អត្ថបទស្រាវជ្រាវ (scholar)

ខិតខំប្រឹងប្រែង រយៈពេល ៥ ឆ្នាំ បន្តបើកក្តោង ឈានដំណើរ​ទៅកាន់អនាគត ៖ អបអរសាទរ​ខួបលើកទី ៥ ឆ្នាំនៃការចាប់ដំណើរការ កិច្ចសហប្រតិបត្តិការ​ឡាន ឆាង-មេគង្គ

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន

 ថ្ងៃនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។

  នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃ​កិច្ចសហប្រតិបត្តិការ​ទន្លេឡាឆាង-មេគង្គ​​ លើកទី ១ បានប្រារឰនៅក្រុងសានយ៉ា នៃខេត្តហៃណាន ដោយជោគជ័យ ។ ឈរលើស្មារតី“រួមគ្នាផឹកទឹកទន្លេតែមួយ ជោគវាសនាភ្ជាប់នឹងគ្នា​យ៉ាងស្អិតល្មួត” អ្នកដឹកនាំនៃប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានរួមគ្នាប្រកាសចាប់ដំណើរការ យន្តការសហប្រតិបត្តិការ​កម្រិតអនុតំបន់បែបថ្មីនេះ ហើយបានសម្រេចជាឯកច្ឆ័ន្ទ លើការកសាងសហគមន៍វាសនារួម ប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីដើរឆ្ពោះ ទៅកាន់សន្តិភាព និងវិបុលភាព ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គបានឆ្លងកាត់​ដំណាក់កាលពូនជ្រំ និងដំណាក់កាលលូតលាស់រហ័ស ហើយបានឈានចូលទៅក្នុង​ដំណាក់កាលរីកចម្រើនគ្រប់ជ្រុងជ្រោយ ដែលបានចាក់បញ្ចូលនូវ“ទឹករស់​ជាកម្លាំងចលករ”ក្នុងការអភិវឌ្ឍន៍​នៃប្រទេសនានា ព្រមទាំងបានបង្កើតជាគំរូសំខាន់ នៃការកសាងសហគមន៍វាសនារួម មនុស្សជាតិ ។

(១) នេះជារយៈកាល ៥ ឆ្នាំ ដែលខិតខំកសាងមូលដ្ឋានគ្រឹះ និងបង្កើនទំនុកចិត្តលើគ្នា ឱ្យកាន់តែស៊ីជម្រៅ ។  ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន​យកចិត្តទុកដាក់កម្រិតខ្ពស់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយធ្លាប់ជួបប្រាស្រ័យជាមួយអ្នកដឹកនាំនៃប្រទេសទន្លេមេគង្គរាប់សិបលើក ដែលបានផ្តល់ការណែនាំ និងកំណត់ទិសដៅសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំង ៦ ។ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជារៀងរាល់លើក ដើម្បីពិគ្រោះពិភាក្សាជាមួយអ្នកដឹកនាំនៃប្រទេសទន្លេមេគង្គទាំង ៥ អំពីការកសាងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ។ ប្រទេសទាំង ៦ ខិតខំកសាងសហគមន៍វាសនា៍រួមប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីដើរឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព ។ សហគមន៍វាសនារួមចិន-ឡាវ ចិន-កម្ពុជា និងចិន-មីយ៉ាន់ម៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ។ យើងប្រកាន់ខ្ជាប់នូវស្មារតីខ្លួនទីពឹងខ្លួន រួមគ្នាពិគ្រោះពិភាក្សា ស្ថាបនា និងចែករំលែកគ្នា ខិតខំបង្កើតបរិយាកាសដែលប្រកបដោយសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការចុះសម្រុងគ្នាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ពួតដៃគ្នាដើម្បីសម្រេចនូវការអភិវឌ្ឍន៍ជានិរន្តរភាព និងវិបុលភាពរួមសម្រាប់ប្រទេសទាំង ៦ ។ យើងបានកំណត់“ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំឡានឆាង-មេគង្គ(២០១៨-២០២២)” អនុវត្តយ៉ាងសកម្មតាមផែនការសកម្មភាពលើវិស័យធនធានទឹក កសិកម្ម និងកិច្ចកាត់បន្ថយភាពក្រីក្រជារដើម ពន្លឿនការកំណត់ផែនការសហប្រតិបត្តិការលើវិស័យអភិវឌ្ឍសេដ្ឋកិច្ចឆ្លងដែន ពង្រឹងសមត្ថភាពផលិត និងជំរុញការតភ្ជាប់គ្នា ។ លេខាធិការដ្ឋានសហប្រតិបត្តិការឡានឆាង-មេគង្គ ឬស្ថាប័នសម្របស្រួលនៃប្រទេសទាំង ៦ បានធ្វើទំនាក់ទំនងជាមួយគ្នាយ៉ាងរលូន ក្រុមការងាររួមលើវិស័យអាទិភាព និងមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការឡានឆាង-មេគង្គលើវិស័យធនធានទឹក បរិស្ថាន កសិកម្ម និងយុវជន បានអនុវត្តការងារដោយមានប្រសិទ្ធភាពខ្ពស់ ដែលបានផ្តល់យន្តការចាំបាច់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

