នយោបាយ

អត្ថាធិប្បាយ​ ៖ ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិន រួមចំណែកដល់ការស្តារ ឡើងវិញ នៃសេដ្ឋកិច្ចសកល

គោលគំនិត នៃ “ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់” ត្រូវបានរំលេចឡើង ជាលើកដំបូង ក្នុងសុន្ទរកថា របស់លោកប្រធាន ស៊ី ថ្លែងក្នុងពិធី បើកសមាជជាតិ លើកទី១៩ នៃគណបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះ លោកបានលើកឡើងថា សេដ្ឋកិច្ច របស់ចិនបាន និងកំពុងផ្លាស់ប្តូរពីដំណាក់កាល នៃកំណើនយ៉ាងឆាប់រហ័ស ឆ្ពោះទៅរកដំណាក់កាលនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”។

តាមទស្សនៈរបស់លោក ស៊ី ជីនពីង “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅទៅលើការផ្លាស់ប្តូរពីការអភិវឌ្ឍ ដែលផ្តោតលើបរិមាណ និងអត្រាកំណើន ទៅជាការអភិវឌ្ឍ ដែលផ្តោតលើគុណភាព និងប្រសិទ្ធភាពជាចម្បង ឬអាចនិយាយម្យ៉ាងទៀតថា ជាគំរូនៃការអភិវឌ្ឍថ្មីមួយ ដែលឆ្លុះបញ្ចាំង អំពីការអភិវឌ្ឍ ដោយផ្តោតលើ នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំដៅបំពេញបំណងប្រាថ្នា របស់ប្រជាជនចិន ឱ្យទទួលបានជីវិត កាន់តែប្រសើរឡើង និងរុញច្រានប្រទេសចិនឱ្យឆ្ពោះទៅរកប្រទេសសង្គម និយមជឿនលឿនលើគ្រប់វិស័យ នៅឆ្នាំ២០៤៩ ។

ចាប់តាំងពីលោក ស៊ី ជីនពីង បានលើកឡើងពីគោលគំនិត នៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ជាលើកដំបូងមក រដ្ឋាភិបាលចិន បានដាក់ចេញគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើន ដែលក្នុងនោះរួមមានការជំរុញ ការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការពង្រឹងសមត្ថភាពផ្នែកនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធ ឧស្សាហកម្មទំនើប ការអភិវឌ្ឍបៃតង និងកំណែទម្រង់ រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ដែលនាំសេដ្ឋកិច្ចចិន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពោលគឺមានប្រសិទ្ធភាព និរន្តរភាព និងភាពធន់ជាងមុន ។
យោងតាមរបាយការណ៍ របស់ការិយាល័យជាតិស្ថិតិចិន ផលិតផលក្នុងស្រុកសរុបរបស់ចិន (ផសស) ក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ ៥,២% ស្មើនឹង ១២៦,០៦ ទ្រីលានយ័ន (ប្រមាណ ១៧,៧ ទ្រីលានដុល្លារអាមេរិក) ហើយបានរួមចំណែកដល់កំណើន ផសសរបស់ពិភពលោកប្រមាណ ៣០% ដែលធ្វើឱ្យសេដ្ឋកិច្ចចិន ក្លាយទៅ ជាក្បាលម៉ាស៊ីន រុញច្រានសេដ្ឋកិច្ចពិភពលោក ដ៏រឹងមាំជាងគេបំផុត ។

ប្រទេសចិន បានចាត់ទុកការ អភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ច ឱ្យឈានដល់កម្រិតគុណភាពខ្ពស់ ហើយបាន និងកំពុងអភិវឌ្ឍយ៉ាងសកម្ម នូវបញ្ញាសិប្បនិមិត្ត ព័ត៌មាន Quantum និងឧស្សាហកម្មដែលមានបច្ចេកវិទ្យា ទំនើបជាច្រើន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ចិន C919 បានដាក់ឱ្យដំណើរ ការអាជីវកម្មជាផ្លូវការ ខណៈកប៉ាល់ទេសចរណ៍ខ្នាតយក្ស សាងសង់ដោយចិនបានបញ្ចប់ការធ្វើដំណើរសាកល្បង ។ ឧបករណ៍អេឡិចត្រូនិច ដែលផលិតដោយចិនកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកប្រើប្រាស់ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំបំផុត BYD បានលក់រថយន្តអគ្គិសនីថ្មី ជាង ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ជិតពីរដងនៃរថយន្ត Tesla ខណៈក្រុមហ៊ុនផលិតថ្ម លីចូម របស់ចិនក៏ទទួល បានចំណាត់ថ្នាក់ទីមួយ ក្នុងចំណែកទីផ្សារពិភពលោក។ ប្រទេសចិនក៏បានកំពុងឈានមុខលើវិស័យ ថាមពលបៃតង ជាមួយនឹងបច្ចេកវិទ្យា ថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី ។ វឌ្ឍនភាព ទាំងនេះ បានអនុញ្ញាតឱ្យប្រទេសចិន សម្រេចបាន នូវការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ និងផ្តល់នូវកាលានុវត្តភាពថ្មីៗ ដល់ការជំរុញកំណើន សេដ្ឋកិច្ចសកល ។

