ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា «
គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន»។
សេចក្ដីថ្លែងការណ៍បញ្ជាក់បន្ថែមថា«គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
សូមរំលឹកថា សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីកោះតៃវ៉ាន់កាលពីថ្ងៃ១៣ មករា បានរៀបចំការបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មី។ ជាលទ្ធផលគឺលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាមនុស្សម្នាក់ប្រឆាំងចិន បានជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ថ្មីអាណត្តិទី៣ ជំនួសលោកស្រី Tsai Ing-wen ដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ ពីការស្វែងរកការកាន់អំណាចនៅអាណត្តិទី៣ បន្តទៀត៕