នយោបាយ

ប្រផ្នូលមិនល្អ សម្រាប់ គណបក្សភ្លើងទៀន ក្រោយបែកធ្លាយរូបថតជាច្រើនសន្លឹក នៅ «វត្តភ្នំសេរី» សហរដ្ឋអាមេរិក

ភ្នំពេញ៖ រូបថតជាច្រើនសន្លឹក នៃការជួបជុំគ្នា រវាងមេដឹកនាំគណបក្សភ្លើងទៀន និងក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី អេង ឆៃអ៊ាង និង មួ សុខហួ នៅក្នុងបរិវេណវត្តភ្នំសេរី របស់សង្ឃ ប៊ុត ប៊ុនតិញ ត្រូវបានទម្លាយដោយគណនីហ្វេសប៊ុក «កុមារ ពេជ្រ»។

ការបែកធ្លាយនេះ ត្រូវបានគេមើលឃើញ ជាប្រផ្នូលមិនល្អមួយ ចំពោះជោគវាសនា របស់គណបក្សភ្លើងទៀន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

សូមរំលឹកថា ថ្លែងចេញពីទឹកដីនៃខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការព្រមាន ទៅកាន់បក្សនយោបាយមួយ (មិនបញ្ចេញឈ្មោះ) ឱ្យប្រយ័ត្ន ខណៈទទួលដំណឹង ថាទទួលលុយពីក្រុមឧទ្ទាម នៅក្រៅប្រទេស។ ក្នុងនោះសម្ដេចក៏បានបង្ហើបឱ្យដឹងផងដែរថា អ្នកដែលនៅបន្តជឿ និងដើរតាមការឃោសនា របស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ជៀសមិនផុតពី ពន្ធនាគា «ព្រៃស» នោះទេ។

បើតាមគណនីហ្វេសប៊ុក «កុមារ ពេជ្រ» នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានសរសេរយ៉ាងដូច្នេះថា «វត្តភ្នំសេរី ដែលគេដឹងថា ជាទីតាំងដែលព្រះតេជគុណប៊ុត ប៊ុនតិញ ត្រូវបានគេសង្កេតឃើញថា បានក្លាយជាទីកន្លែងនៃការជួបជុំរវាង មេដឹកនាំគណបក្សភ្លើងទៀន ជាមួយ ទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាងនិង មួ សុខហួ ដើម្បីពិភាក្សាការងារនិងរៀបចំ យុទ្ធសាស្រ្ត។ កុមារពេជ្រសូមផ្តាំទៅគណបក្សភ្លើងទៀន សូមមានការប្រុងប្រយត្ឋ័ ជៀសវាងត្រូវតុលាការរំលាយទៀត ព្រោះវាខុសជាមួយច្បាប់ ស្តីពីគណបក្ស នយោបាយ។ យើងនៅមានឯកសារច្រើនទៀត ដែលមិនបញ្ចេញ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top