ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី១៣ ឧសភា បានចេញ បញ្ជាឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាពីផ្នែកច្បាប់ ពាក់ព័ន្ធការអំពាវនាវ ឲ្យមានការប្រមូលកម្លាំង របស់គណបក្សភ្លើងទៀនដើម្បីតស៊ូមតិ ដោយសន្តិវិធី ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បដិសេធមិនចុះបញ្ជីឲ្យបក្សនេះ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ។
គណបក្សភ្លើងទៀន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការនាយកបក្សអំពីការដាក់ឯកសារ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ក្នុងករណី គ.ជ.ប បដិសេធមិនចុះបញ្ជីឲ្យគណបក្សនេះ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខទេ នឹងអំពាវនាវឲ្យមានការប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្ររបស់គណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី។
តាមរយៈសារសំឡេងជាបន្ទាន់ របស់សម្តេចជាង១នាទី នៅល្ងាចថ្ងៃ១៣ ឧសភា សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា «ខាងវិធានការផ្លូវច្បាប់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាជាមួយនឹងតុលាការថា ចាត់វិធានការបែបណា ក្នុងករណីយើងចាប់ខ្លួន ឬឃាត់ខ្លួនមនុស្សបែបនេះ»។
សម្តេចថា អ្វីដែលគណបក្សភ្លើងទៀនបានធ្វើនេះ គឺបានបោះមួយជំហានមកមុនគំរាមកំហែង ដល់សន្តិសុខ ស្ថេរភាពតាមរយៈការអំពាវនាវ កម្លាំងគាំទ្រចូលរួម។
ក្នុងន័យនេះ សម្តេចបានអំពាវនាវឱ្យអ្នកគាំទ្រ គណបក្សភ្លើងទៀនទាំងអស់ ស្ងប់ស្ងាត់នឹងកុំធ្វើតាមការញុះញង់ និងការអំពាវនាវរបស់បក្សនេះ៕