នយោបាយ

បទវិភាគ ៖ អនុត្តរភាព បែបអាមេរិក បំផ្លាញផលប្រយោជន៍ ទូទាំងពិភពលោក

កាលពីថ្ងៃទី១៩ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ឥស្សរជនប្រឆាំង សង្គ្រាមមួយចំនួន របស់សហរដ្ឋអាមេរិក បានជួបជុំដង្ហែក្បួន នៅក្រុងវ៉ាស៊ីនតោន ដើម្បីទាមទារ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់ការគាំទ្រ ខាងយោធាដល់អ៊ុយក្រែន ព្រមទាំងអំពាវនាវ ឱ្យរំសាយអង្គការណាតូ ។ ប៉ុន្តែមួយថ្ងៃក្រោយ លោក Joe Biden ប្រធានាធិបតី អាមេរិក ស្រាប់តែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដោយប្រកាសថា នឹងផ្តល់ជំនួយក្នុងតម្លៃ ៥រយលានដុល្លារ អាមេរិក ដល់អ៊ុយក្រែនទៀត ក្នុងនោះ បូករួមទាំងសព្វាវុធ ។ ប្រការនេះបានបង្ហាញ យ៉ាងច្បាស់លាស់ថា កម្លាំងញុះញង់នៅពីក្រោយ ការឡើងកម្ដៅឥតឈប់ឈរ នៃការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺសហរដ្ឋអាមេរិក ដែលជាប្រទេសធ្វើអនុត្តរភាព ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ ។

កាលពីថ្ងៃទី២០ខែកុម្ភៈ ភាគីចិន បានប្រកាសរបាយការណ៍ស្តីពី 《អនុត្តរភាពនិងអំណាច ជិះជាន់របស់សហរដ្ឋអាមេរិក និងផលប៉ះពាល់របស់វា》 ដោយបង្ហាញ ពីមុខមាត់ចំនួន ៥ នៃអនុត្តរភាពបែបអាមេរិកក្នុងវិស័យនយោបាយ យោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវប្បធម៌ តាមរយៈការរៀបរាប់ពីការពិតជាក់ស្តែង ដើម្បីលាតត្រដាងពីទង្វើអាក្រក់ របស់អាមេរិក ដែលប្រើអំណាច អនុត្តរភាពលើទូទាំងពិភពលោក ។
សូមយកអនុត្តរភាព ខាងនយោបាយ ជាឧទាហរណ៍ ។ ពីការបំផុស “បដិវត្តន៍ពណ៌”នៅអឺរ៉ុបនិងអាស៊ី ដល់ការគ្រោង “រដូវផ្ការីកអារ៉ាប់” នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង សហរដ្ឋអាមេរិក យកអ្វីដែលហៅថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីបង្កើត សណ្តាប់ធ្នាប់ របស់ប្រទេសដទៃ ទៀតនិងពិភពលោក ប៉ុន្តែផ្ទុយទៅវិញបានបណ្តាល ឱ្យមានភាពចលាចល និងគ្រោះមហន្តរាយ នៅទូទាំងពិភពលោក ក៏ដូចជា “គំរូប្រជាធិបតេយ្យ” ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ។

ស្របនឹងការអនុវត្តអនុត្តរភាព ខាងនយោបាយតែងតែ ជាមធ្យោបាយយោធា ។ របាយការណ៍សិក្សាស្រាវជ្រាវបានបង្ហាញថា ពីឆ្នាំ១៧៧៦ដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានធ្វើការជ្រៀតជ្រែក ផ្នែកយោធាចំនួន ជិត៤០០លើកនៅទូទាំងពិភពលោក ។ ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ អនុត្តរភាពយោធា របស់អាមេរិកបានបង្កជាសោកនាដកម្ម មនុស្សធម៌ដ៏ច្រើនរាប់មិនអស់ ។

ប្រសិនបើនិយាយថា អនុត្តរភាពផ្នែកនយោបាយ និងយោធាជាឧបាយកល ដាក់លើតុ នោះ អនុត្តរភាពខាងសេដ្ឋកិច្ចក៏ជាឧបាយកលលាក់មិនឱ្យឃើញដែរ ។ នៅឆ្នាំ២០២២ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានបញ្ចប់ការអនុវត្តគោលនយោបាយ រូបិយវត្ថុបែបធូររលុង បែរជាទៅអនុវត្តគោល នយោបាយ ដំឡើង អត្រាការ ប្រាក់យ៉ាងជ្រុល ហួស បណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មានភាពច្របូកច្របល់ និង រូបិយវត្ថុ នៃប្រទេសជា ច្រើនដូចជាប្រាក់អឺរ៉ូ ជាដើមធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលបានបំបែកកំណត់ត្រា ទាបបំផុត ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ ។

ក្នុងវិស័យបច្ចេកវិទ្យា និងវប្បធម៌ សហរដ្ឋអាមេរិក ក៏បានប្រើអំណាចជិះជាន់ផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីភាគីចិនបានលើកឡើង យ៉ាងច្បាស់លាស់ នៅពេលចូលរួមកិច្ចប្រជុំ សន្តិសុខក្រុង Munich ថា 《សេចក្តីព្រាងច្បាប់ ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 របស់សហរដ្ឋអាមេរិក បានរំខានយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ។ នៅចុងឆ្នាំ២០២២ លោក Elon Reeve Musk CEO នៃក្រុមហ៊ុន Twitter បានថ្លែងថា ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់ សុទ្ធតែធ្វើកិច្ច សហប្រតិបត្តិការជាមួយ រដ្ឋាភិបាលអាមេរិក ដើម្បីត្រួតពិនិត្យ ចំពោះខ្លឹមសារ ។ ដូច្នេះ អ្វីដែលហៅថា “សេរីភាពសារព័ត៌មាន”ដែលសហរដ្ឋអាមេរិក បានផ្សព្វផ្សាយនោះ គ្រាន់តែជាលេសមួយប៉ុណ្ណោះ ។

ដើម្បីអនុត្តរភាព មិន អើពើនឹងសន្តិសុខ របស់ប្រទេសដទៃទៀត រារាំងការអភិវឌ្ឍ របស់ប្រទេសផ្សេងទៀត បំផ្លាញសុខសុភមង្គល និងផលប្រយោជន៍ របស់ប្រទេសដទៃទៀត ។ល។ ទង្វើដែលបំផ្លាញផលប្រយោជន៍ របស់ប្រទេសដទៃ ដើម្បីឆក់យកផលប្រយោជន៍ ឱ្យប្រទេសខ្លួនបែបនេះ បានញ៉ាំងឱ្យសហគមន៍អន្តរជាតិ រិះគន់និងប្រឆាំងកាន់តែខ្លាំងឡើងៗ ទីចុងបំផុត មុខជានឹងបញ្ចប់អនុត្តរភាព និយមរបស់អាមេរិកជាក់ជាមិនខាន ៕

To Top