ថ្ងៃទី១៤ខែមករា តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិន បានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ ៥ទ្រីលានដុល្លារអាមេរិក និង៦ទ្រីលានដុល្លារអាមេរិក ដូច្នេះ តួនាទីរបស់ចិន ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ កាន់តែមានភាពរឹងមាំថែមទៀត។
សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ បានមកដោយមិនងាយស្រួល ។ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ហើយបានបង្ហាញពីភាពធន់យ៉ាងខ្លាំង ដែលបានបញ្ជាក់ថា និន្នាការល្អប្រសើរជាទូទៅ ក្នុងរយៈពេលយូរមិនផ្លាស់ប្ដូរឡើយ ។
៩ខែដំបូងក្នុងឆ្នាំ២០២១ តម្លៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេស ចិនបានឡើងដល់ ៨២៣១៣១០០លានប្រាក់យាន់ចិន បានកើនឡើង ៩.៨ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ សេដ្ឋកិច្ចម៉ាក្រូបានរក្សានិន្នាការ ល្អប្រសើរជាបន្តបន្ទាប់ ប្រការនេះបានផ្តល់ជំនឿចិត្ត ដល់ទាំងភាគីផ្គត់ផ្គង់និងភាគីតម្រូវការ ។ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា នៅឆ្នាំមុន ការនាំចូលនិងនាំចេញផលិតផលពាក់កណ្តាលសម្រេចរបស់ប្រទេសចិនបានកើនឡើង ២៤.៩ភាគរយនិង២៨.៦ភាគរយ ដោយឡែកការនាំចូលទំនិញប្រើប្រាស់បានកើនឡើង៩.៩ភាគរយ ។
ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចសកល បានរក្សានិន្នាការងើបឡើងវិញ តម្រូវការនៅបរទេស បានកើនឡើងជាបន្តបន្ទាប់ ដែលបានជម្រុញដល់ពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ឡើងមួយកម្រិតថែមទៀត ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានវាយតម្លៃថា ទាំងផលិតផលអេឡិចត្រូនិក និងគ្រឿងតុទូតាំងក្រៅផ្ទះ ទិន្នន័យដឹកជញ្ជូនបានបញ្ជាក់ ថា ឆ្នាំមុន ទីផ្សារសកលបានរក្សា “តម្រូវការយ៉ាងខ្លាំង” ចំពោះផលិតផល ចិន ។
ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានឡើងដល់កម្រិតថ្មី ក៏មានសារសំខាន់កាន់តែលេចធ្លោ ចំពោះខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ឆ្នាំ២០២១ ការនាំចេញនិងនាំចូលរវាងចិន និងដៃគូពាណិជ្ជកម្មសំខាន់ៗ សុទ្ធតែបានសម្រេចបាន នូវកំណើនយ៉ាងនឹងនរ ។ ក្នុងនោះ ការនាំចេញនាំចូល ជាមួយប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”ដែលភាគច្រើន ជាប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានកំណើនកាន់តែឆាប់រហ័ស ដែលបានកើនឡើង ដល់២៣.៦ភាគរយ បើប្រៀបធៀបនឹង ល្បឿនកំណើនជាទូទៅ បានខ្ពស់ជាង ២.២ភាគរយ ។
ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់ការងើបឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងជំរុញ ឱ្យសេដ្ឋកិច្ចសកលងើបឡើងវិញ ដោយឆ្ពោះទៅកាន់ទិសដៅ កាន់តែមានតុល្យភាព កាន់តែប្រសើរ និងកាន់តែមាននិរន្តរភាព ។ ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ បានចូលជាធរមានជាផ្លូវការ នៅប្រទេសអាស៊ានទាំង៦ ចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី ។ ការចាប់ដំណើរការ នៃតំបន់ពាណិជ្ជកម្មសេរី ធំជាងគេនៅលើពិភពលោក ទាំងមូល នឹងជំរុញយ៉ាងខ្លាំង នូវពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។
អាចនិយាយបានថា និន្នាការល្អប្រសើរជាទូទៅ ក្នុងរយៈពេលយូរ របស់សេដ្ឋកិច្ចចិន មិនបានកែប្រែទេ ហើយនឹងបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់លំនឹងពាណិជ្ជកម្មជាមួយបរទេស របស់ចិនជាបន្តបន្ទាប់ ។ ប្រទេសចិនមានជំនឿចិត្ត ធ្វើការងាររបស់ខ្លួន ឱ្យបានល្អ ក៏ដូចជាបន្តបំពេញបន្ថែមកម្លាំងចលករថ្មី ដល់កំណើនពាណិជ្ជកម្ម នៅទូទាំងពិភពលោក និងការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ៕