នយោបាយ

សម្ដេចធិបតី នឹងប្រកាសគោលនយោបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅថ្ងៃ១៤ វិច្ឆិកា

រូបភាពពី៖​ ម៉ៅ ដារ៉ាត

កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាព្រឹកថ្ងៃ២ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះមានចំនួន១លាន៥សែននាក់។

សម្ដេចមានប្រសាសន៍ថា «យើងត្រៀមអស់ហើយ យើងបានកំពុងបណ្ដុះបណ្ដាលគ្រូជិតចប់ហើយ វិក្រឹត្យការ ប្រព័ន្ធវិក្រឹត្យការបន្ថែម យើងរៀបចំផែនការ យើងមិនមែនទើបប្រកាសថ្ងៃនេះ ហើយឲ្យចេញនោះទេ យើងបានរៀបចំហើយ ថ្ងៃទី១៤ (១៤វិច្ឆិកា) នៅសល់ប្រហែលជា ១០ថ្ងៃទៀត ខ្ញុំត្រូវទៅប្រកាសចេញជាផ្លូវការតែម្ដង ។ ឥឡូវត្រៀមលក្ខណៈដល់ពេលខ្ញុំប្រកាស គឺចាប់ផ្ដើមចេញដំណើរតែម្ដង ។ បានន័យថា ត្រៀមទាំងគ្រូ ត្រៀមទាំងប្រព័ន្ធការងារ យើងធ្វើជាជំហានៗ»។

សម្ដេចបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញច្បាស់លាស់ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល មិនចេះតែនឹកឃើញ និងឆក់កណ្ដៀតដូចអ្នកអង្គុយចាំរិះគន់នោះទេ។ សម្ដេចបន្ថែមថា ប្រជាពលរដ្ឋ គឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យប្រជាពលរដ្ឋរីកចម្រើន និងមានបានកាន់តែច្រើន៕

To Top