន់តែសំខាន់និងរួមចំណែក កាន់តែច្រើនក្នុងអភិបាល កិច្ចតំបន់និងសកល ជាពិសេស តួនាទីនិងការចូលរួមរបស់ចិន ក្នុងការកសាង និងពង្រឹងសន្តិភាព ស្ថេរភាព និង វិបុលភាពរបស់តំបន់ និងពិភពលោកទាំងមូល ។ សេចក្ដីសម្រេចនានា ដោយអង្គមហា សនិ្នបាតបក្សកុម្មុយនីស្តចិន មិនត្រឹមតែមានឥទ្ធិពល ទៅលើគោលនយោបាយ នៅក្នុងប្រទេសចិនខ្លួន ឯងតែប៉ុណ្ណោះទេ តែថែមទាំងមាន ឥទ្ធិពលទៅលើស្ថានភាព នៃទំនាក់ទំនងអន្តរជាតិ ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើពិភពលោក ទាំងមូលផងដែរ ។
ខណៈដែលពិភពលោក កំពុងជួយប្រទះបញ្ហា ប្រឈមធ្ងន់ធ្ងរជាច្រើន ដូចជាជម្លោះធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន នៅជុំវិញពិភពលោក វិបត្តិសេដ្ឋកិច្ចនិងវិបត្តិ ពាណិជ្ជកម្ម អន្តរជាតិ ជំងឺរាតត្បាតកូវីដ ១៩ បម្រែបម្រួលអាកាសធាតុ និងវិបត្តិថាមពល កែវភ្នែករបស់ឥស្សរជន នយោបាយ អ្នកជំនាញ និងអ្នកសិក្សា ស្រាវជ្រាវ នៅជុំវិញពិភពលោក កំពុងសម្លឹងមើលដំណើរការនៃមហាសន្និបាតបក្សកុម្មុយនីស្តចិន យ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតជាពិសេស ទៅលើគោលនយោបាយនិងអាទិភាពនានា ដែលនឹង ត្រូវអនុម័ត ដោយអង្គមហាសន្និបាតនេះ ។ និយាយម្យ៉ាងទៀត ពិភពលោក រំពឹងថាប្រទេសចិន ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន នឹងដាក់ចេញ នូវគំនិតផ្ដួចផ្ដើម សំណើ និងសកម្មភាពថ្មីៗ បែបស្ថាបនាបន្ថែមទៀត ដែលអាចជួយកាត់ បន្ថយភាពតានតឹងនៅលើឆាកអន្តរជាតិ និងរួមចំណែក ដល់ការកសាងនិងពង្រឹងសន្តិភាព ស្ថេរភាព និងវិបុលភាព របស់តំបន់ និងពិភពលោកទាំងមូល ប្រកបដោយប្រសិទ្ធភាព ។
នៅក្នុងសុន្ទរកថា បើកមហាសន្និបាតបក្សលើកទី២០ នេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានបង្ហាញនូវសមិទ្ធផល ដ៏លេចធ្លោដែលប្រទេសចិន សម្រេចបានក្នុងរយៈពេលមួយទស្សវត្សរ៍ កន្លងទៅ និងបានដាក់ចេញ នូវចក្ខុវិស័យសម្រាប់ប្រទេសចិន ដែលបង្ហាញទិសដៅ នៃគោលនយោបាយក្នុង ប្រទេសនិងអន្តរជាតិរបស់ប្រទេសចិនសម្រាប់ពេលអនាគត ។ លោកស៊ី ជិនពីង បានបញ្ចាក់យ៉ាងច្បាស់នូវគោលនយោបាយការបរទេសរបស់ប្រទេសចិន ដែលផ្ដោតលើ “ការពង្រឹងលើកកម្ពស់ទំនាក់ទំនង អន្តរជាតិបែបថ្មី ដោយពង្រឹងនិងពង្រីកភាពជាដៃគូសកល ដោយផ្អែកលើ សមភាព ភាពបើកចំហរ និងកិច្ចសហប្រតិបត្តិការ” ។ គាត់បានសង្កត់ធ្ងន់ថា “ប្រទេសចិនប្រឆាំង ដាច់ខាតចំពោះគ្រប់ទម្រង់ នៃអនុត្តរភាពវាតទី និយមនិងនយោបាយដែលប្រើ អំណាចបង្ខិតបង្ខំ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងស្តង់ដារទ្វេ” និងសន្យាយ៉ាងមុតមាំថា ប្រទេសចិននឹង មិនអនុវត្តគោលនយោបាយ អនុត្តរភាព និងពង្រីកវាតទីនិយមនោះឡើយ មិនថាប្រទេសចិន មានការអភិវឌ្ឍរីកចម្រើន ដល់កម្រិតណាក៏ដោយ។
និយាយម្យ៉ាងទៀត ប្រទេសចិន មិនត្រឹមតែយក ចិត្តទុកដាក់ ចំពោះការអភិវឌ្ឍ និងសន្តិសុខរបស់ខ្លួនតែប៉ុណ្ណោះទេ តែប្រទេសចិន ថែមទាំងយកចិត្តទុក ដាក់និងខិតខំ “ ពង្រឹងសន្តិភាព ពិភពលោក ជំរុញលើកកម្ពស់ ការអភិវឌ្ឍរួម និងខិតខំកសាង និងអភិវឌ្ឍសហគមន៍ មនុស្សជាតិ មួយដែលមាន អនាគតរួមគ្នា” ជាពិសេសតាមរយៈការ ដាក់ចេញនូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ សកលនិងគំនិត ផ្ដួចផ្ដើមសន្តិសុខសកល ដែលនឹងរួមចំណែកយ៉ាងសំខាន់ ដល់កំណែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលនឹងពង្រឹងការ អនុវត្តយន្តការពហុភាគីនិយមពិតប្រាកដ លើកកម្ពស់ប្រជាធិបតេយ្យ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យអភិបាលកិច្ចសកល មានយុត្តិធម៌និង សមធម៌ជាងមុន ។
ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងពីរ នេះទៅជាសកម្មភាពជាក់ស្ដែង នាពេលអនាគតដ៏ខ្លីខាងមុខនេះ ៕
អត្ថបទដោយលោក សាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវ សូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