ស្របពេលដែលសេដ្ឋកិច្ចសកល កំពុងប្រឈមនឹងការថមថយ ដែលបណ្តាលមកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការរំខានដល់ច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើង នៃគោលនយោបាយគំាពារនិយម ប្រទេសចិនបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល តាមរយៈការរៀបចំវេទិកា ការតាំងពិព័រណ៍ និង សន្និសីទអន្តរជាតិជាច្រើន ក្នុងនោះរួមមាន (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ច សហប្រតិបត្តិការ អន្តរជាតិ (២) ពិព័រណ៍នាំចូលអន្តរជាតិចិន (៣) ពិព័រណ៍នាំចូល-នាំចេញចិន (៤) ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំវេទិកាបូអាវសម្រាប់អាស៊ី ដើម្បីចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន ។ កាលពីឆ្នាំ២០២៣ ប្រទេសចិនបានរៀបចំ ដោយជោគជ័យនូវវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម» ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់ក្នុងតំបន់ និងពិភពលោក និងលើកកម្ពស់ពាណិជ្ជកម្ម រវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។
ជាការពិតណាស់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ចិនមិនត្រឹមតែដើរតួនាទីជាកាតាលីករ ដ៏សំខាន់ក្នុងការជំរុញដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាផងដែរ។ បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតរបស់កម្ពុជា ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បានផ្តល់ជូនកម្ពុជា នូវអត្ថប្រយោជន៍សក្តានុពលជាច្រើន ជាពិសេសការទទួលបានការចូលទីផ្សារចិនដែលមានពន្ធគយសូន្យភាគរយ ក្នុងកម្រិតប្រហែលជា ៩៨% នៃបន្ទាត់ពន្ធគយសរុបរបស់ចិន ដែលគ្របដណ្តប់លើផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ចេក ត្រី សាច់ អាហារកែច្នៃ និង ផលិតផលផ្សេងៗទៀត ។

បើនិយាយពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាឆ្អឹងខ្នងសម្រាប់កំណើនសេដ្ឋកិច្ចវិញ ចិនបានជួយកម្ពុជា កសាងផ្លូវប្រមាណជា ៣១ខ្សែ សរុបប្រវែងជាង ៣ ពាន់គីឡូម៉ែត្រ និងស្ពានជាង ១៦ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលបានបើកការដ្ឋានសាង សង់កាលពីថ្មីៗនេះ ។ ទន្ទឹមនឹងនេះ សំណង់ធំៗ នានាក៏ត្រូវបានលេចចេញ ជារូបរាងឡើង ក្រោមការគាំទ្ររបស់រដ្ឋាភិបាលចិន រួមមានផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ខណៈដែលគម្រោងធំៗជាច្រើនទៀត កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ។ សមិទ្ធផលទាំងនេះ បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

សរុបមក ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ មិនត្រឹមតែបានរួមចំណែកដល់ការជំរុញ ទំនើបភាវូបនីយកម្មចិន ឱ្យឈានទៅរកកសាង ប្រទេសសង្គមនិយមរឹងមាំ និងជឿនលឿន លើគ្រប់វិស័យនៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលផង និងសេដ្ឋកិច្ចរបស់ប្រទេសតូចៗ ផងដែរ។ ការរីកចម្រើនរបស់ចិន ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក នឹងនាំមកនូវកាលានុវត្តន៍ភាពថ្មីៗ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ៕
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top