អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ សហរដ្ឋអាមេរិកដែលងប់ងល់នឹង “ការទូតបែបគំរាមកំហែង” ពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន

    នាពេលថ្មីៗ​កន្លងទៅនេះ ​មន្ត្រីអាមេរិក​បាន​មួលបង្កាច់​ជាសាធារណៈ​ជាច្រើនលើក​នូវ​វិធានការ​តប​ត​វិញ​ដ៏ត្រឹមត្រូវ​របស់ចិន​ចំពោះ​លីទុយអានី​ថា ​ជា​”ការទូត​បែប​គំរាមកំហែង” ​។ ​នេះ​គឺ​ជា​កលល្បិច​នយោបាយ​របស់​អាមេរិក​សម្រាប់​គាំទ្រ​អាជ្ញាធរលីទុយអានី ​ហើយ​រួម​ផ្សំ​ជាមួយ​ការ​ប៉ុនប៉ង​”ទប់​ស្កាត់​ការអភិវឌ្ឍ​របស់​ប្រទេសចិន​”ដោយ​យកបញ្ហា​តៃវ៉ាន់​ធ្វើជាលេស ​។ ​ការ​យក​”ការទូត​បែប​គំរាមកំហែង”​ធ្វើជាលេស ​ដើម្បី​បំភ្លៃការពិតទាំងស្រុង​ចំពោះ​ប្រទេស​ចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាពលាក់ពុត​និង​ភាពបោកបញ្ឆោត​នៃ​ការផ្តាច់​ការ​ខាង​ការ​បញ្ចេញ​មតិ​របស់​អាមេរិក ​។​

    សូម​បញ្ជាក់​ថា ​ទំនាក់ទំនង​រវាង​ចិន​និង​លីទុយអានី​បាន​ធ្លាក់ចូល​ក្នុង​សភាព​ជាប់​គាំង​នា​ពេល​បច្ចុប្បន្ន​នេះ ​អ្នកផងទាំងពួង​បាន​ដឹងច្បាស់ថា ​តើអ្នកណា​ត្រូវ​អ្នកណា​ខុស ​។ ​រដ្ឋាភិបាល​លីទុយអានី​បាន​បំពាន​លើ​ទំនុកចិត្ត​និង​បំផ្លាញ​គោលការណ៍​ប្រទេស​ចិន​តែ​មួយ​ដែល​បានរង​ការ​ចោទជាមន្ទិលសង្ស័យ​និង​ការប្រឆាំង​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ​។ ​សហរដ្ឋអាមេរិក​បាន​បិទស្លាក​”ការទូត​បែប​គំរាមកំហែង”​ទៅលើ​វិធានការ​ដ៏ត្រឹមត្រូវ​របស់​ប្រទេសចិន​សម្រាប់​គាំពារ​អធិបតេយ្យភាពជាតិ ​ពោលគឺ ​បំភ្លៃ​ការ​ពិត​ទាំងស្រុង ​ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ​។​

    បើ​រំលឹកឡើងវិញ​ពី​ប្រវត្តិសាស្ត្រ​អាចឃើញថា ​”ការទូត​បែប​គំរាមកំហែង” ​គឺជា​ប៉ាតង់​របស់​សហរដ្ឋ​អាមេរិក ​។ ​គន្លឹះ​នៃ​គំនិតនេះ ​គឺ ​ដោយពឹងផ្អែកទៅលើ​ការ​បង្ក​ការគំរាម​កំហែង​ដោយ​កម្លាំង​បាយ ​ដាក់ឱ្យ​ឯកោផ្នែកនយោបាយ ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​និង​បំបិទ​ផ្លូវ​ផ្នែក​បច្ចេកវិទ្យា​ជាដើម ​ដើម្បី​បង្ខំឱ្យ​ប្រទេសដទៃ​អនុវត្ត​តាម​តម្រូវការ​របស់​អាមេរិក​ក្នុងន័យ​សម្រេច​បាន​នូវ​គោលដៅយុទ្ធសាស្ត្រ​របស់​អាមេរិក​និង​គាំពារ​អនុត្តរភាព​បែប​អាមេរិក ​។ ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំ​កន្លងមក ​សហរដ្ឋអាមេរិក​បាន​ផ្តល់​គំរូ​ដ៏ល្បីឈ្មោះ​ស្តីពី​”ការទូត​បែប​គំរាមកំហែង”​ដល់​ពិភពលោក​តាមរយៈ​សកម្មភាព​ពី​មួយលើកទៅមួយ​លើក ​។​

