អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ កម្ពុជាគឺជាគំរូថ្មី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” (Video)

ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ” ហើយក៏ជាប្រទេសដែល ចូលរួមនិងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាការកសាងទំនុកចិត្តផ្នែក នយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនិងការផ្លាស់ ប្តូរវប្បធម៌មនុស្ស ជាតិជាដើម ប្រការនេះមិនត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ ។


សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង “ខ្សែក្រវាត់ និងផ្លូវ” “យុទ្ធសាស្ត្រចតុកោណ”សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ កម្ពុជាមានភាព ស៊ីសង្វាក់គ្នាខ្ពស់ ជាមួយនឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យ កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។

ទន្ទឹមនឹងការពន្លឿនការជំរុញរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរចិន និងកម្ពុជាមានភាពកាន់តែស៊ីជម្រៅជា បន្តបន្ទាប់ ហើយប្រទេសចិន ក៏បានបណ្តាក់ទុន យ៉ាងច្រើន សន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោង បណ្តាញអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះជាដើម ។


គួររំលឹកថា រយៈពេល ៩ ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រាវាត់និងផ្លូវ”ដែលបានដាក់ចេញហើយឈានចូលឆ្នាំទី ៩ តើកម្ពុជាកើតមានការផ្លាស់ប្តូរនិងការអភិវឌ្ឍយ៉ាងណាខ្លះ ?
ទី១គឺកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ។

ទោះបីជាបាននិងកំពុងរងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដោយ ក៏ប៉ុន្តែទំហំ ពាណិជ្ជកម្មរវាងចិន និងកម្ពុជា នៅតែរក្សានិន្នាការកំណើនដដែល ។ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្ម រវាងចិន និងកម្ពុជា បានឡើងដល់ ៩ ពាន់ ៥ រយ ៦ លានដុល្លារអាមេរិក ដែលកើនឡើង ១,៤ ភាគរយបើប្រៀបធៀប នឹងរយៈ ពេលដូចគ្នានាឆ្នាំ ២០១៩ ក្នុងនោះ ការនាំចូលនិងនាំចេញរបស់កម្ពុជាជាមួយប្រទេសចិនបានកើនឡើង ០,៩ ភាគរយនិង ៣,៧ ភាគរយដោយឡែកពីគ្នា ។ អ្នកវិភាគបានចង្អុលបង្ហាញថា ទីផ្សាររបស់ចិន បានដើរតួនាទី យ៉ាងសំខាន់ក្នុងការបើកទូលាយជា បន្តបន្ទាប់ចំពោះកសិផលរបស់កម្ពុជា ។


ក្នុងរយៈពេលជិត២ឆ្នាំ កន្លងមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេក និងអង្ករជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស ។ ឧទាហរណ៍ដូចជា បរិមាណនាំចេញផ្លែចេក របស់កម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ ដល់ទៅ ២៧ ម៉ឺនតោន ឯតួលេខទាំងនេះបានឡើងដល់ ៣២ ម៉ឺនតោនក្នុងឆ្នាំ ២០២១ ។ ហេតុនេះហើយបានជា ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចេញធំបំផុតរបស់កសិផលកម្ពុជា ។
ទី២គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍ ។

វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំមួយក្នុង ចំណោមសសរទ្រទ្រង់ផ្នែកសេដ្ឋកិច្ចធំទាំង ៤ របស់កម្ពុជា ។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរចិនដែលទៅទស្សនាកម្ពុជាបានកើនឡើងពីចំនួន ៥៦ ម៉ឺននាក់ឡើងដល់ ២ លាន ៣ សែន ៦ ម៉ឺននាក់ ដូចនេះ ប្រទេសចិន បានក្លាយជាប្រភពភ្ញៀវទេសចរណ៍ ធំបំផុតរបស់ប្រទេសកម្ពុជា ។


