នយោបាយ

មតិជុំវិញការបោះឆ្នោត លើកទី៧របស់កម្ពុជាអះអាងថា នឹងមានពលរដ្ឋចំនួនច្រើនទៅបោះឆ្នោត

ភ្នំពេញ ៖ មុនមួយថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧(២៣ កក្កដា) មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានធ្វើការសម្ភាសន៍ជាមួយមតិមួយចំនួនពីបុគ្គលល្បីៗ ដើម្បីបញ្ចេញមតិការយល់ឃើញរបស់ខ្លួនជុំវិញការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានេះ ។ ដោយពួកគាត់ម្នាក់ៗអះអាងស្រដៀងគ្នាថា នឹងមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងអញ្ជើញទៅការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដោយការពេញចិត្ត ។

ការបោះឆ្នោតលើកទី៧របស់កម្ពុជា ក្នុងឆ្នាំ២០២៣នេះ មាន១៨គណបក្សបានដាក់ពាក្យប្រកួតប្រជែងណ្តើមសន្លឹកឆ្នោតពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ សម្រាប់ការបោះឆ្នោតនេះ គឺជាជោគវាសនារបស់កម្ពុជាដែលស្ថិតលើការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោតចំពោះសន្លឹកឆ្នោត១សន្លឹករបស់គាត់គឺមានតម្លៃ ។

ចង់ដឹងថា តើមតិរបស់អ្នកវិភាគ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកនយោបាយមានការស្រដៀងយ៉ាងណានោះ ជាបន្តមជ្ឈមណ្ឌលព័ត៌មានសុំលើកពីប្រសាសន៍ពួកគាត់ ។ ជាដំបូងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការជឿជាក់ទុកជាមុនថា បរិយាកាសដំណើរការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងសន្តិសុខល្អ ។ ម្យ៉ាងទៀតចំពោះពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតហាក់មិនបានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាដែលអាចកើតមានឡើងជាយថាហេតុក្នុងអំឡុងពេលបោះឆ្នោតនោះទេ ។ ចំណុចនេះសបញ្ជាក់ថា ពលរដ្ឋមានការប្តេជ្ញាខ្ពស់ក្នុងការចេញទៅបោះឆ្នោត ។

រូបភាពពី៖ ហ្វេសប៊ុកលោកគិន ភា

លោកថា “ការកត់សំគាល់របស់ខ្ញុំឃើញថា គណបក្សដែលមានសិទ្ធិចូលរួមប្រកួតប្រជែង ហើយមានការទទួលស្គាល់ យើងកត់សំគាល់ឃើញថា ពួកគាត់ហាក់ដូចជាសប្បាយចិត្តក្នុងការបោះឆ្នោត ហើយម្នាក់ៗខិតប្រឹងប្រែងរៀងៗខ្លួន”។
លោកបន្តទៀតថា “ជោគជ័យរបស់អ្នកបោះឆ្នោត ជោគជ័យរបស់គណបក្សដែលចូលរួមប្រកួតប្រជែងបោះឆ្នោត គឺជាកត្តានៃការកំណត់ជោគវាសនារបស់អ្នកនយោបាយដែលមាននិន្នាការប្រឆាំង។ ល្មមឈប់ប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង ងាកមកគិតគូអំពីផលប្រយោជន៍ជាតិនិងប្រជាជនវិញអាហ្នឹងគឺជារឿងប្រសើរ” ។

ចំណែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាន់តែមានជំនឿចិត្តថា បោះឆ្នោតលើកទី៧នេះកាន់តែល្អជាងអាណត្តិទី៦ទៀត ។ ការសំអាងរបស់លោកក្នុងនាមជាអ្នករៀបចំបោះឆ្នោតនេះ ដោយសារតែមានចំនួនអ្នកសង្កេតការណ៍អន្តរជាតិកើនឡើង បើធៀបនឹងអ្នកសង្កេតការណ៍អាណត្តិមុន ហើយសមិទ្ធផលនានាដែលគ.ជ.បរៀបចំជូនឲ្យពលរដ្ឋកាន់តែមានភាពងាយស្រួលឆ្ពោះទៅរកការបោះឆ្នោតនាថ្ងៃអាទិត្យនេះ ដែលនឹងប្រព្រឹត្តទៅតាមការគ្រោងទុកជាប្រក្រតី និងរលូនល្អ ។

លោកគូសបញ្ជាក់ថា “ប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ល្អប្រសើរ ជីវភាពរស់នៅប្រព្រឹត្តទៅដោយប្រក្រតីមិនមានការគំរាមកំហែង អំពើហិង្សាឬក៏រងបំពានដោយបញ្ហាអ្វីនោះទេ ។ ចឹងអាចនិយាយបានថា ការបោះឆ្នោតនៅអាត្តិទី៧នេះ មានភាពកាន់តែល្អប្រសើរជាងអាណត្តិទី៦”។

លោក ហង្ស ពុទ្ធា បង្ហាញក្តីសង្ឃឹមថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជិត១០លាននាក់នឹងអញ្ជើញទៅបោះឆ្នោតយ៉ាងហោចណាស់ក៏៨០%ដែរ ។ ចំពោះ២០%ទៀតលោកអះអាងថា ដោយសារដូចរាល់អាណត្តិ គឺពលរដ្ឋរស់នៅក្រៅប្រទេសមិនអាចមកចូលរួមបឆ្នោតបាន ។

រូបភាពពី៖ ហ្វេសប៊ុកគ.ជ.ប

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចនៅតែបង្ហាញជំនឿមិនខុសពីសម្តេចតេជោហ៊ុន សែន ដែលជាប្រធានបក្សថា នឹងមានពលរដ្ឋទៅបោះឆ្នោតច្រើនដូចៗរាល់អាណត្តិប្រមាណជា១១លើកមកនេះ ទោះបីជាក្រុមប្រឆាំងនៅក្រៅប្រទេសដឹកនាំដោយលោក សម រង្ស៊ីបន្តយុទ្ធនាការគូសបំផ្លាញសន្លឹកចោលក៏ដោយ ។

លោកបន្តថា “ខ្ញុំមានជំនឿងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋអត់មានការសង្ស័យអ្វីឡើយក្នុងការអញ្ជើញ ទៅការិយាល័យបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ដូចកាលពីឆ្នាំ២០១៨ដែរ ទោះបីមានឧបាយកលទុច្ចរិតមករារាំងជាឧបសគ្គយ៉ាងណាក៏ដោយ ក៏បងប្អូននឹងភ្ញាក់រលឹកទៅឈរតម្រង់ជួរនៅមុខការិយាល័យនីមួយៗ នៅទូទាំងប្រទេសដែលមានជាង២ម៉ឺនការិយាល័យបោះឆ្នោត” ។

រូបភាព៖ ដើមអម្ពិល

មួយទៀត ពាក់ព័ន្ធទៅនឹងគណបក្សភ្លើងទៀនដែលគ្មានវាសនាចូលរួមបោះឆ្នោតជាមួយបក្សទាំង១៨នោះ លោកថា មេដឹកនាំបក្សនេះ កំពុងតែបង្កើនសកម្មភាពខុសច្បាប់ក្នុងគោលបំណងឌឺដងនានាដើម្បីកឲ្យសមត្ថកិច្ចចាប់ខ្លួន ហើយបំប៉ោងបំផ្លើសមកចោទប្រកាន់គណបក្សកាន់អំណាច គាបសង្កត់៕

To Top