នយោបាយ

រាជរដ្ឋាភិបាល ត្រៀមទទួលយកបក្ស៣០ ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនទទួលយកគណបក្សនយោបាយនានា ចំនួន៣០ ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

តាមរយៈសំឡេង នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមខ្ញុំដឹងពីខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ត្រៀមទទួលយកនូវដៃគូទាំងអស់ ដែលចង់រួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ចសហប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ»។

សម្តេចប្រធានគណបក្សបន្ដថា សម្តេច ក៏បានឲ្យមន្ត្រីបក្សប្រជាជនកម្ពុជា ត្រៀមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ ដែលនឹងចងសម្ព័ន្ធភាពជាមួយបក្សប្រជាជន ហើយសម្តេច នឹងជួបថ្នាក់ដឹកនាំបក្សសម្ព័ន្ធភាពនាពេលខាងមុខ ដើម្បីពិភាក្សាលើពង្រាងខ្លឹមសារ និងឈានទៅដល់ការចុះកិច្ចព្រមព្រៀង៕

To Top