ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានថ្លែងថា គណបក្សនយោបាយ គឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកសុខសន្តិភាពជូនពលរដ្ឋ។
ក្នុងឱកាសរៀបចំពិធីលៀងសាយភោជន៍ ជូន លោក ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធានសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេច ឃួន សុដារី បានឲ្យដឹងថា ក្នុងស្ថានការណ៍ពិភពលោក ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ មានហានិភ័យខ្ពស់ពីការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយធ្វើឲ្យផ្ទុះឡើងនូវជម្លោះ និងសង្រ្គាម ព្រមទំាងការគំរាមកំហែងផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺឆ្លង និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាដើមនោះ ទាមទារឲ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ គ្រប់រូបភាព ជាការចំាបាច់នៅក្នុងការកសាង ធានាឱ្យបានសុខសន្តិភាព ជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។
សម្តេចបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់ ICAPP ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងតួនាទីគណបក្សនយោបាយ ក្នុងការនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ជុង អ៊ីយ៉ុង មានជំនឿមុតមាំថា ក្រោមការដឹកនាំ របស់ សម្តេចប្រធានរដ្ឋសភា និងការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី ដែលពោរពេញដោយ សមត្ថភាព ភាពស្វាហាប់នោះ កម្ពុជានឹងមានការរីកចម្រើនកាន់តែឆាប់រហ័ស ហើយកិត្យានុភាពកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយឡើងនៅលើឆាកអន្តរជាតិ៕