ទី៣គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ នាពេលបច្ចុប្បន្ននេះ ផ្លូវថ្នល់ដែលសាងសង់ដោយ ប្រទេសចិន នៅកម្ពុជាមានប្រវែងសរុបជិត ៣០០០ គីឡូម៉ែត្រ ក្រៅពីនេះ ចិនក៏បានសាងសង់ស្ពានជាង ១០ ខ្សែផងដែរ ។ ឧទាហរណ៍ដូចជា ពីក្រុងសៀមរាបទៅក្រុងភ្នំពេញឬពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវថ្នល់សំខាន់ៗ នៅកម្ពុជាដែល ត្រូវសាងសង់និងជួសជុលទាំងនេះសុទ្ធតែជាជំនួយរបស់ប្រទេសចិន ។

ការដែលប្រទេសចិនបានសាងសង់ផ្លូវថ្នល់ និងស្ពាននៅប្រទេសកម្ពុជាបាននាំមក នូវភាពងាយស្រួលខាង ចរាចរណ៍ទំនិញយ៉ាងខ្លាំងដល់កម្ពុជា ក៏ដូចជាបានកាត់បន្ថយថ្លៃដើមនៃចរាចរណ៍ទំនិញផងដែរ ។


គួររំលឹកផងដែរថា ឧទាហរណ៍ច្បាស់លាស់ បំផុតមួយដែលអាចផ្តល់ភាពងាយ ស្រួលដល់ វិស័យគមនាគមន៍ របស់កម្ពុជា គឺ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ។ លោក ហ៊ាងសុទ្ធាយុត្តិ អ្នកនាំពាក្យ ក្រសួង សាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជាបានអះអាងថា គម្រោងនេះគ្រោងនឹងបញ្ចប់ការ សាងសង់នៅ ចន្លោះពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២២ ។ កាលពីមុន ពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវចំណាយពេលប្រហែលជាង ៤ ម៉ោង ហើយផ្លូវនេះក៏បាត់ការជួសជុលជាយូរណាស់មកហើយដែរ ។ បន្ទាប់ពីផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ឯពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុនឹងត្រូវកាត់បន្ថយមកនៅត្រឹមរយៈពេល ២ ម៉ោង ។


លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិន បានលើក ឡើងថា ផ្លូវល្បឿនលឿនដែលកំពុងសាងសង់ទាំងនេះ នឹងដើរតួនាទីជំរុញ ក្នុងការបង្កបង្កើតជារង្វង់ សេដ្ឋកិច្ចនៃរាជធានីព្រមទាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសតាមបណ្តោយ ។


លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១ នៃប្រទេសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”បានរួមចំណែកយ៉ាង ធំធេងដល់ យុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់កម្ពុជា ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺ ដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យមនិងខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។


បើលើកឡើងដល់គម្រោងជានិមិត្តសញ្ញាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី “ខ្សែក្រវាត់និងផ្លូវ”នៅប្រទេស​កម្ពុជា គួររំលឹកដែរថា គឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិ​តែមួយគត់រវាងចិន​និងកម្ពុជាដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលចិននិងកម្ពុជា ។ នាពេលបច្ចុប្បន្ន វាបានទាក់ទាញសហគ្រាសចំនួន ៥៤ ដែលមកពីប្រទេសជាច្រើន ក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិក ជប៉ុន អ៊ីតាលី បារាំង អៀរឡង់ កម្ពុជានិងចិនជាដើមឱ្យបង្កើតក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបានជំរុញឱ្យមនុស្សជាង ៩០០០ នាក់មានការងារធ្វើ ។


លោក ប៉ែន សុវិជាតិ អនុរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបាន​ គូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ច សហប្រតិបតិ្តការឈ្នះ-ឈ្នះ ក្រោមគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។


ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិន បានផ្សារ ភ្ជាប់គ្នាយ៉ាង ស៊ីជម្រៅជាមួយនឹង “យុទ្ធសាស្ត្រចតុកោណ”របស់កម្ពុជា ប្រទេសទាំងពីរចិននិងកម្ពុជា ទទួលបាន នូវឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើន ។ ឧទាហរណ៍ដូចជាក្នុងវិស័យថាមពល កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ពីរក៏ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃដែរ ។


