នយោបាយ

សម្តេចតេជោ ស្នើគណបក្សនយោបាយ អប់រំពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូ​វអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។


ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្លាញសន្លឹកឆ្នោតមិនអាចយកជាការបាន។ ទាក់ទិននឹងករណីនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម ដើម្បីឈានដល់ចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត។

យោងតាមសារសំឡេងពិសេសចេញផ្សាយនៅយប់ថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។

សម្តេចតេជោបានបញ្ជាក់ថា ៖«យើងបានរកឃើញថាការគូសរបៀបនេះគឺមិនមែនតែនៅក្នុងគណបក្សប្រជាជនទេ ក៏មាននៅគណបក្សដទៃទៀតដែរ គឺគូសដើម្បីធ្វើយ៉ាងណាឲ្យ សន្លឹក ឆ្នោតនោះមិនបានការ។ ទង្វើបែបនេះទាមទារឲ្យគ្រប់គណបក្សនយោ បាយទាំងអស់ត្រូវតែ បង្រៀនប្រជាពលរដ្ឋ សមាជិក សមាជិករបស់ខ្លួនដើម្បីបង្រៀនប្រជាពលរដ្ឋដើម្បីគូស សន្លឹក ឆ្នោតបានការ»។

សម្តេចតេជោបានឲ្យដឹងថា អ្នកដែលទៅបង្រៀនប្រជាពលរដ្ឋបានឲ្យប្រជាពលរដ្ឋគូស២ឬ៣ដងក្នុងសន្លឹកឆ្នោតគឺបង្ហាញថាគេស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រជាជនស្រឡាញ់គណបក្សប្រជាជនគូសជាច្រើនលើសន្លឹកឆ្នោតរហូតដល់ក្លាយជាសន្លឹកឆ្នោតមិនបានការ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សប្រជាជននិងថ្នាក់ដឹកនាំគណបក្សដទៃទៀតសូមបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវព្រោះនេះជាកិច្ចការដែលយើងត្រូវធ្វើរួមគ្នាដើម្បីឲ្យការបោះឆ្នោតមួយប្រកបដោយរលូនសម្រាប់ជាតិយើងជាមួយគ្នា»។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើ ការស្រាវជ្រាវរកអ្នកបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតចោលតាមប្រព័ន្ធអនឡាញ។

សម្តេចសង្កត់ធ្ងន់ថា៖«ត្រូវធ្វើការស្រាវជ្រាវជាបន្ទាន់ ថាតើអ្នកណាខ្លះប្រើប្រាស់អន ឡាញធ្វើការងារនេះ! យើងអាចនឹងមានវិធីរកឃើញចំពោះមុខសញ្ញានេះហើយអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជនត្រូវចាប់ឲ្យបានចំពោះអ្នកតាំងខ្លួនជាអ្នកណបក្សប្រជាជនហើយទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។ ការចាប់បាននេះក៏ជាកា រជួយដល់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយជួយដល់សមត្ថកិច្ចដែលទាក់ទងនិងការបោះឆ្នោត អនុវត្តឲ្យបានត្រឹមត្រូវនូវកិច្ចការដែលពួកគេត្រូវធ្វើ»។

ជាថ្មីម្តងទៀតដើម្បីទទួលបានសុច្ចរិតភាពសម្តេចតេជោ បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្សដទៃទៀតមេត្តាណែនាំប្រជាពលរដ្ឋឲ្យគូសសន្លឹក ឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការគូសសន្លឹកឆ្នោតក្លាយជាសន្លឹកឆ្នោតមិនបានការតាមរយៈថាពួកគេស្រឡាញ់គណបក្សនេះ គណបក្សនោះ ដោយត្រូវគូស២ឬ៣ដង ខណៈនៅកន្លែងខ្លះក៏ មានការបង្រៀនតម្រូវឲ្យសរសេលេខចំពោះគណបក្សដែលខ្លួនស្រឡាញ់ ដែលចំណុចនេះត្រូវ ធ្វើការរួមគ្នាដើម្បីប្រទេសជាតិរបស់យើងមានសេចក្តីសុខសាន្ត។ ក្នុងសារសំឡេងនោះដែរសម្តេចតេជោក៏បានគូសបញ្ជាក់ថា ៖«ត្រូវចាប់ជននោះឲ្យបាន ពិសេសនោះគណបក្សប្រជាជនកម្ពុជាត្រូវចាប់ឲ្យបានចំពោះជនណាដែលបន្លំខ្លួនជាមនុស្សគណបក្សប្រជាជនហើយទៅណែនាំប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស ជនទុច្ចរិតនេះមិនត្រូ វអន់ឱនជាដាច់ខាត»៕

To Top