ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនូវអនុសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានជំរុញ ឲ្យគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ បន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោត នៅពេលក្រោយៗទៀតទទួលបានជោគជ័យ ខណៈការបោះឆ្នោ នៅឆ្នាំ២០២៣នេះ ទទួលបាននូវភាពជោគជ័យរួចហើយក៏ដោយ។
នេះបើយោងតាម ការលើកឡើង របស់លោកមាន ចាន់យ៉ាដា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កម្លាំងមានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយទាំងអស់។
កម្មវិធីនេះ ក៏បានពិភាក្សារួមលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, ការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ជាមួយនិងការចែកជូនប័ណ្ណសរសើរផងដែរ។
លោក មាន ចាន់យ៉ាដា បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះគណៈកម្មកម្មការជាតិ រៀបចំការបោះឆ្នោត ក្រោមការសហការ ជាមួយនឹងអាជ្ញាធរកម្លាំងមានសមត្ថកិច្ច ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយនានា យើងទទួលបាននូវភាពជោគជ័យ បើទោះបីមានការញុះញង់ ពីគណបក្សប្រឆាំងយ៉ាងណាក្តី ។ ការបោះឆ្នោតនេះដែរ យើងក៏ទទួលបាន ពីការទទួលស្គាល់ ពីបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក , ការទទួលស្គាល់ពីគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត ,ការទទួលស្គាល់ពីអង្គការសង្គមនានាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជាមានភាពត្រឹមត្រូវ សេរី គោរពសិទ្ធិមនុស្ស។
ក្នុងឱកាសនោះដែរ លោក មាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំ ឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ត្រូវបន្តការពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងអង្គការក្រៅរដ្ឋាភិបាល , ជំរុញការលើកទឹកចិត្ត គណបក្សនយោបាយ វិស័យឯកជន អ្នកព័ត៌មាន (ដោយអនុវត្តតាមគោលការណ៍ច្បាប់)។ បន្តការជំរុញអប់រំផ្សព្វផ្សាយ ពីការបោះឆ្នោត បន្តការគាំទ្រទាំងស្មារតី និងសម្ភារៈដល់សង្កាត់ទាំង១០៥ ដើម្បីឲ្យការអនុវត្តការងារ កាន់តែល្អប្រសើរថែមទៀត។ បង្កើននូវវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ចំពោះមន្ត្រីបោះឆ្នោតសំដៅធ្វើយ៉ាងណា ឱ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ៕