នយោបាយ

ពេលជាប់ឆ្នោត លោក ញឹក ប៊ុនឆៃ នឹងបិទការនាំចូលបន្លែ ត្រី សាច់ មានជាតិគីមី

ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោកអះអាងថា នៅពេលគណបក្សខ្មែររួបរួមជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលដែលហៅថា រាជរដ្ឋាភិបាលរួបរួមជាតិនឹងបិទការនាំចូលបន្លែបង្ការ ត្រី សាច់ មានសារធាតុគីមីចូលស្រុក ។

តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាពេលថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានបង្ហាញក្តីសង្ឃឹមថ នៅពេលគណបក្សឈ្នះឆ្នោត ត្រូវតែរកទីផ្សារលក់ទំនិញ និងកសិផលរបស់ប្រជាកសិករខ្មែរ ។

ពាក់ព័ន្ធទៅនឹងបន្លែបង្ការវិញ លោកថា “រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សខ្មែររួបរួមជាតិ នឹងមានវិធានការណ៍ទប់ស្កាត់ និងបិទការនាំចូលចំពោះបន្លែបង្ការ ត្រី សាច់ មានសារធាតុគីមីចូលស្រុកខ្មែរ គឺយើងបិទមិនឲ្យមានដូចរាល់ថ្ងៃនេះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរបស់យើង”។

លោកបន្តថា ចំពោះគោលនយោបាយពីកសិកម្មនេះដែរ គឺលោកបានទៅដល់ប្រទេសអ៊ីស្រាអែលនិងចិនតែម្តងទៅសិក្សាផ្ទាល់ដើម្បីដកស្រងបិទពិសោធន៍ ព្រោះប្រទេសទាំង២នេះ ខាងផ្នែកសិកម្មគឺច្បាស់លាស់។

ក្នុងនាមជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បន្តអះអាងថា នៅពេលជាប់ឆ្នោតក៏នឹងបង្កើតរោងចក្រមួយ ដើម្បីបូមកាយដីពីក្នុងបាតបឹងទន្លេសាប ដោយសារតែមានការគោករាក់ ដើម្បីយកដីទាំងនោះមកច្នៃធ្វើជាជីលក់បន្ត ក្នុងគោលដៅផ្គត់ផ្គង់លើវិស័យកសិកម្ម ។

សម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ លោកបានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា នឹងឈ្នះឆ្នោត បើមិនអីចឹងទេ ក៏នឹងទទួលបានអសនៈក្នុងរដ្ឋសភាដែរ ។ ការបង្ហាញជំនឿបែបនេះ ដោយសារលោកថា នឹងមានគាំទ្រចាស់ៗចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចមកគាំទ្រគណបក្សលោក៕

To Top