អត្ថបទស្រាវជ្រាវ (scholar)

ព្រែកជីក “ ហ្វូនណនតេជោ “ ជាកំពែងដ៏រឹងមាំ ក្នុងការធ្វើឲ្យ ភូមិសាស្រ្តនយោបាយ និង បណ្តាសារភូមិសាស្ត្រ លែងជាសុបិន្តអាក្រក់ និងមានប្រសិទ្ធិភាព ក្នុងការមកលង អស់រយៈកាល រាប់សិបទស្សវត្សន៍ លើខ្មែរ

ដើម្បី ជាការយល់ដឹងអំពីបណ្តារសារ ភូមិសាស្ត្រនេះ ចូលសិក្សាប្រវត្តិសាស្ត្រ ដើម្បីទប់ទល់ទៅនិងសង្គ្រាមក្នុងស្រុក ពួកអាណានិគមនិយមបារាំង បានលេងសន្លឹកបៀរ “ ដំណោះស្រាយ Bao Dai “. ដោយបារាំង បានយកស្តេច Bao Dai ដែលអស់អំណាច មកកាន់អំណាចវិញ ដែលការធ្វើយ៉ាងនេះ គឺដើម្បីប្រែក្លាយ Bao Daiទៅជាកូនអុក ប្រឆាំងទៅនិងការតសូ៍ប្រដាប់អាវុធរបស់ពួកបះបោរវៀតណាមកម្មុយនិស្ត នាពេលនោះ ហើយដើម្បី ជាថ្នូរក្នុងការទទួលយល់ព្រម វិលមកកាន់អំណាចវិញ របស់ ស្តេច Bao Dai ដើម្បីជាការជួយស្តារមុខមាត់ របស់បារាំង នៅក្នុងតំបន់នេះ ឡើងវិញនោះ គឺបារាំង ត្រូវប្រគល់ដែនដី Nam Ky ( ដែនដីកម្ពុជាក្រោម ) មកឲ្យវៀតណាម ( sic ) នៅក្នុងបុព្វបទដ៏តានតឹង មួយនេះ បារាំងបានឯកភាពទៅនិងសំណើ របស់ស្តេច Bao Dai ដែលទោះបីជាមានការប្រឆាំងជំទាស់ ពីកម្ពុជា ក៏ដោយ ។

ព្រោះក្នុងដែនដី Nam Ky ដែលបារាំងប្រគល់ទៅឲ្យក្រុង Hue នោះ ក៏មានដីកម្ពុជាក្រោម មួយចំណែកធំ របស់កម្ពុជា នៅលើផ្លូវច្បាប់ និងក្នុងប្រវត្តិសាស្ត្រ ។ នេះគឺជាសេចក្តីអះអាងរបស់ សម្តេច សីហនុ ដែលព្រះអង្គ បានសរសេរលិខិត ជូនទៅ ឧត្តមស្នងការ បារាំង ប្រចាំឥណ្ឌូចិន នាថ្ងៃទី ២០ មករា ១៩៤៨ ។

ពាក់ពន្ធ័ដល់ចំណុចមួយនេះ រដ្នាភិបាលរបស់បារាំង ក៏បានផ្ញើលិខិតផ្លូវការមួយច្បាប់ ជាការឆ្លើយតបទៅនឹងសារលិខិត របស់ សម្តេច សីហនុ ដោយក្នុងលិខិតរបស់ បារាំងមួយនេះ បានបញ្ជាក់ថា ដែនដី Nam Ky ត្រូវបានអាណ្ណាម ផ្ទេមកឲ្យបារាំង ដោយការផ្ទេនេះ គឺអនុលោមទៅតាមកិច្ចព្រមព្រៀងឆ្នាំ ១៨៦២ និង ១៨៧៤ ពីព្រះរាជវាំងHue លើផ្លូវច្បាប់ ដូច្នោះបារាំង មានមូលដ្នានគ្រប់គ្រាន់ ក្នុងការព្រមព្រៀងជាមួយស្តេច Bao Dai ក្នុងការកែសំរួលលក្ខខណ្ឌនយោបាយ របស់ Nam Ky តែបុណ្ណោះ ។

នៅក្នុងបរិបទមួយនេះ ទើបនៅថ្ងៃទី៨ មីនា ១៩៤៩ លោក Vincent Auriol ប្រធានាធិបតីបារាំង បានចុះហត្ថលេខា ជាមួយស្តេច Bao Dai នូវកិច្ចព្រមព្រៀង Élysées. ក្នុងការបង្កើតឡើង នៅររដ្ឋអំណាចវៀតណាមមួយ ដែលស្ថិតនៅក្នុង សហភាពបារាំង ហើយទន្ទឹមនេះផងដែរ កិច្ចព្រមព្រៀង Élysées ជាយថាហេតុ បានមោឃភាព មកលើកិច្ចព្រមព្រៀង Patenotre ឆ្នាំ១៨៨៤ និងជាការឯកភាពក្នុងការចាតបញ្ជូល Nam Ky ទៅក្នុងរដ្ឋវៀតណាមទៅ ។ ដល់ថ្ងៃទី ៤ មិថុនា ១៩៤៩ ប្រធានាធិបតីបារាំង Vincent Auriol ជាផ្លូវការក៏បានចុះហត្ថលេខា លើ ក្រិត្យច្បាប់លេខ ៤៩-៧៣៣ ស្តីពីការបញ្ជូលដែនដីអាណានិគម Nam Ky (ដែនដីសណ្តរទន្លេមេគង្គ-កម្ពុជាក្រោម )ចូលទៅក្នុងរដ្ឋសហភាពវៀតណាមទៅ ។

