នៅប្រទេសកៀហ្ស៉ីស៊ីស្ថាន អណ្តូងទឹកដែលក្រុមអ្នកជំនាញនៃខ្សែរថភ្លើងចិន កៀហ្ស៉ីស៊ីស្ថានអ៊ូសបេគីស្ថានបានជីក បានដោះស្រាយបញ្ហាទឹកផឹកក្នុងតំបន់ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្អាតទីមួយនៅតំបន់មជ្ឈិមបូព៌ាដែលចិននិងអេមីរ៉ាតអារ៉ាប់រួមរួមគ្នាសាងសង់ អាចផ្តល់ថាមពលអគិ្គសនី២០ ភាគរយដល់ក្រុងឌូបៃ។ល។
ក្នុងរយៈពេល១០ឆ្នាំ គំនិតផ្តួចផ្តើមមួយអាចនាំមកអ្វីខ្លះដល់ពិភពលោក? វេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីដែលនឹងបើកធ្វើពីថ្ងៃទី១៧ដល់ទី១៨ ខែតុលា បានផ្តល់ឱកាសសម្រាប់ឱ្យអ្នកផងទាំងពួងបូកសរុបនិងរំលឹកឡើងវិញ ។
តាមដំណឹងជាផ្លូវការរបស់ប្រទេសចិនបានឱ្យដឹងថា វេទិកាលើកនេះ បានទាក់ទាញតំណាងដែលមកពីប្រទេសចំនួនជាង១៤០ និងអង្គការអន្តរជាតិចំនួនជាង៣០នៅលើពិភពលោកទៅចូលរួម ។ វេទិកាលើកនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង មូលហេតុសំខាន់មួយគឺដោយមកពីក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវបម្រែបម្រួលថ្មីយ៉ាងប្រាកដប្រជាដល់ពិភពលោក ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”បានបង្កើតគម្រោងសហប្រតិបតិ្តការចំនួនជាង៣ពាន់គម្រោង ដែលបានជំរុញការវិនិយោគរាប់ទ្រីលានដុល្លារអាមេរិក ។ គិតរហូតដល់ចុងខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួនជាង២រយច្បាប់ជាមួយប្រទេសចំនួនជាង១៥០ និងអង្គការអន្តរជាតិចំនួនជាង៣០ ។
ការសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោកបានបង្ហាញថា ការអនុវត្តដោយគ្រប់ជ្រុងជ្រោយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នឹងធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសពាក់ព័ន្ធកើនឡើង៤,១ភាគរយ ដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ ត្រូវបានរំពឹងថា នឹងនាំមកនូវប្រាក់ចំណេញចំនួន១,៦ទ្រីលានដុល្លារអាមេរិកដល់ពិភពលោកទាំងមូល ហើយនឹងធ្វើឱ្យមនុស្សចំនួន៧លាន៦សែននាក់របស់ប្រទេសពាក់ព័ន្ធបម្រះខ្លួនចេញពីភាពក្រីក្រខ្លាំង ។
ក្នុងនាមជាផលិតផលសាធារណៈអន្តរជាតិនិងវេទិកាសហប្រតិបតិ្តការអន្តរជាតិដែលទទួលការពេញនិយមយ៉ាងខ្លាំង អ្វីដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បាននាំមកមិនត្រឹមតែចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ ហើយក៏នឹងនាំមកនូវអភិបាលកិច្ចបែបថ្មីទៀតផង ។ បច្ចុប្បន្ននេះ ការអភិវឌ្ឍសេដ្ឋកិច្ចសកលដោយអតុល្យភាព ប្រព័ន្ធអភិបាលកិច្ចមិនសូវពេញលេញ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយប្រឈមនឹងបញ្ហាដូចជាខ្វះប្រាក់ទុនជាដើម ។ ប្រទេសចិនបានចេញថវិកាបង្កើតមូលនិធីផ្លូវសូត្រ ហើយបានរួមសហការជាមួយប្រទេសពាក់ព័ន្ធបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានត្រួសត្រាយមធ្យោបាយសហហិរញ្ញប្បទានរបស់ប្រទេសពាក់ព័ន្ធ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកលមានសុក្រឹតភាព ។
អ្វីៗទាំងអស់សុទ្ធតែអនុវត្តតាម "ក្បួនច្បាប់មាស" ពោលគឺពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ ទស្សនៈអភិបាលកិច្ចថ្មីនេះ ផ្តួចផ្តើមនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងប្រកាន់ខ្ជាប់ការដែលកិច្ចការរបស់អ្នកទាំងអស់គ្នា ត្រូវសម្រេចដោយការពិភាក្សាជាមួយគ្នា ប្រកាន់ខ្ជាប់ការចូលរួមជាមួយគ្នារបស់បណ្តាភាគីនានា ហើយធ្វើឱ្យបណ្តាភាគីនានាចែករំលែកឱកាសនិងសមិទ្ធផលជាមួយគ្នា មិនបោះបង់ចោលប្រទេសណាមួយឡើយ ។ គឺដោយសារបានឈរលើមូលដ្ឋានបែបនេះ បានជាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” សម្រេចបាននូវកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះដ៏ពិតប្រាកដ ។
បើឈរលើចក្ខុវិស័យវែងឆ្ងាយអាចឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានត្រួសត្រាយផ្លូវថ្មីសម្រាប់ឱ្យមនុស្សជាតិរួមគ្នាសម្រេចបាននូវទំនើបកម្ម ។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានចាត់ទុកការសម្រេចបាននូវទំនើបកម្មជាមួយគ្នាជាគោលដៅ ក្នុងន័យជួយប្រទេសពាក់ព័ន្ធលើកកម្ពស់សមត្ថភាពសាងសង់ ។ ពីការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ដល់ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ពីការស្វែងរកមុខរបរថ្មីដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ដល់ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រទេសចិនបានផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ហើយបានបន្ថែមជំរើសដល់មនុស្សជាតិក្នុងការដើរឆ្ពោះទៅរកទំនើបកម្ម ។
តាមដំណឹងផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា វេទិកាលើកនេះនឹងផ្តោតសំខាន់ទៅលើវិស័យការតភ្ជាប់គ្នា អភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថលជាដើម ព្រមនឹងឈានដល់សមិទ្ធផលសហប្រតិបតិ្តការមួយចំនួន នឹងមានបរិមាណសរុបលើសពីវេទិកាពីរលើកមុន ។ ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលមានប្រភពមកពីប្រទេសចិន និងជារបស់សកលលោក នឹងមានអំណោយផលដល់មនុស្សជាតិទាំងមូល ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន