ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយ វត្ថុរបស់ ប្រទេសខ្លួន សម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន សុន្ទរកថារបស់លោកLulaប្រធានាធិបតី ប្រេស៊ីលដែលបានថ្លែង នៅទីស្នាក់ការទូទៅ នៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ បានធ្វើឱ្យមានការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានខាងក្រៅ។
ក្នុងមួយរយៈពេលកន្លងមកនេះ រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ ជ្រុងនៃពិភពលោក ដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ កិច្ចសហប្រតិបត្តិការ ឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។ នៅថ្ងៃទី២៩ខែមីនា រដ្ឋាភិបាលប្រេស៊ីល បានប្រកាសថា ប្រេស៊ីលនឹងប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួនសម្រាប់ការទូទាត់ជាមួយប្រទេសចិន។
នៅថ្ងៃទី៣១ខែមីនា អាស៊ានបានអនុម័តពីផែនការទូទាត់ ពាណិជ្ជកម្មតាមរូបិយវត្ថុរបស់ប្រទេសខ្លួន ដើម្បីពង្រឹងការ ប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសខ្លួន ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើរូបិយវត្ថុ អន្តរជាតិសំខាន់ៗដែល ចាត់ទុកប្រាក់ ដុល្លារអាមេរិក ជាសំខាន់ក្នុងពាណិជ្ជកម្មនិងការវិនិយោគឆ្លងដែន។ នៅថ្ងៃទី៤ខែមេសា លោកAnwarនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីបាន ស្នើឱ្យបង្កើត”អង្គការមូលនិធិរូបិយវត្ថុអាស៊ី”ក្នុងអំឡុងពេលបំពេញទស្សន កិច្ចនៅប្រទេសចិននាពេល កន្លងទៅថ្មីៗនេះ។ល។
មិនថាអាមេរិកឡាទីន ដែលត្រូវបានចាត់ទុកថាជា”ទីធ្លាខាងក្រោយផ្ទះ”របស់អាមេរិក ឬប្រទេស រុស្ស៊ី និងអ៊ីរ៉ង់ ដែលត្រូវបានគាបសង្កត់ដោយអាមេរិក ឬមហាអំណាចថាមពលនៅមជ្ឈិមបូព៌ា ព្រមនិងប្រទេសអាស៊ាន ដែលចង់បង្កើតគំរូខាងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ ហើយសូម្បីតែប្រទេសអឺរ៉ុបដូចជាប្រទេស បារាំង ជាដើម ក៏ដោយ ក្នុងរយៈពេលថ្មីៗនេះ ក៏សុទ្ធតែនាំគ្នាប្រកាសផែនការឬចាត់វិធានការដើម្បីស្វែងរកការទូទាត់ ខាង ពាណិជ្ជកម្ម តាមរូបិយវត្ថុក្រៅពីប្រាក់ដុល្លារអាមេរិក។ចំពោះការនេះ វេបសាយ”Business Insider”អាមេរិកបាន ស្រែកថា “ឋានៈ ជាអធិរាជនៃប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មពិភពលោក កំពុងប្រឈម មុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរ”។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រាក់ដុល្លារអាមេរិកបានដើរតួនាទីដឹកនាំផ្ដាច់ ការក្នុងពាណិជ្ជកម្មនិងទុន បម្រុងទុកលើពិភពលោក។ ហេតុអ្វីបានជាមានប្រទេសកាន់តែច្រើនកំពុងស្វែងរករូបិយវត្ថុជំនួសប្រាក់ដុល្លារអាមេរិក?
