នយោបាយ

បទអត្ថាធិប្បាយ ៖ កម្ទេចបាឡុង របស់ចិន ស្មើនឹងបំផ្លាញ សមិទ្ធផល វិទ្យាសាស្ត្រនិងសង្គម

ដោយបន្តគំនិតហួស សម័យកាល តាមរយៈការប្រើប្រាស់ គោលការណ៍ ឯកតោភាគីនិយម អាមេរិកតែងប្រកាន់ខ្ជាប់ នូវផ្នត់គំនិតនៃល្បែង មិនអាចឈ្នះទាំងសងខាង (Zero-sum Game) ឬគំនិតអ្នកឈ្នះ ជាស្តេច(Winner-takes-all) អាមេរិកបានសម្រេចចិត្តខុសឆ្គង ជាបន្តបន្ទាប់ ហើយថ្មីៗនេះគឺ ការសម្រេចចិត្តបាញ់កម្ទេច បាឡុងស៊ីវិរបស់បចិន ដែលជាការបំពាននឹងបំណងប្រាថ្នា នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បម្រើដល់សង្គមមនុស្ស ។ ទង្វីដែលកំពុងព្យាយាម ទម្លាក់ចំណាត់ថ្នាក់ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ប្រែក្រឡាស់ស្មារតី នៃជំនួបរវាងប្រមុខ ដឹកនាំទាំងពីរ កាលពីចុងឆ្នាំ២០២២នៅប្រទេសឥណ្ឌូនេស៊ី ហើយជំនួស មកវិញនូវអរិភាព ភាពមិននឹងនរ នៃសន្តិសុខសកល បំផ្លាញផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ ចិននិងអាមេរិកនិយាយ ដោយឡែក និងបំផ្លាញផលប្រយោជន៍ របស់ពិភពលោកនិយាយរួម។

ដោយមិនអើពើនឹងច្បាប់ សណ្តាប់ធ្នាប់ និងគោលការណ៍អន្តរជាតិ រួមជាមួយនឹងទស្សនៈបំផ្លាញ សមិទ្ធផលវិទ្យាសាស្រ្ត ដែលបម្រើដល់ផលប្រយោជន៍ មនុស្សជាតិក្នុងការឆ្លើយតបនឹង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០៣០ ទើបស្ថាប័ននីតិបញ្ញត្តិ របស់អាមេរិកដែលតែងចេញនូវសេចក្តីសម្រេច ដើម្បីបញ្ឆេះនិងបង្កើនកម្តៅ កំហឹងដល់ប្រទេសចិន ជាក់ស្តែងថ្មីៗនេះ រដ្ឋសភាអាមេរិកបានអនុម័ត «សេចក្តីសម្រេចចិត្ត ស្តីពីប្រទេសចិន ប្រើបាឡុងហោះលើដែនអាកាសអាមេរិក» ដែលបង្ហាញចេតនា យ៉ាងប្រត្យក្សដោយឥតលាក់លៀម របស់អាមេរិកក្នុងការប្រឆាំង នឹងបំណងសុច្ចរិតរបស់ប្រទេសចិន ក្នុងការសិក្សាស្រាវជ្រាវពីអាកាសធាតុ បំប៉នទស្សនវិជ្ជាអរិយធម៌អេកូឡូស៊ី ដើម្បីបម្រើដល់ ផលប្រយោជន៍ស៊ីវិល បម្រើដល់ផល ប្រយោជន៍ នៃសមិទ្ធផលវិទ្យាសាស្រ្ត និងបម្រើដល់ផលប្រយោជន៍ របស់មនុស្សជាតិទាំងស្រុង ដោយឥតងាករេ ។

ដោយដើរផ្ទុយនឹងបំណងប្រាថ្នា របស់មនុស្សជាតិក្នុងការរួមកម្លាំងគ្នា កសាងសហគមន៍ជោគ វាសនារួម អាមេរិកតែងបង្កើត បង្កើន និងបង្កលេសនានា ក្នុងការគំរាមកំហែងដល់ប្រទេសដទៃ តាមរយៈការប្រើប្រាស់កម្លាំងយោធា ដែលមានបំពាក់នូវសព្វាវុធទំនើប ដោយរួមមានទាំងការបាញ់ទម្លាក់បាឡុង ស៊ីវិលគ្មានមនុស្សបើករបស់ចិន បានចូលក្នុងដែន អាកាសអាមេរិក ដោយចៃដន្យដែលបានកើតឡើង ដោយករណីប្រធានសក្តិហើយ ដែលបាឡុងស៊ីវិលរបស់ចិននេះ មិនបានក្លាយជាការគំរាមកំហែង ណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិ អាមេរិកនោះទេ។

