ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ការជួបជុំដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនេះ ជាលើកទី៣ហើយ ដោយមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ២,០០០នាក់ រថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង បន្ទាប់មកក្បួនដង្ហែ ដែលដឹកនាំដោយ លោក ឃួង ស្រេង បានដង្ហែរ ចេញពីមុខបុរីភូមិសំរោង តាមផ្លូវជាតិលេខ៥ ទៅទិសខាងត្បូង ហើយបត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង បន្តចូលតាមផ្លូវបេតុង ក្នុងភូមិសាស្ត្រសង្កាត់ពន្សាំង បន្តមកផ្លូវមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ គោករកា ទើបឡើងមកមហាវិថីឈ្នះ ឈ្នះ បត់ស្តាំទៅ ត្រង់រហូតដល់ចំនុចស្ពានព្រែកព្នៅ បត់ឆ្វេងមកកាន់ផ្លូវជាតិលេខ៥ ហួសទីស្នាក់ការបក្សខណ្ឌព្រែកព្នៅ បត់ឆ្វេងចូលតាមផ្លូវបេតុង មកសង្កាត់ សំរោងក្រោមនិងបានរំសាយនៅផ្លូវចូលឡុងឈិន។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ កក្កដានេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ២៦,០០០នាក់ ក្នុងនោះមានរថយន្តចំនួន ១៩០គ្រឿង ម៉ូតូកង់បីចំនួន ២៨០គ្រឿង និងម៉ូតូចំនួន ១២,២០០គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ៕





