អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ “អាមេរិកជាអាទិភាព”បានផ្តល់អាទិភាពដល់អ្នកណា ?

       ថ្ងៃព្រហស្បតិ៍អាទិត្យនេះជាថ្ងៃអរព្រះគុណរបស់អាមេរិកក្នុងមួយឆ្នាំម្តង  តាមទម្លាប់ ក្រុមគ្រួសារនិមួយៗជួបជុំគ្នាពិសាមាន់បារាំងដុត គឺជាខ្លឹមសារសំខាន់មួយ ។ ប៉ុន្តែនៅឆ្នាំ២០២១នេះ ជនជាតិអាមេរិកប្រហែលនឹងអបអរទទួល “បាយល្ងាចនៃថ្ងៃអរព្រះគុណថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ” ។

       សូមយកមាន់បារាំងដែលជាអាហារសំខាន់ជាឧទាហរណ៍  តាមទិន្នន័យរបស់ក្រសួងកសិកម្មរបស់អាមេរិកបានឱ្យដឹងថា មាន់បារាំងក្លាស៊ីកមួយក្បាលដែលមានទម្ងន់ ពី៨ដល់១៦ផោន តម្លៃលក់ដុំគឺមួយផោន ១.៣៥ដុល្លារអាមេរិក ថ្លៃជាង២១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។ តាមការស៊ើបអង្កេតរបស់ សហព័ន្ធនាយកដ្ឋានកសិដ្ឋានរបស់អាមេរិកបានឱ្យដឹងថា នៅឆ្នាំនេះ អាហារថ្ងៃអរព្រះគុណសម្រាប់១០នាក់ នឹងចំណាយ ៥៣.៣១ដុល្លារអាមេរិក ដែលមានតម្លៃថ្លៃបំផុតចាប់ពីអង្គការមួយនេះចាប់ផ្តើមធ្វើការស៊ើបអង្កេតបែបនេះអស់រយៈពេល៣៦ឆ្នាំមក ។

       អាហារថ្ងៃអរព្រះគុណដែលមានតម្លៃថ្លៃ គ្រាន់តែជាទិដ្ឋភាពតូចមួយដែលបានបង្ហាញឱ្យឃើញនូវសភាពការណ៍ដែលប្រជាពលរដ្ឋអាមេរិកបាននិងកំពុងរងផលប៉ះពាល់ពីតម្លៃទំនិញខ្ពស់ ។ តម្លៃទាំងម្ហូបអាហារ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ទាំងថាមពល រថយន្តនិងទំនិញគ្រប់ប្រភេទសុទ្ធតែបានឡើងថ្លៃយ៉ាងខ្លាំង ។ ទិន្នន័យពាក់ព័ន្ធបានបង្ហាញថា នៅខែតុលាឆ្នាំនេះ អត្រាអតិផរណារបស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល៣១ឆ្នាំចុងក្រោយនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកធ្លាប់បានប្រកាសថា “អតិផរណាខ្ពស់គ្រាន់តែជាបាតុភូតបណ្តោះអាសន្ន” ប៉ុន្តែសភាពការណ៍ជាក់ស្តែងធ្វើឱ្យពាក្យសំដីនេះគ្មានភាពជឿជាក់បានទេ ។

      ពេលមុននេះ រដ្ឋាភិបាលអាមេរិកបានដាក់ចេញផែនការរំញោចសេដ្ឋកិច្ចចំនួនរាប់ទ្រីលានដុល្លារអាមេរិក ដើម្បីរំញោចតម្រូវការខាងការប្រើប្រាស់ ប៉ុន្តែដោយសារការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយអសមត្ថភាព បានជាពន្លឿនការស្តារទីផ្សារកម្លាំងពលកម្មឡើងវិញ ។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកអាណត្តិនេះនៅតែអនុវត្តគោលនយោបាយពន្ធគយខ្ពស់ទៅលើផលិតផល ចិនដែលបានដាក់ចេញដោយរដ្ឋាភិបាល អាណតិ្ត មុន ប្រការនេះក៏ជាមូលហេតុសំខាន់ មួយដែលបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ អង្គការពាណិជ្ជកម្មអាមេរិកចំនួន២៤ ក្នុងនោះបូករួមទាំងសមាគមពាណិជ្ជករនាំចេញនាំចូលរបស់អាមេរិក និងសភាពាណិជ្ជកម្មអាមេរិកជាដើម បានរួមគ្នាផ្ញើសារលិខិតជូនមន្ត្រី ពាណិជ្ជកម្មជាន់ខ្ពស់របស់អាមេរិក ក្នុងន័យដាស់តឿនឱ្យរដ្ឋាភិបាលអាមេរិកលុបចោលការដំឡើងពន្ធគយទៅលើផលិតផលចិន ដើម្បីជួយបន្ធូរបន្ថយសម្ពាធពីអតិផរណា ។ ថ្លៃងក្នុងសារលិខិតនេះ ពួកគេបានព្រមានថា ការដំឡើងពន្ធគយទៅលើផលិតផលចិន បាននិងកំពុងប៉ះពាល់ដល់សហគ្រាសនិងគ្រួសាររបស់អាមេរិក តាមរយៈទម្រង់តម្លៃទំនិញខ្ពស់ ។ ទិន្នន័យដែលពួកគេបានប្រគល់ជូនបានបង្ហាញឱ្យឃើញថា ការដែលអាមេរិកដំឡើងពន្ធគយទៅលើផលិតផលចិន បណ្តាលឱ្យពាណិជ្ជករនាំចូលរបស់អាមេរិកមានការខូចខាតលើសពី ១សែន១ម៉ឺនលានដុល្លារអាមេរិក ក្នុងនោះ អំឡុងពេលរដ្ឋាភិបាលអាណត្តិនេះ បានខាតបង់ចំនួន៤ម៉ឺនលានដុល្លារអាមេរិក ។

        បច្ចុប្បន្ននេះ អតិផរណាខ្ពស់មិនគ្រាន់តែធ្វើឱ្យសហគ្រាសនិងប្រជាពលរដ្ឋអាមេរិក រងផលប៉ះពាល់ ពីគោលនយោបាយ “អាមេរិកជាអាទិភាព”ប៉ុណ្ណោះទេ ថែមទាំងក៏មានហានិភ័យរីករាលដាលផងដែរ ។ មាន់បារាំងដែលមានតម្លៃថ្លៃ បានផ្តល់ការព្រមានដល់ក្រុងវ៉ាស៊ីនតោន ។ អ្នកនយោបាយអាមេរិក ទាំងឡាយគួរតែលះបង់ចោលផលប្រយោជន៍ ផ្ទាល់ខ្លួនខាងនយោបាយ ក្នុងន័យគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ និងធ្វើសេចក្តីសម្រេចចិត្តដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនអាមេរិក និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ៕

To Top