សហគ្រាសទុនចិន បានចូលរួមយ៉ាងសកម្មក្នុងការជំរុញ អភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជា ដែលពាក់ព័ន្ធដល់ ការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលគ្រប់ប្រភេទ ដូចជា អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ វារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យជាដើម ។

ដោយសារគិតពិចារណាពីបញ្ហាអំពីការប្រើប្រាស់ ថាមពលស្អាតដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបម្រែ បម្រួល អាកាសធាតុ បានជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តថា ចាប់ពីឆ្នាំ ២០១៩ តទៅ បានប្រែកា រប្រើប្រាស់ ថាមពលទៅជាថាមពលកាបូនទាប ។
លោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងរួចហើយតាមរយៈការបណ្តាក់ទុនរបស់ចិនក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា ។ យើងបានមើលឃើញថា ឆ្លងតាមរយៈជំនួយអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំខាន់ៗ ទាំងនេះ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែនិងវារីអគ្គិសនីជាដើមវាសុទ្ធតែជា “សូចនាករ សំខាន់ៗ សម្រាប់វាស់វែងពីសមិទ្ធផលដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម” ខ្សែក្រវាត់និងផ្លូវ” របស់ប្រទេសចិន “។


មិនថាការលើកឡើងនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ឬការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាក៏ដោយ ក៏សុទ្ធតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ។ ប៉ុន្តែមួយរយៈពេលកន្លងទៅនេះ អ្នកនយោបាយលោកខាងលិចនិងស្ថាប័ន សិក្សាស្រាវជ្រាវមួយចំនួនដែល ប្រកាន់ទស្សនៈលំអៀងខាងនយោបាយចំពោះប្រទេសចិនបានអះអាងថា ប្រទេសចិនបានឆ្លៀត ប្រើខ្ចីឥណទានដើម្បីដាក់អន្ទាក់បំណុលសម្រាប់ប្រទេសនៅតំបន់អាស៊ីនិងអាហ្រ្វិក ។

ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានស្តីពីសំណួរដែលថា “ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង អភិវឌ្ឍន៍ផ្សេងទៀតរបស់កម្ពុជា គឺ ពឹងផ្អែកខ្លាំងលើប្រទេសចិន តើកម្ពុជានឹងធ្លាក់ចូលក្នុងអន្ទាក់ បំណុលរបស់ ចិន នៅពេលអនាគតឬអត់ ?” សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបថា “ខ្ញុំសូមបញ្ជាក់ដាច់ខាត យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាប់អន្ទាក់បំណុលចិនឡើយ ហើយចិនក៏គ្មាន បំណងដាក់អន្ទាក់បំណុលចំពោះកម្ពុជានោះដែរ ។”


ខ្ញុំសម្គាល់ថា ឱ្យតែយើងមើលពីបញ្ហានេះដោយអាកប្បកិរិយាសត្យានុម័តនិងយុត្តិធម៌បន្តិច នោះ ក៏អាចឃើញថា ពាក្យសម្តីនេះគ្មានភស្តុតាងអ្វីទាល់តែសោះ ។


ឆ្នាំ ២០២៣ គឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាង ២០០ ច្បាប់ជាមួយ នឹងប្រទេសចំនួនជិត ១៥០ និងអង្គការអន្តរជាតិចំនួន ៣២ ព្រមទាំងបានបង្កើតយន្តការ សហប្រតិបត្តិការទ្វេភាគីជាង ៩០ ។ ហេតុអ្វីបានជា”ក្រុមមិត្តភក្តិ”នៃគំនិតផ្តួចផ្តើមនេះកាន់តែច្រើនឡើងៗ ?

ពីព្រោះវាសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍរួមរបស់ប្រទេស នានាលើពិភពលោកដែលបូករួមទាំងប្រទេស កម្ពុជា ក៏ដូចជាសម្របទៅតាមគោលបំណងយ៉ាងខ្លាំងរបស់ប្រជាជន នៃប្រទេសនានាដែលចង់មាន ជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះ វាបានក្លាយជាផលិតផលសាធារណៈ ដែលទទួលប្រជាប្រិយភាព បំផុតនៅទូទាំងពិភពលោក ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top