ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ញើលិខិតចំហរមួយ ជូន លោក គង់ គាំ អ្នកនយោបាយជើងចាស់ តែផ្លាស់ទ្រនំ ដោយចាត់ទុកកាយវិការបស់លោកព្រឹទ្ធាចារ្យ បានបង្ហាញពីភាពទទួលខុសត្រូវ ដែលបន្សល់នូវគំរូដ៏ល្អ សម្រាប់អ្នកនយោបាយជំនាន់ក្រោយ។

ការផ្ញើលិខិតចំហរនេះ ធ្វើឡើង បន្ទាប់ពីលោក គង់ គាំ បានសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សា គណបក្សភ្លើងទៀន ព្រមទាំងទទួលកំហុស និងសូមអភ័យទោសចំពោះថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង នៃលិខិតចំហរជូន លោក គង់ គាំ៖
លិខិតចំហរ ជូន លោកអ៊ំព្រឹទ្ធាចារ្យ គង់ គាំ ជាទីគោរពរាប់ស្រលាញ់ដ៏ជ្រាលជ្រៅ!
ខ្ញុំសូមគោរពកោតសរសើរនូវស្មារតីទទួលខុសត្រូវហើយបានគោរពសុំទោស និង អរគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានសុំលាឈប់ពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ដែលអ្នកផងទាំងឡាយបានដឹងថាមានអ្នកណានោះជួយខំស្រែក ដោយប្រយោលនៅពីក្រោយ។
កាយវិការបស់លោក អ៊ំព្រឺទ្ធាចារ្យបាន បង្ហាញពីភាពទទួលខុសត្រូវដែលបន្សល់នូវគំរូដ៏ល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។
ខ្ញុំ សយ សុភាព សូមគោរពកោតសរសើរដោយស្មោះចំពោះលោកអ៊ំព្រឹទ្ធាចារ្យ។
លោកអ៊ំព្រឺទ្ធាចារ្យប្រាកដជាជ្រាបហើយថាសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជាទេតែ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជារាស្ត្រខ្មែរគោរពស្រលាញ់និងចាត់ទុកជា«ឪពុករបស់ជាតិខ្មែរ»ថែមទៀត។
ប្រវត្តិសាស្ត្រកម្ពុជាមានព្រះកិត្តិនាម និងមហាកិត្តិយស២គឺ« សម្តេចព្រះបិតាជាតិ នរោមត្ត សីហនុ និង សម្តេចពុក(សម្តេចតេជោហ៊ុន សែន)»។
សូមលោកអ៊ំព្រឹទ្ធាចារ្យទទួលនូវការគោរព ស្រលាញ់ដោយស្មោះអំពីខ្ញុំ។
ពីខ្ញុំ សយ សុភាព អ្នកកាសែត។