  នេះជារយៈកាល ៥ ឆ្នាំ ដែលខិតខំប្រមូលកម្លាំងដើម្បីបង្កើតជាឧត្តមភាព និងរួមគ្នាធ្វើការអភិវឌ្ឍន៍ យើងបានបង្កើតរូបមន្តឡានឆាង-មេគង្គដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ ធ្វើការងារជាក់ស្តែងដោយមានប្រសិទ្ធភាពខ្ពស់ និងចាត់ទុកគម្រោងជាក់ស្តែងជាគោល ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យការបំពេញបន្ថែមគ្នាលើវិស័យសេដ្ឋកិច្ចទៅជាកម្លាំងជំរុញគ្នាសម្រាប់ការអភិវឌ្ឍន៍ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបានកើនឡើង ៤៧,៥% ។ ប្រទេសចិនបានទទួលសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រក្នុងការកសាងសង្គមធូរធារគ្រប់ជ្រុងជ្រោយ ។ ទំហំសរុបនៃសេដ្ឋកិច្ចប្រទេសទន្លេមេគង្គទាំង ៥ កើនឡើងជាង ៣០% ចំណែកកម្រិតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនិងសង្គមក៏បានត្រូវលើកកម្ពស់ឥតឈប់ឈរ ។ នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ បានឈានដល់ទៅ ៣២២១០០ លានដុល្លារអាមេរិក កើនឡើង ៦៦,៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងថៃ ហើយជាដៃគូពាណិជ្ជកម្មធំទី ២ របស់ប្រទេសឡាវ ។ ប្រទេសវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ប្រទេសចិន ។ ប្រទេសចិនផ្តល់ប្រាក់ឥណទានអនុគ្រោះ និងប្រាក់ឥណទានពិសេសអំពីសមត្ថភាពផលិត និងផលិតកម្មគ្រឿងបរិក្ខារ ដើម្បីគាំទ្រឱ្យប្រទេសទន្លេមេគង្គអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាង ៤០ គម្រោង រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនៃប្រទេសកម្ពុជា គម្រោងកែសម្រួលខ្សែបណ្តាញបញ្ជូនអគ្គិសនីរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ និងគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម យ៉ុងសៀន ប្រទេសវៀតណាមជាដើម ។ កសិផល និងជលផលល្អៗដូចជា ធូរេនថៃ អង្ករខ្មែរ ល្ហុងភូមា ចេកឡាវ និងត្រី basa វៀតណាម ត្រូវបានយកមកដាក់លើតុបាយរបស់ប្រជាជនចិន ។ សហគ្រាសចិនបានទៅស្វែងរកដៃគូសហប្រតិបត្តិការនៅប្រទេសកម្ពុជា និងឡាវ ដើម្បីបង្កើតតំបន់គំរូកសិកម្ម និងមូលដ្ឋានកែច្នៃនិងឡូជីស្ទីកអំពីផលស្រូវ កៅស៊ូ ផ្លែឈើ បន្លែបង្ការ និងសាច់សត្វចិញ្ចឹម ។

  នេះជារយៈកាល ៥ ឆ្នាំ ដែលប្រមូលផ្តុំកម្លាំង និងពង្រឹងចំណងមិត្តភាព ។ យើងប្រកាន់ខ្ជាប់នូវទស្សនទានដែលចាត់ទុកប្រជាជនជាគោល ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានា ។ នៅឆ្នាំ ២០១៩ អ្នកធ្វើដំណើរទៅមករវាងប្រទេសចិន និងប្រទេសទន្លេមេគង្គមានចំនួនជាង ៥០ លាននាក់ ហើយជើងហោះហើរជាប្រចាំមានចំនួនជិត ៣០០០ ជើងរៀងរាល់សប្តាហ៍ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ មាននិស្សិតជាង ២ ម៉ឺននាក់ដែលមកពីប្រទេសទន្លេមេគង្គទាំង ៥ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីមកបន្តការសិក្សានៅប្រទេសចិន ចំណែកជនបរទេសដែលមកធ្វើការនៅប្រទេសចិនជាង ៤ ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលក្នុងមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈទន្លេឡានឆាង-មេគអង្គនៅខេត្តយូណាន ។ មូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានគាំទ្រឱ្យអនុវត្តគម្រោងផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ៥០០ គម្រោង ឧទាហរណ៍ គម្រោង“ភូមិពន្លឺព្រះអាទិត្យ”បានផ្តល់បច្ចេកទេស និងបរិក្ខារផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដល់ភូមិផ្សេងៗនៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។ គម្រោងបណ្តុះបណ្តាលបច្ចេកទេសថាមពលនុយក្លេអ៊ែរបានផ្តល់ការបណ្តុះបណ្តាលអំពីបច្ចេកទេសស្ថានីយអគ្គិសនីនុយក្លេអ៊ែរ និងសុខាភិបាលនុយក្លេអ៊ែរដល់យុវជនប្រទេសវៀតណាម និងឡាវ ។ គម្រោងបណ្តុះពូជតែប្រេងបានជួយដាំដើមតែប្រេងនៅតំបន់ភ្នំនៃប្រទេសថៃ និងឡាវ ។ គម្រោងបង្កើនផលកាហ្វេបានជួយបណ្តុះបណ្តាលកសិករដាំដើមកាហ្វេនៃប្រទេសមីយ៉ាន់ម៉ាជាង ១១០០០ នាក់ ហើយបានជំរុញឱ្យការប្រមូលផលគ្រាប់កាហ្វេនៃប្រទេសមីយ៉ាន់ម៉ាកើនឡើងទ្វេដង ។ គម្រោង“ពឹងឆាវ”ផ្តល់ផលប្រយោជន៍ដល់ប្រទេសឡានឆាង-មេគង្គ និងគម្រោង“ម្ជុលវិទ្យាសាស្ត្រដើរចូលប្រទេសឡានឆាង-មេគង្គ”បានជំរុញកិច្ចសហប្រតិបត្តិការពេទ្យចិនសែ ។ គម្រោងអភិវឌ្ឍសហគមន៍ក្រីក្រ និង“សកម្មភាពពាក់កណ្តាលមេឃឡានឆាង-មេគង្គ”ជាដើម បានជួយជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍបុព្វហេតុស្ត្រីនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ។

  នេះជារយៈកាល ៥ ឆ្នាំ ដែលរួមសុខទុក្ខជាមួយគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ​ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្កើតឡើងនូវវេទិកាសហប្រតិបត្តិការធនធានទឹកទី ១ ដែលមានការចូលរួមពីប្រទេសពាក់ព័ន្ធទាំង ៦ ។ យើងបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ ហើយបានធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យទប់ទល់នឹងទឹកជំនន់ គ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយពីបច្ចេកទេសជាដើម ។ ក្នុងនាមជាប្រទេសដែលស្ថិតនៅតាមផ្នែកខាងលើនៃទន្លេឡានឆាង-មេគង្គ ប្រទេសចិនខិតខំយ៉ាងពេញទំហឹងដើម្បីធានាឱ្យមានបរិមាណទឹកហូរសមរម្យទៅផ្នែកខាងក្រោម ហើយចាក់បង្ហូរទឹកបន្ថែមជាបន្ទាន់តាមតម្រូវការរបស់ប្រទេសទន្លេមេគង្គ ។ ជាពិសេស តាំងពីឆ្នាំទៅរៀងមក ប្រទេសចិនចាប់ផ្តើមចែករំលែកគ្នាអំពីព័ត៌មានជលសាស្ត្រពេញមួយឆ្នាំនៃទន្លេឡានឆាង ហើយបានបង្កើតវេបសាយជាវេទិកាចែករំលែកអំពីព័ត៌មានសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ ព្រមទាំងខិតខំយ៉ាងសកម្មដើម្បីជួយប្រទេសនៅផ្នែកខាងក្រោមទន្លេឡានឆាង-មេគង្គទប់ទល់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ។ នៅខែកុម្ភៈឆ្នាំទៅ នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ខ្ញុំ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទន្លេមេគង្គទាំង ៥ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៥ ដែលរៀបចំនៅក្រុងវៀងចន្ទន៍ប្រទេសឡាវតាមផែនការដែលបានកំណត់ ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗរួមគ្នាសម្តែងនូវការគាំទ្រចំពោះប្រទេសចិនក្នុងការប្រឆាំងនឹងជំងឺឆ្លង និងបានផ្តល់ការគាំទ្រដ៏ថ្លៃថ្លាដល់ភាគីចិននៅខណៈពេលដ៏សំខាន់នេះ ។ ប្រទេសទាំង ៦ បានចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង ។ ករណីកើតជំងឺកូវីដ-១៩ និងអត្រាកើតជំងឺនៅតំបន់ទន្លេឡានឆាង-មេគង្គមានកម្រិតទាបជាងតំបន់ដទៃទៀតលើពិភពលោក ។ ប្រទេសទាំង ៦ ក៏បានរួមសហការគ្នាក្នុងការប្រឆាំងនឹងបទល្មើសឆ្លងដែនដូចជា ភេរវកម្ម ល្បែងស៊ីសងតាមបណ្តាញអ៊ីនធើណេត ការបោកបញ្ឆោតតាមទូរស័ព្ទ ការជួញដូរមនុស្ស និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មសម្រាប់ការពារ និងគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់កិច្ចធានាដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៃបណ្តាប្រទេសនានា និងផ្តល់“ប្រាជ្ញាឡានឆាង-មេគង្គ”សម្រាប់កែលម្អប្រព័ន្ធអភិបាលកិច្ចក្នុងតំបន់ ។ 

()

  ការសម្រេចសមិទ្ធផលត្រូវឆ្លងការលំបាកដ៏ច្រើន ចំណែកបទពិសោធន៍កាន់តែមានតម្លៃខ្ពស់ ។ បើរំលឹកឡើងវិញនូវដំណើរសហប្រតិបត្តិការក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ យើងតែងតែចងចាំឱ្យបានច្បាស់នូវបំណងដើម និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ភ្ជួរដីស្រែដែលមានវប្បធម៌ស្រដៀងគ្នា និងមានទំនាក់ទំនងរាប់អានគ្នា ដាំដុះផ្កាដែលរួមគ្នាធ្វើការអភិវឌ្ឍន៍ និងសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រមូលផលសន្តិភាព វិបុលភាព និងសុភមង្គលប្រជាជន ដោយមិនគ្រាន់តែបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គប៉ុណ្ណោះទេ ថែមទាំងបានបន្សល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតទៀតផង ។

អនុវត្តយ៉ាងម៉ឺងម៉ាត់ជាបន្តតាមគោលនយោបាយដែលរាប់អានជាមួយអ្នកជិតខាង និងរាប់អានគ្នាដូចគ្រួសារតែមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានចាក់ប្ញសយ៉ាងស៊ីជម្រៅក្នុងចំណងមិត្តភាពប្រពៃណី ។ ជារៀងរហូតមក យើងបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែលប្រទេសមិនថាតូចធំ ខ្លាំងខ្សោយ ឬមានក្រ សុទ្ធតែមានភាពស្មើគ្នា ។ យើងត្រូវគិតពិចារណាអំពីគំនិតរបស់គេ ប្រកាន់ខ្ជាប់នូវការគាំទ្រឱ្យប្រទេសនានាធ្វើដំណើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសក្តិសមនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន ហើយប្រកាន់ខ្ជាប់នូវគោលការណ៍“រឿងដែលខ្លួនឯងមិងចង់ទទួល កុំទៅបង្ខំឱ្យគេទទួល” ។ យើងរាប់អានគ្នាដោយសមភាព ជួយគ្នាទៅវិញទៅមកដោយមានចិត្តស្មោះ ។ បើជួបនឹងរឿងពិបាក ត្រូវពិគ្រោះពិភាក្សាឱ្យបានច្រើន មានរឿងកើតឡើងយើងអាចពិភាក្សាគ្នាបាន ។ យើងត្រូវធ្វើតាមគោលការណ៍ តែក៏ត្រូវគិតពីមិត្តភាពរវាងគ្នាដែរ ហើយខិតខំប្រឹងប្រែងដើម្បីរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាព ដើម្បីសម្រេចបាននូវសន្តិភាព ការរាប់អានគ្នា និងសុខដុមរមនា ។ “ខ្លួនឯងចង់ឈរឡើង ក៏ត្រូវជួយឱ្យគេឈរឡើង ឯខ្លួនឯងចង់លូតលាស់ ក៏ត្រូវជួយឱ្យគេលូតលាស់ដែរ” យើងត្រូវធ្វើជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អជានិច្ចកាល ។

សម្របតាមការរំពឹងទុកដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍រួមគ្នា និងស្វែងរកវិបុលភាពរួម ។ ក្នុងអនុតំបន់ទន្លេមេគង្គមានប្រជាជនក្រីក្រច្រើន មានហេដ្ឋារនាសម្ព័ន្ធមិនគ្រប់គ្រាន់ ហើយខ្វះថវិកាសម្រាប់ការអភិវឌ្ឍន៍ ដូច្នេះ យើងកំពុងប្រឈមនឹងបញ្ហាច្រើនក្នុងការអភិវឌ្ឍន៍ និងការស្វែងរកវិបុលភាពក្នុងតំបន់នេះ ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានចាត់ទុកការធ្វើកិច្ចសហប្រតិបត្តិការ និងការជំរុញការអភិវឌ្ឍន៍ជាភារកិច្ចចម្បង ហើយខិតខំធ្វើជា“ម៉ាស៊ីនឈូសដី”ដែលធ្វើការងារជាក់ស្តែង និងជួយបញ្ចេញសក្តានុពលអភិវឌ្ឍន៍នៃបណ្តាប្រទេសនានា ។ យើងនឹងប្រើល័ក្ខខ័ណ្ឌអំណោយផលដែលមានទីតាំងភូមិសាស្ត្រនៅជាប់គ្នា និងអាចបំពេញបន្ថែមគ្នាលើវិស័យឧស្សាហកម្ម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ ពង្រីកយ៉ាងសកម្មនូវការធ្វើវិនិយោគ និងពាណិជ្ជកម្មទៅវិញទៅមក កែសម្រួលបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មក្នុងតំបន់ ជំរុញឱ្យប្រទេសទាំង ៦ បង្កើតជានិម្មាបនកម្មអភិវឌ្ឍន៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួត ព្រមទាំងជំរុញការអភិវឌ្ឍន៍រួមគ្នាឱ្យបានកាន់តែស៊ីជម្រៅថែមទៀត បង្កើនកម្លាំងចលករផ្ទៃក្នុងនៃកិច្ចសហប្រតិបត្តិការ រួមគ្នាបំពេញភារកិច្ចផ្សេងៗ និងចែករំលែកផលប្រយោជន៍ជាមួយគ្នា ។

បញ្ចេញឧត្តមភាពទីតាំងភូមិសាស្ត្រ ដែលមានការរាប់អានគ្នា និងស្រដៀងគ្នាលើវិស័យវប្បធម៌ ប្រទេសទន្លេឡានឆាង-មេគង្គមានការភ្ជាប់នឹងគ្នាក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយមានទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យវប្បធម៌ ។ ប្រជាជននៃប្រទេសទាំង ៦ បានរាប់អានគ្នា និងទៅមករកគ្នាដូចញាតិសន្តានអ៊ីចឹង ។ នេះគឺជាឧត្តមភាពពិសេសសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការរវាងយើងទាំងអស់គ្នា ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែលចាត់ទុកប្រជាជនជាគោល ផ្តល់ផលប្រយោជន៍និងការអនុគ្រោះដល់ប្រជាជន និងធ្វើឱ្យប្រជាជនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន និងកាន់តែរាប់អានជាមួយគ្នា ។ តាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គ និងឈរលើស្មារតីអនុវត្តការងារជាក់ស្តែងដែល“ជាន់លើថ្មឱ្យមានស្នាម កាន់ដែកឱ្យមានស្នាម” បន្តបង្កើនការវិនិយោគលើវិស័យអប់រំ សុខាភិបាល កិច្ចការស្ត្រី និងកិច្ចកាត់បន្ថយភាពក្រីក្រជាដើម ខិតខំជំរុញការតភ្ជាប់ក្រអៅបេះដូង និងការតភ្ជាប់មនោសញ្ចេតនា ដើម្បីជំរុញឱ្យមានអ្នកចូលរួម អ្នកទទួលផលប្រយោជន៍ និងអ្នកគាំទ្រកាន់តែច្រើនសម្រាប់ការអភិវឌ្ឍបុព្វហេតុមិត្តភាព និងសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រមទាំងផ្តល់កិច្ចធានាដ៏រឹងមាំសម្រាប់ជំរុញឱ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឈានដំណើរទៅមុខឥតឈប់ឈរ ។

សម្របទៅតាមនិន្នាការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ ដែលតភ្ជាប់គ្នាដោយបើកចំហ និងអភិវឌ្ឍន៍ដោយសម្របសម្រួលគ្នា ប្រឈមនឹងជំនោរនៃការប្រឆាំងសាកលភាវូបនីយកម្ម និងជំនោរឯកតោភាគីនិយម ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលជាគោលដៅដ៏ត្រឹមត្រូវ ខិតខំបង្កើតគំរូដ៏ជោគជ័យនៃការកសាង“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដោយមានគុណភាពខ្ពស់ ។ យើងនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបំពេញបន្ថែមគ្នា និងជំរុញគ្នាទៅវិញទៅមកជាមួយយន្តការពាក់ព័ន្ធផ្សេងៗដូចជា យន្តការតំបន់ទន្លេ ៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ និងគណៈកម្មាធិការទន្លេមេគង្គជាដើម រួមគ្នាជំរុញការកសាងសហគមន៍អាស៊ាន និងបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន ។

()

យុគសម័យថ្មីអំពាវនាវឱ្យមានសមិទ្ធផលថ្មី ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាគំរូមួយនៃគោលនយោបាយការទូតរបស់ប្រទេសចិនដែលអនុវត្តតាមស្មារតីទំនាក់ទំនងការទូតរបស់ឯកឧត្តម ស៊ី ជីនភីង ធ្វើការច្នៃប្រឌិត និងបោះជំហានទៅមុខយ៉ាងក្លៀវក្លា ។ ប្រឈមនឹងជំងឺឆ្លងដែលផ្ទុះឡើងនៅសតវត្សរ៍ថ្មី និងការផ្លាស់ប្តូរនៃស្ថានការណ៍ពិភពលោក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវតែដើរតួនាទីនាំមុខគេ បង្ហាញពីស្មារតីទំនួលខុសត្រូវ នាំផ្លូវអភិវឌ្ឍន៍ ធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងកសាងអនាគតកាន់តែភ្លឺស្វាងជូនចំពោះប្រជាជនដែលរស់នៅក្នុងអនុតំបន់ ។

បន្តដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សព្វថ្ងៃ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់ទេ ដូច្នេះ ការប្រឆាំងនឹងជំងឺឆ្លង និងសង្គ្រោះជីវិតនៅតែជាភារកិច្ចសំខាន់ជាងគេ ដែលមានតួនាទីសំខាន់ជាងអ្វីៗទាំងអស់ ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបង្កើតជាគំរូថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើពិភពលោក ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍សុខាភិបាល និងសុខភាពមនុស្សជាតិ ។ យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមិនអាចបន្ធូរការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអំពីវ៉ាក់សាំងកូវីដ-១៩ ដើម្បីជំរុញឱ្យយុទ្ធនាការប្រឆាំងនឹងជំងឺឆ្លងទទួលបានជោគជ័យ ។ យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងនាពេលខាងមុខ ហើយចាត់ទុកកិច្ចសហប្រតិបត្តិការសុខាភិបាលសាធារណៈជាទិសដៅសំខាន់មួយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រើប្រាស់ឱ្យបានល្អប្រសើរនូវមូលនិធិពិសេសអំពីសុខាភិបាលសាធារណៈឡានឆាង-មេគង្គ គាំទ្រឱ្យអនុវត្តគម្រោងអំពីបច្ចេកទេសតាមដានការរាតត្បាតនៃជំងឺឆ្លង គម្រោងបង្ការនិងគ្រប់គ្រងជំងឺឆ្លងឆ្លងដែន និងគម្រោងពេទ្យប្រពៃណីជាដើម ព្រមទាំងជំរុញការពង្រឹងសមត្ថភាពសុខាភិបាលសាធារណៈនៃប្រទេសទាំង ៦ ។

ខិតខំផ្សព្វផ្សាយពីស្មារតីភាពជាដៃគូ អនុតំបន់គឺជាស្រុកកំណើតរួមរបស់យើងទាំងអស់គ្នា ។ ខណៈពេលស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ ប្រទេសទាំង ៦ កាន់តែត្រូវពន្លឿនការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីដើរឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព ។ យើងត្រូវរក្សាទំនាក់ទំនងថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយពហុវិស័យ បង្កើតកិច្ចសហប្រតិបត្តិការសន្តិសុខមិនមែនប្រពៃណី និងចំណុចកំណើនថ្មីផ្សេងៗទៀត ។ ធនធានទឹកនៃទន្លេឡានឆាង-មេគង្គជាចំណងដ៏សំខាន់សម្រាប់តភ្ជាប់ប្រទេសនៅផ្នែកខាងលើ និងផ្នែកខាងក្រោមទន្លេ ។ យើងត្រូវគោរពសិទ្ធិស្របច្បាប់របស់ប្រទេសផ្សេងៗក្នុងការអភិវឌ្ឍ និងប្រើប្រាស់ធនធានទឹក ជឿទុកចិត្តលើគ្នា យោគយល់គ្នា គាំទ្រគ្នាទៅវិញទៅមក គិតពិចារណាអំពីបញ្ហាដែលយកចិត្តទុកដាក់ដោយគូភាគី រួមគ្នាពង្រឹងសមត្ថភាពគ្រប់គ្រងជាទូទៅ និងសមត្ថភាពគ្រប់គ្រងធនធានទឹក ដើម្បីជំរុញបន្ថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសផ្នែកខាងលើ និងផ្នែកខាងក្រោមទន្លេ ។

បន្តជំរុញការអភិវឌ្ឍន៍រួមគ្នា ការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពាណិជ្ជកម្មយ៉ាងរលូន មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសម្រេចនូវកំណើនសេដ្ឋកិច្ចក្នុងអនុតំបន់ ។ យើងត្រូវជំរុញឱ្យ“កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”ឱ្យចាប់មានសុពលភាពក្នុងពេលយ៉ាងឆាប់ បង្កើនការធ្វើពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់គ្នា ពន្លឿនការអនុវត្តគម្រោងខ្សែរថភ្លើងចិន-ឡាវ និងចិន-ថៃជាដើម កំណត់មធ្យោបាយជាក់ស្តែងសម្រាប់ការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយ“ច្រកពាណិជ្ជកម្មដីគោក និងសមុទ្រអន្តរជាតិថ្មី” បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមតំបន់ព្រំដែន ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន និងតំបន់ឧស្សាហកម្ម រួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចតាមតំបន់ទន្លេឡានឆាង-មេគង្គ ។ យើងត្រូវឆ្លើយតបនឹងការប្រែប្រួលដោយមានភាពម្ចាស់ការ ធ្វើកំណែទម្រង់រចនាសម្ព័ន្ធឱ្យបានកាន់តែស៊ីជម្រៅ បំផុសកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា និងបដិវត្តន៍ឌីជីថលូបនីយកម្ម ។

ខិតខំយ៉ាងពេញទំហឹងដើម្បីការពារសុភមង្គលរបស់ប្រជាជន យើងត្រូវពង្រីកឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអំពីជីវភាពរស់នៅប្រជាជន អនុវត្តគម្រោងពាក់ព័ន្ធដែលទាក់ទិនទៅនឹងការរស់នៅរបស់ប្រជាជនដូចជា គម្រោងកសិកម្ម និងគម្រោងកាត់បន្ថយភាពក្រីក្រជាដើម ពន្លឿនការអនុវត្ត“យុទ្ធសាស្ត្រអំពីកិច្ចសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គ” ធ្វើកិច្ចសហប្រតិបត្តិការលើការកែលម្អបរិស្ថានខ្យល់អាកាស និងថែរក្សាជីវចម្រុះជាដើម ។ យើងត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ និងយុវជនជាដើម ខិតខំយ៉ាងពេញទំហឹងដើម្បីផ្តល់ការគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការមូលដ្ឋាន លើកទឹកចិត្តឱ្យសមាគម សហគ្រាស និងធនធានសង្គមស៊ីវិលមានភាពសកម្ម ជំរុញការកសាងសហព័ន្ធអាជីវកម្ម និងបង្កើនកម្លាំងចលករផ្ទៃក្នុងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ។

ទឹកដីនៅជាប់នឹងគ្នា រួមគ្នាពុះពារឧបសគ្គ ។ ឆ្នាំនេះជាខួបលើកទី ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។ នៅដើមខែនេះ “ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរយៈពេល ៥ ឆ្នាំទី ១៤ និងគោលលំនាំទស្សនទានប្រចាំឆ្នាំ ២០៣៥ នៃសាធារណរដ្ឋប្រជាមានិតចិន”ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ។ ប្រទេសចិនបានចាប់ដំណើរការថ្មីអំពីការកសាងប្រទេសសង្គមនិយមទំនើបភាវូបនីយកម្មគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិលជុំក្នុងស្រុកជាចំណុចស្នូល ការវិលជុំក្នុងនិងក្រៅប្រទេសជំរុញគ្នា ។ នេះជាដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសចិន ហើយក៏ជាកាលានុវត្តភាពថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែរ ។ យើងនឹងរួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គផ្សេងៗ បើកក្តោងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ខិតខំប្រឹងប្រែងដើម្បីកសាងតំបន់ទន្លេឡានឆាង-មេគង្គដែលកាន់តែមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងសុភមង្គល ព្រមទាំងរួមវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមមនុស្សជាតិ !

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top