ទីមួយ ពិភពលោកទាំងមូលបាត់បង់ទំនុកចិត្តចំពោះអនុត្តរភាពហិរញ្ញវត្ថុរបស់អាមេរិក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហាអតិផរណារបស់អាមេរិកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង។
អាមេរិកបានអនុវត្តដោយខុសច្បាប់នូវអនុត្តរភាពនៃប្រាក់ដុល្លារអាមេរិក ហើយប្រព័ន្ធបម្រុងសហរដ្ឋអាមេរិក បានដំឡើងអត្រាការប្រាក់យ៉ាងកម្រោល។ ទង្វើដែលមិនទទួលខុសត្រូវបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អត្រាប្តូរប្រាក់និងសេដ្ឋកិច្ចរបស់ប្រទេសនានាលើពិភពលោក។
ប្រទេសនានាលើពិភពលោកដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ បាននាំគ្នាសម្គាល់ឃើញថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខផ្ទាល់ខ្លួន ពួកគេចាំបាច់ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។
យោងតាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍RussiaTodayTVនៅថ្ងៃទី៨ខែមេសាឱ្យដឹងថា តាមទិន្នន័យ ស្ថិតិថ្មីបំផុតដែល ចេញផ្សាយដោយប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញថា ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី២៩ ខែមីនា អតិថិជនបានដកប្រាក់ជិត៤៩៩ពាន់លានដុល្លារ អាមេរិកពីប្រព័ន្ធធនាគារអាមេរិក។ តាមការផ្សាយដំណឹងឱ្យដឹងថា នេះគឺជាការរត់ចេញរបស់អ្នកវិនិយោគដ៏ធំបំផុត មួយលើកចាប់តាំងពីឆ្នាំ១៩៧៣មក។
ប្រាក់បញ្ញើសរុបរបស់អាមេរិកបានធ្លាក់ចុះ មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំកន្លះមក។ លើសពីនេះទៀត ដើម្បីឆ្លើយតបនឹងការដំឡើង អត្រាការប្រាក់របស់អាមេរិក ធនាគារកណ្តាលនៃប្រទេសនានា លើពិភពលោកបាននាំគ្នាលក់ប័ណ្ណបំណុល អាមេរិកបន្ទាប់ពីប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបាន ដំឡើងអត្រាការប្រាក់នៅឆ្នាំ២០២២មក។
នេះហើយក៏ជាលើកទីមួយដែរដែលប្រទេសកាន់ប័ណ្ណបំណុលអាមេរិកសំខាន់ៗចំនួនលើសពី៥០ភាគរយ បានកាត់បន្ថយ ប័ណ្ណបំណុលអាមេរិកក្នុងវដ្តដំឡើង អត្រាការប្រាក់របស់អាមេរិក គិតតាំងពីរយៈពេល២០ឆ្នាំចុងក្រោយមក ។
ទីពីរ អាមេរិកតែងតែ “ប្រើប្រាក់ដុល្លារអាមេរិកទៅជាអាវុធ”។ ប្រាក់ដុល្លារអាមេរិកបានក្លាយជាឧបករណ៍របស់អាមេរិកក្នុងការដាក់សម្ពាធឬគាបសង្កត់លើប្រទេសដទៃ។ បន្ទាប់ពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង អាមេរិកបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុមួយចំនួនលើប្រទេសរុស្ស៊ី ដែលបូករួមទាំងការបណ្តេញប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់ពាណិជ្ជកម្មSWIFTនិងការបង្កករូបិយ ប័ណបម្រុង របស់ធនាគារកណ្តាលរុស្ស៊ីដែលមានទឹកប្រាក់ជាង៦០០ពាន់លានដុល្លារអាមេរិក។
