ភ្នំពេញ ៖ លោក រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សាម្នាក់របស់ក្រុមប្រឆាំង ហើយបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លៀងទៀន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសដើរចេញពីគណបក្សភ្លើងទៀនហើយ ទៅរួមរស់ជាមួយ«គណបក្សកម្លាំងជាតិ»ដែលទើបនឹងបង្កើតថ្មី។

ការប្រកាសដើរចេញពីគណបក្សភ្លើងទៀននេះ ត្រូវបានលោក រ៉ុង ឈុន បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយលោកបានធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររបស់លោកអមដោយ លោក ជា មុនី ជាអតីតមេសហជីពមួយរូបផងដែរ ។ លោកបានបញ្ជាក់ពីមូលនៃលាឈប់ពីបក្សភ្លើងទៀនថា ដោយសារគណបក្សភ្លើងទៀន ដែលជាមូលដ្ឋានអ្នកប្រជាធិបតេយ្យ មិនអាចចូលរួម ការបោះឆ្នោតនានា នៅពេលខាងមុខ តទៅទៀតបានទេ ដូច្នេះ ដើម្បីបន្តចរន្តនយោបាយ និងគោលជំហរដើមរបស់គណបក្សភ្លើងទៀន ព្រមទាំងបង្កើនកម្លាំងនយោបាយប្រជាធិបតេយ្យឲ្យកាន់តែរីកធំធាត់ជាបន្តបន្ទាប់ ឈានទៅដឹកនាំប្រទេស ដោយការប្រកួតប្រជែងតាមរយៈ ការបោះឆ្នោតនៅពេលខាងមុខ គឺលោកប្រកាសចូលរួម ជាមួយ គណបកម្លាំងជាតិ ចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃ៩ វិច្ឆិកា នេះតទៅ។

លោកអះអាងថា «មានតែ គណបក្សកម្លាំងជាតិ មួយគត់ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រម ទាំងគោលដៅ មានភាពច្បាស់លាស់ ជាអ្នកបន្ត និងរក្សាបាននូវស្មារតីដើមរបស់ គណបក្សភ្លើងទៀន ដោយ ពិតប្រាកដ និងឥតងាករេ»៕