    នៅខែធ្នូ ​ឆ្នាំ ២០២១ ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​ដែល​ហៅ​ថា ​”សេចក្តីព្រាងច្បាប់​របស់​អាមេរិក​ស្ដីពី​ការបង្ការ​ការបង្ខំឱ្យ​ធ្វើពលកម្ម​របស់​ជនជាតិវៃវូអឺ”​លើមូលដ្ឋាន​ពាក្យភូត​កុហក​ដោយ​យកបញ្ហា​”សិទ្ធិមនុស្ស”​ធ្វើជា​លេស ​ប៉ុនប៉ង​ដាក់សម្ពាធទៅលើ​ឧស្សាហកម្ម​កប្បាស​នៃ​តំបន់ស៊ីនជាំង ​បង្ខំឱ្យ​សហគ្រាស​អន្តរប្រទេស​ឈរនៅ​ខាង​ណាមួយ ​ក៏ដូចជា​សម្រេចបាន​នូវ​ឧបាយកល​របស់ខ្លួន​ដែល​ប៉ុនប៉ង​”ទប់ស្កាត់​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន”​ដោយ​យក​បញ្ហា​ស៊ីនជាំង​ធ្វើជាលេស​ក្នុង​ក្របខណ្ឌ​កាន់តែធំ ​។​

    បើ​និយាយ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​មានហ្សែន​ធ្វើអនុត្តរភាព​តាំងពី​កំណើត​មក ​”ការ​ទូត​បែប​គំរាមកំហែង” ​គឺជា​ឧបករណ៍នយោបាយ​របស់ខ្លួន​ដែល​មិនអាច​ឃ្លាត​ឆ្ងាយ​បាន ​។ ​យ៉ាង​ណា​មិញ ​ក្នុងយុគសម័យ​នៃការធ្វើសកលភាវូបនីយកម្ម​ដែល​បាន​អនុវត្ត​ពហុភាគី​និយម ​ផ្តល់ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ ​សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​”ការទូត​បែប​គំរាមកំហែង” ​គឺ​គ្មាន​ច្រកចេញនោះទេ ​។ ​ការពិតជាក់ស្តែង​គ្រប់​បែប​យ៉ាង​ក៏​បាន​បញ្ជាក់​ដែរថា ​”ការទូត​បែប​គំរាមកំហែង”​របស់​អាមេរិក​ពិត​ជា​នឹង​ទទួល​លទ្ធផល​ដ៏​អាក្រក់​ជាក់ជា​មិនខាន ​។​

    តើ​ទីបំផុត​នរណា​កំពុង​គំរាមកំហែង​ដល់​ពិភពលោកទាំងមូល ​? ​តើ​នរណា​កំពុង​បំផ្លិច​បំផ្លាញ​ដល់​សណ្តាប់​ធ្នាប់​អន្តរជាតិ​និង​ក្បួនច្បាប់​នៃ​ពហុភាគីនិយម ​? ​មិនបាច់និយាយ​ក៏គេ​ដឹង​ដែរ ​។ ​សហរដ្ឋអាមេរិក​មិន​អាច​ធ្វើឱ្យ​ខ្លួន​ឯង​មាន​ភាព​ខ្លាំងក្លា​ដោយ​ពឹង​ផ្អែក​លើ”ការទូត​បែប​គំរាម​កំហែង”​នោះ​ឡើយ ​ផ្ទុយ​ទៅ​វិញ ​វា​បែរ​ជា​នឹង​ធ្វើឱ្យ​ខ្លួន​ឯង​នៅ​ឯកោ​ពី​ពិភពលោក​ពី​មួយ​ថៃ្ង​ទៅមួយថៃ្ង ​ហើយ​និង​ទទួល​បរាជ័យ​នៅ​ទី​ចុង​បំផុត ​៕​

To Top