ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានាពេលអនាគត?
លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន និងសូមសម្តែងការអបអរសាទរជាមុនចំពោះទេសកម្ពុជាឱ្យបង្កើតរដ្ឋសភានិងរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន ជឿជាក់ថា នៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។
លោកស្រី Mao Ning បានថ្លែងបន្តថា ឆ្នាំនេះគឺជាខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា” ប្រទេសចិនរីករាយរួមជាមួយប្រទេសកម្ពុជាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តវេនមិត្តភាពល្អពីមួយជំនាន់ទៅមួយជំនាន់ ពន្លឿនការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ៕ វិទ្យុមិត្តភាពកម្ពុជាចិន