នយោបាយ

ក្រសួងយុត្តិធម៌ បញ្ជាក់ច្បាស់ពីករណី លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទា ពេញលក្ខណៈច្បាប់

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានពន្យល់បញ្ជាក់យ៉ាងច្បាស់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

តាមរយៈលិខិតផ្ញើរជូនលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បញ្ជាក់ថា ចំពោះករណី លោក រ៉ុង ឈុន បន្ទាប់ពីចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរួចមក ក្រសួងយុត្តិធម៌ពិនិត្យឃើញថាៈ១-អំពីការផ្តន្ទាទោសលើឈ្មោះ រ៉ុង ឈុន៖ ឈ្មោះ វ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៥១ ៖ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម។

២-អំពីការមាននីតិសម្បទាឡើងវិញរបស់ទណ្ឌិត៖ ផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ, ទណ្ឌិតដែល ត្រូវបានផ្តន្ទាទោស ដោយតុលាការអាចមាននីតិសម្បទាឡើងវិញតាម២ទម្រង់ ដូចខាងក្រោម៖

-ការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ៖ ផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ការផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ អាចត្រូវបានផ្ដល់ឱ្យ ឬមិនព្រមផ្តល់ឱ្យដោយសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការ នៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ហើយតាមមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, សភាព្រហ្មទណ្ឌអាចពិនិត្យនិងសម្រេចលើការស្នើសុំឱ្យមាននីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល ៣ឆ្នាំ ចំពោះបទមជ្ឈិម ហើយរយៈពេលនេះ ត្រូវចាប់ផ្ដើមគិតពីការអនុវត្តទោសរួច ។
-ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណះច្បាប់៖ ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវីធីព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃ អនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ទេ ឬក៏ផ្តន្ទាទោសពិន័យ ។

ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ៖ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល, ដូចនេះ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣បានទុកពេល៥ថ្ងៃ ឲ្យបក្សភ្លើងទៀន ដើម្បីបំពេញលក្ខខណ្ឌខ្វះខាតចំនួន៣ចំនុចក្នុងនោះ មិនទទួលយកលោក រ៉ុង ឈុន ជាបេក្ខភាព ឈរឈ្មោះបោះឆ្នោតជ្រើសសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្ដាល៕

To Top