ដោយមានប្រពៃណីឈ្លានពាន អធិបតេយ្យភាពប្រទេសដទៃ ហើយធ្វើសកម្មភាពស៊ើបការណ៍ ក្នុងទ្រង់ទ្រាយធំចំពោះប្រទេសដទៃ ឈ្លានពានប្រទេសដទៃ ដូចករណីកើតឡើងក្នុងឆ្នាំ២០០៣ បើទោះបីជាបេសកកម្មអធិការកិច្ចអន្តរជាតិដឹកនាំដោយលោកហាន ប្ល៊ីចស៍ (Hans Blix) និងលោកមហាម៉េដ អេលបារ៉ាដាយ (Mohamed ElBaradei) ត្រូវបានបញ្ចប់ ដោយបានធ្វើសេចក្តីសន្និដ្ឋានថា «គេមិនបានរកឃើញភស្តុតាង ឬតំរុយជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា អ៊ីរ៉ាក់ កំពុងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ»នោះក៏ដោយ ក៏អាមេរិកបានលើក ទ័ពចូលឈ្លានពានអ៊ីរ៉ាក់ ដោយគ្មានការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខ ហើយសង្រ្គាម ដែលអូសបន្លាយរហូតមកទល់នឹង ពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើន លើសលុបចាត់ទុកថា ជាការរំលោភច្បាប់អន្តរជាតិ និងបានចាត់ទុកការឈ្លាន ពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣នេះថាជាឧក្រិដ្ឋកម្មសង្រ្គាមថែមទៀតផង ។ ក្នុងន័យនេះ យើងនឹងដឹងថា អាមេរិក មានការបារម្មណ៍ ហួសហេតុទាក់ ទឹងនឹងបាឡុងស៊ីវិលរបស់ចិន ដែលប្រៀបបាននឹងទស្សនៈដែលតែងបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររម្លង រសាយកន្ទុយ» និង ទស្សនៈ «ស្វាស៊ីបាយយកទៅលាបមាត់ពពែ» ដែលនេះជាការលេងកលល្បិច នយោបាយប្រឆាំងនិង គំរាមដល់ ប្រទេសចិន ដែលពិភពលោកបានស្គាល់និង ដឹងច្បាសថា ប្រទេសចិន គោរពច្បាប់អន្តរជាតិ ជាប់រហូតមក ហើយប្រទេសចិនតែងគោរព អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសណាក៏ដោយ ប្រទេសចិនមានហ្សែនជាប់ ជានិច្ចមិនថាក្នុងកាលនិងលំហណា ឬក្នុងនាមជា ប្រទេសខ្លាំងប៉ុណ្ណាក៏ដោយ ក៏ប្រទេសចិនគ្មានចេតនាឬបំណងឈ្លានពានទឹកដី និងដែនអាកាសរបស់ប្រទេសណាមួយនោះឡើយ។

ដោយមិនអាចអត់ទ្រាំនឹងទង្វើ ខ្វះគុណធម៌ បំពានច្បាប់អន្តរជាតិ ជាន់ឈ្លីកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលរួមរបស់មនុស្សជាតិ ទើបប្រទេសចិនតែងប្រកាន់ តបទៅវិញដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ ក្រោមទម្រមធ្យោបាយការទូត និងយន្តការពហុភាគីនិយម ព្រមទាំង ប្រកាន់ខ្ជាប់ជា និរន្តរ៍នូវការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់ពិភពលោក។

ជារួមមនុស្សជាតិដែលមានភក្តិភាព សម្រាប់ផលប្រយោជន៍រួម សម្រាប់ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តស្តីពីអាកាសធាតុ នឹងបន្តប្រកៀកស្មារជាមួយចិន ប្រឆាំងនឹងអំពើកម្ទេចបាឡុង ស៊ីវិលរបស់ប្រទេសចិន ពីសំណាក់អាមេរិក ដើម្បីបង្កើតបរិយាកាសល្អប្រសើរឡើងវិញ នៃសន្តិសុខសកល និងសុខដុមនីយកម្មដល់មនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top