ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនេះ ជារឿងសំខាន់ មិនអាចរំលងបានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចរក្សាសុខសន្តិភាព អភិវឌ្ឍ និងរក្សាស្ថិរភាព ការងារជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ។
សំឡេង៖«ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាពការអភិវឌ្ឍនិងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករនិយោជិតមិនឱ្យបាត់បង់»។
ដូចគ្នានេះដែរ សម្ព័ន្ធសហជីពជាតិ ដែលជាសហជីពឯករាជ្យ ក៏បានចេញសេចក្តីអំពាវនាវដល់ សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ
ពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរាចរដំឡើងប្រាក់ឈ្នូលអប្បបរមាសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤ខាងមុខនេះ។
វត្តមាននៃការចូលរួមបោះឆ្នោតរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីមនសិកា ស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន សន្តិភាព និងកិត្យានុភាពជាតិ។
លោក ហង្សពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តគឺជាការអនុវត្តសិទ្ធិ ស្របតាមរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ជាតិ។
សំឡេង៖«ការចូលរួមរបស់បងប្អូនក្នុងថ្ងៃបោះឆ្នោត ក្នុងការសម្រេចជ្រើសរើសគណបក្សនាមួយ ដែលខ្លួនពេញចិត្តនោះគឺជាការប្រកាស នូវសិទ្ធិរបស់ខ្លួនឯងផ្ទាល់ក្នុងការជ្រើសរើសគណបក្សនយោបាយ ឱ្យបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់៥ឆ្នាំម្ដងដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយសេរី តម្លាភាពត្រឹមត្រូវ និងយុត្តិធម៌។ នេះជាទម្រង់លទ្ធិប្រជាធិបតេយ្យពិតៗ ហើយដើម្បីអភិវឌ្ឍន៍ជាតិ និងខ្លួនឯងជាប្រជាពលរដ្ឋគ្រប់ៗគ្នា»។
នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើព្រះរាជសារជូនជនរួមជាតិដោយទ្រង់បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ព្រះអង្គបានអំពាវនាវជាឱឡារិកជូនជនរួមជាតិអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។ ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។
ព្រះមហាក្សត្រទ្រង់បញ្ជាក់ឱ្យជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី។
សរុបសេចក្តីមក ក្នុងនាមជាពលរដ្ឋល្អរបស់ប្រទេសជាតិ យើងត្រូវទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តឱ្យបានគ្រប់ៗគ្នា ព្រោះមានតែការបោះឆ្នោតតែប៉ុណ្ណោះទើបធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )