អត្ថបទស្រាវជ្រាវ (scholar)

វិភាគ: អាមេរិកបរាជ័យក្នុងសង្គ្រាម ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវ និយមរយៈពេលជាង២០ឆ្នាំ

បច្ចុប្បន្នភាព

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញានេះ ស្តីពីសហរដ្ឋអាមេរិក ដែលបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ។

របាយការណ៍របស់ CSIS បានបង្ហាញថា ក្នុងរយៈពេលជាង២ ទសវត្សរ៍កន្លងមកនេះ ចលនាភេរវនិយមនៅលើពិភពលោក មិនបានថយចុះ ឬបាត់បង់ដោយសារសង្គ្រាមរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនោះទេ តែផ្ទុយទៅវិញ អំពើភេរវកម្មបែរជាកើនឡើងខ្ពស់ ។

​ CSIS បានបញ្ជាក់ថា សង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចលនាភេរវនិយមក្នុងរយៈពេលជាង២០ឆ្នាំ គិតត្រឹមឆ្នាំ២០២១នេះ បានរុញច្រានអោយមានចលនាភេរវកម្មកាន់តែច្រើនឡើងនៅលើពិភពលោក ដែលជាបរាជ័យទាំងស្រុងរបស់សហរដ្ឋអាមេរិក ។

នៅពេលបច្ចុប្បន្ននេះ ក្រុមភេរវជននៅលើពិភពលោក កើនឡើងរហូតដល់ ២៧ក្រុម ដែលមានសមាជិកសរុបចន្លោះពី ១០ម៉ឺន ទៅ២៣ម៉ឺនាក់ និងត្រូវបានដឹកនាំដោយក្បាលម៉ាស៊ីន២ គឺអង្គការភេរវកម្ម អាល់ កៃដា (Al Qaeda) និងក្រុមរដ្ឋអ៊ីស្លាម អាយអេស (IS) ។

ក្បាលម៉ាស៊ីនភេរវនិយមទាំង២ បានព្យាយាមអូសទាញ ប្រជាពលរដ្ឋនៅទូទាំងពិភពលោកអោយចូលជា សមាជិករបស់ខ្លួនកាន់តែច្រើនថែមទៀត ដែលនាំអោយកំណើននៃក្រុមសកម្ម ប្រយុទ្ធរបស់អង្គការភេរវនិយមទាំង២នេះ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ រហូតដល់ ២៧០% គិតត្រឹមឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងទសវត្សរ៍១៩៨០កន្លងទៅ ។

ក្រុមសកម្មប្រយុទ្ធរបស់ក្បាលម៉ាស៊ីនភេរវនិយមទាំងពីរនេះ តែងតែបង្កើនការវាយប្រហារភេរវកម្មជាញឹកញាប់នៅទូទាំងពិភពលោក ដោយវិធីសាស្ត្រផ្សេងៗ មានការដាក់បង្កៃគ្រាប់បែក ការបំផ្ទុះគ្រាប់បែកបញ្ជាពីចម្ងាយ ការវាយប្រហារអត្តឃាតដោយបំផ្ទុះគ្រាប់បែក ការប្រើប្រាស់កាំបិតចាក់សម្លាប់មនុស្ស និងការបើករថយន្តបុកសម្លាប់មនុស្សជាដើម ។

លោក Assaf Moghadam អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិប្រយុទ្ធប្រឆាំងភេរវនិយមរបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ក្រុមភេរវជន បានបង្កើនការវាយប្រហារភេរវកម្មយ៉ាងខ្លាំងដោយមិនមានស្រុតចុះទេ ។

សង្គ្រាមប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ហាក់ដូចជាការផ្តល់ឱកាសអោយក្រុមភេរវជនបង្កើនឥទ្ធិពលរបស់ខ្លួនទៅវិញ ដោយសារមុននឹងចាប់ផ្តើមសង្គ្រាម សហរដ្ឋអាមេរិកមិនបានរៀបចំយុទ្ធសាស្ត្រច្បាស់លាស់ពីផលប៉ះពាល់នោះទេ ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០០១កន្លងទៅ បំណែកផេះផងនៃអគារពាណិជ្ជកម្មពិភពលោក (World Trade Center) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់ធ្លាក់ដល់ដីផង អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក George W. Bush បានបញ្ជាអោយធ្វើអន្តរាគមន៍យោធាចូលទៅកាន់ប្រទេសអាហ្កានិស្ថាន ដើម្បីវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្កានិស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់ ។

អន្តរាគមន៍យោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានិស្ថាន ត្រូវបានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក បានទទួលរងការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយក្រុមភេរវករ បានបើកយន្តហោះចំនួន២គ្រឿងទៅបំបុកអគារពាណិជ្ជកម្មពិភពលោក ដែលបណ្តាលអោយមនុស្សប្រមាណ ២៧០០នាក់ បានបាត់បង់ជីវិត ។

លោកអតីតប្រធានាធិបតីអាមេរិក George W. Bush បានប្រកាសថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកចូលប្រទេសអាហ្កានិស្ថាន គឺត្រូវបានធ្វើឡើងដើម្បីរំដោះប្រជាជននៃប្រទេសនេះចេញពីរបបផ្តាច់ការរបស់រដ្ឋាភិបាលតាលីបង់ និងនាំលទ្ធិប្រជាធិបតេយ្យអោយអាហ្វហ្កានិស្ថាន ។

សេចក្តីប្រកាសរបស់លោក George W. Bush គឺគ្មានតម្លៃទាល់តែសោះ ក្រោយពីសហរដ្ឋអាមេរិកបានចាញ់សង្គ្រាម និងបានដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសអាហ្វហ្កានិស្ថាន ខណៈដែលប្រទេសនេះ បានរងគ្រោះដោយសារសង្គ្រាមអស់រយៈពេលជាង២០ឆ្នាំ និងបានធ្លាក់ដល់ដៃក្រុមតាលីបង់ដដែល ។   

ដើមចមនាំអោយកើតរឿង

លោក Abdul Sayed សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បាននិយាយថា ដើមចមដែលនាំអោយក្រុមភេរវនិយមរីករាលដាលកាន់តែខ្លាំងនៅលើពិភពលោក គឺដោយសារសង្គ្រាមប្រយុទ្ធប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ។

លោក Abdul Sayed បានបន្ថែមថា សង្គ្រាមប្រយុទ្ធប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក មិនត្រឹមតែធ្វើអោយចលនាភេរវនិយមនៅលើពិភពលោករស់ឡើងវិញនោះទេ សង្គ្រាមនេះ ក៏ជាការបើកដៃអោយក្រុមជ្រុលនិយមពង្រីកខ្លួនកាន់តែខ្លាំង ។

សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក ប្រធានាធិបតីអ៊ីរ៉ាក់ សាដាម ហ៊ូសេន ក៏ជាកំហុសធ្ងន់ធ្ងរមួយទៀត និងជាបរាជ័យផ្ទួនៗគ្នា ដែលសហរដ្ឋអាមេរិកទទួលបានក្នុងសង្គ្រាមប្រឆាំងភេរវកម្ម ។

ការដួលរលំរដ្ឋាភិបាល សាដាម ហ៊ូសេន បានបង្កើតឡើងនូវក្រុមភេរវនិយមធំមួយទៀត គឺក្រុមរដ្ឋអ៊ីស្លាម អាយអេស (IS) ដែលបានប្រកាសខ្លួនជាផ្លូវការកាលពីឆ្នាំ២០១៤កន្លងទៅ ក្នុងគោលដៅវាយប្រហារភេរវកម្មប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធ ។

លោក Tore Hamming អ្នកស្រាវជ្រាវផ្នែកសង្គ្រាមនៅសកលវិទ្យាល័យ King’s College នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា សង្គ្រាមអាមេរិក នៅប្រទេសអាហ្វហ្កានិស្ថាន អ៊ីរ៉ាក់ ស៊ីរី និងលីប៊ី គឺជាការបើកដៃអោយក្រុមភេរវករពង្រីកខ្លួនកាន់តែខ្លាំង ។

ក្បាលម៉ាស៊ីនភេរវនិយមទាំង២ គឺអង្គការអាល់កៃដា និងរដ្ឋអ៊ីស្លាម អាយអេស បាន ឆក់យកឱកាសនៃសង្គ្រាមអាមេរិក ទៅអូសទាញយកសមាជិកបានយ៉ាងច្រើន ខណៈដែលប្រជាពលរដ្ឋនៅក្នុងប្រទេសខាងលើ បានភៀសខ្លួនដោយសារសង្គ្រាម ។

ប្រជាពលរដ្ឋដែលមានភាពឯកោ និងគ្មានទីជម្រកពិតប្រាកដ បានស្ម័គ្រចិត្តចូលរួមក្នុងចលនាភេរវនិយមយ៉ាងងាយស្រួល ក្នុងការវាយប្រហារភេរវកម្មនៅទូទាំងពិភពលោក ដោយសារប្រទេសរបស់ខ្លួនបានរងគ្រោះដោយសារសង្គ្រាម ដែលនេះ គឺជាចំណុចបរាជ័យធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ៕

អ៊ី ជិន

To Top