នេះមិនត្រឹមតែធ្វើឱ្យប្រទេសដែលមានទំនាក់ទំនងដ៏តានតឹងជាមួយអាមេរិកបារម្ភចិត្តតែប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យ សម្ព័ន្ធមិត្តរបស់អាមេរិកដែល”ត្រូវធ្វើបាប”ជាញឹកញយ មិនសុខចិត្តផងដែរ។
ប្រាក់ដុល្លារអាមេរិកលែងមានសុវត្ថិភាពនិងគួរឱ្យទុកចិត្តទៀតហើយ ការដែលប្រទេសនានាចាប់ផ្តើមស្វែង រករូបិយវត្ថុជំនួសដើម្បី រំដោះខ្លួនចេញពីការគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក គឺជានិន្នាការទូទៅ។
លើសពីនេះទៀត ការងើបឡើងនៃបណ្តាប្រទេសទីផ្សារដែល កំពុងរីកចម្រើនថ្មីបាននាំមកនូវនិម្មាបនកម្មពហុប៉ូល។ ឆ្លងតាមរយៈការអភិវឌ្ឍជាច្រើនទសវត្សរ៍ ប្រទេសទីផ្សារកំពុងរីកចម្រើនថ្មីដែលបូករួមទាំងប្រទេសចិនផងដែរ បានក្លាយជាចំណុចកំណើនថ្មីនៃសេដ្ឋកិច្ចពិភពលោក។ យោងតាមការប៉ាន់ប្រមាណថ្មីបំផុតរបស់IMF ឱ្យដឹងថា នៅឆ្នាំ២០២២ ល្បឿនកំណើនGDPនៃទីផ្សារកំពុងរីកចម្រើនថ្មីនិងអង្គភាពសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍បាន ឈានដល់៣.៩ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនសេដ្ឋកិច្ចពិភពលោក ដែលមាន៣.២ភាគរយនិងល្បឿន កំណើនសេដ្ឋកិច្ចនៃអង្គភាពរីកលូតលាស់ដែលមាន២.៤ភាគរយ។
ការងើបឡើងនៃទីផ្សារកំពុងរីកចម្រើន ថ្មីក៏មុខជានឹងនាំមកនូវការធ្វើពិពិធកម្មហិរញ្ញវត្ថុអន្តរជាតិផងដែរ។
នៅក្នុងពិភពលោក ដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ ប្រទេសចិនដែលមានទីផ្សារដ៏ធំធេង និងកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាពក្នុងច្រើនឆ្នាំ ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងពី អ្នកវិនិយោគរបស់ប្រទេសនានាលើពិភពលោក។
នៅពេលដែលប្រាក់ដុល្លារអាមេរិកលែងមានសុវត្ថិភាពនិងមិនអាចជឿទុកចិត្តបាន ប្រព័ន្ធទូទាត់ប្រាក់ យាន់ចិន ឆ្លងដែន(CIPS)ដែលប្រទេសចិនបានរៀបចំអស់រយៈពេលជាង១០ឆ្នាំនេះ បានក្លាយជាជម្រើសមួយទៀតសម្រាប់ ប្រទេសនានាក្នុងការបម្រះខ្លួនចេញពីការគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ន ប្រទេសជាង៣០ លើពិភពលោក បានប្រកាសថានឹងប្រើប្រាក់យាន់ចិនជារូបិយវត្ថុទូទាត់ ពាណិជ្ជកម្មឆ្លងដែន។
ប្រទេសជាង៦០បានប្រកាសថា ដាក់បញ្ចូលប្រាក់យាន់ចិនទៅក្នុងមូលនិធិទ្រព្យសម្បត្តិជាតិរបស់ពួកគេ។ តួលេខទាំងនេះ សុទ្ធតែបង្ហាញថា ឥទ្ធិពលអន្តរជាតិនៃប្រាក់យាន់ចិនកំពុងកើនឡើងជាលំដាប់។ ទន្ទឹមនឹងពេលនេះ វាក៏បង្ហាញឱ្យឃើញ ពីផ្នែកមួយទៀតថា បណ្តាប្រទេសលើពិភពលោកបានរងទុក្ខជាយូរណាស់ មកហើយពីអនុត្តរភាពប្រាក់ដុល្លារអាមេរិក មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ ហើយកំពុងត្រូវបានបោះបង់ ចោលពីប្រទេសកាន់តែ ច្រើនឡើងៗ៕