នៅក្នុងកិច្ចព្រមព្រៀង Patenotre ឆ្នាំ ១៨៨៤ នេះ បានចែកវៀតណាម ទៅជា៣តំបន់ រួមមាន Bac Ky (Ton Kin ) វៀតណាមខាងជើង Trung Ky (An Nam) វៀតណាមកណ្តាល និង Nam Ky
(Cochinchine ) ដែនដីកម្ពុជាក្រោម ។

នៅក្នុងសម័យអាណានិគមបារាំង ទន្លេមេគង្គ ត្រូវបានប្រើប្រាស់ ជាមធ្យោបាយដឹកជញ្ជូន សំរាប់ការធ្វើពាណិជ្ជកម្ម បម្រើឲ្យប្រទេសឥណ្ឌូចិន ទាំង៣ ហើយកំពង់ផែព្រៃនគរ ដែលហូរចេញ ទៅសមុទ្រ បាននោះក៏ជាកំពង់ផែសំរាប់ បម្រើឲ្យការរកស៊ី ជួញដូរ ពាណិជ្ជកម្ម រវាងប្រទេសទាំង៣ផងដែរ។

ដោយទ្បែក ចំពោះកម្ពុជា គឺមានកំពង់ផែនទន្លេមួយគត់ គឺកំពង់ផែភ្នំពេញ ដែលកំពង់ផែនេះឯង ក៏ត្រូវពឹងផ្អែក មកលើផ្លូវដឹកជញ្ជូនតាមផ្លូវទឹកទន្លេមេគង្គ និងតាមរយៈកំពង់ផែព្រៃនគរ តែមួយគត់ ដើម្បីដឹកជញ្ជូន ទៅកាន់ដែនសមុទ្រអន្តរជាតិ នោះ ។

ជារួម ក្នុងសម័យកាលឆ្នាំ ៥០ ៦០.និង ៧០ គឺមួយភាគធំ នៃទំនាក់ទំនងពាណិជ្ជកម្ម ការនាំចេញនាំចូលគឺត្រូវបានដឹកជញ្ជូនតាមទន្លេមេគង្គ និងកំពង់ផែព្រៃនគរទាំងអស់ ។ ជាអកុសល ក្នុងករណីបើកម្ពុជា មានឥរិយាបទនយោបាយណាមួយ ធ្វើឲ្យពួកវៀតណាមខាងត្បូង មិនសប្បាយចិត្ត គឺរាល់សកម្មភាព ក្នុងការធ្វើនាវាចរណ៍ លើដងទន្លេមេគង្គ ឬ កំពង់ផែព្រៃនគរ មានបញ្ហាលំបាក រាំងស្ទះ ទាំងអស់ ដែលជាហេតុចម្បង ក្នុងការធ្វើ ឲ្យអ្នកភ្នំពេញ រស់ក្នុងស្ថានភាព ហានិភ័យជាប្រចាំ រស់ដោយសារពឹងផ្អែក oxygen របស់ វៀតណាម ! ។

ទាំងអស់នេះហើយ ដែលជាបច្ច័យ នយោបាយដ៏អាក្រក់ គឺនៅពេលដែលទំនាក់ទំនង រវាងខ្មែរជាមួយពួកអ្នកកាន់អំណាចវៀតណាម មានភាពរអាក់រអួល ក្នុងប្រការណាមួយ គឺទន្លេមេគង្គ ក៏ឡើងកំដៅនយោបាយផងដែរ ។

ព្រែកជីក «ហ្វូនណនតេជោ» នឹងលែងធ្វើឲ្យជាតិខ្មែរ ត្រូវដកដង្ហើមតាម Oxygen របស់គេទៀត ខ្មែរឯករាជ្យ ម្ចាស់ការ ព្រមទាំងបាននាំមកនូវ ការងារជូនកូនខ្មែរ រាប់សិបមឺុននាក់ ផងដែរ ។

ឯកសារមួយភាគធំ និងរឿងរ៉ាវទាំងអស់នេះ បានដកស្រង់ចេញពីសៀវភៅ៥០០ទំព័រ ដែលសិក្សាស្រាវជ្រាវ និងចងក្រងដោយ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ ស្តីពី កម្ពុជានិងខ្មែរកម្ពុជាក្រោម ក្នុងឧបាយកល យុទ្ធសាស្ត្រសហព័ន្ធ ឥណ្ឌូចិន របស់វៀតណាម៕

លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top