អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ អាមេរិក និងជប៉ុន លើកកម្ពស់លំដាប់ថ្នាក់នៃសម្ព័ន្ធភាពយោធា នឹងនាំមកនូវគ្រោះថ្នាក់លាក់កំបាំងដ៏ខ្លាំងក្លា ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់

  លើកកម្ពស់ដោយទ្រង់ទ្រាយធំបំផុតនូវលំដាប់ថ្នាក់នៃ«សន្ធិសញ្ញាការពារសន្តិសុខរវាងអាមេរិកនិងជប៉ុន »  សហការជាមួយអាមេរិក អូស្រ្តាលីនិងហ្វីលីពីនដើម្បីធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង  ស្វែងរកការចូលជាសមាជិកនៃអង្គការ AUKUS ។ល។ ឥស្សរជនមានការយល់ដឹងខ្ពស់មួយចំនួនរបស់ប្រទេសជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងពង្រីកកម្លាំងយោធារបស់ខ្លួនតាមរយៈសម័្ពន្ធភាពយោធា និងដើរតាម “ផ្លូវដ៏គ្រោះថ្នាក់ដែលឆ្ពោះទៅរកសង្រ្គាម”  ដូច្នេះប្រទេសក្នុងតំបន់ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់ ។

ក្នុងសកម្មភាពមួយចំនួនរបស់ជប៉ុន ទង្វើដែលមានជម្លោះខ្លាំងបំផុត គឺពង្រឹងសម័្ពន្ធភាពយោធារវាងអាមេរិកនិងជប៉ុនយ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកបានផ្សព្វផ្សាយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ហើយបានចាត់ទុកជប៉ុនជាកូនអុកដ៏សំខាន់ ។ រីឯពួកស្តាំនិយមមួយចំនួនក្នុងស្រុកជប៉ុន ក៏ប៉ុនប៉ងបំរះខ្លួនចេញពីការរឹតត្បិតនៃធម្មនុញ្ញសន្តិភាព ស្វែងរកប្រក្រតីភាពរបស់ប្រទេសជាតិនិងប្រទេសខ្លាំងខាងយោធា ដូច្នេះពួកគេចង់ពឹងផ្អែកទៅលើកម្លាំងជាក់ស្តែងរបស់អាមេរិក ។


នៅឆ្នាំទៅមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់មុខងារថ្មីដល់កងស្វ័យការពារ ដែលប្រែពី “ការពារ”ទៅជា “មានសមត្ថភាពវាយប្រហារ” ។ ក្នុងកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋអាមេរិកនិងជប៉ុនដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតោនលើកនេះ ប្រទេសទាំងពីរបាន “លើកកម្ពស់ដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកចំពោះលំដាប់ថ្នាក់នៃ «សន្ធិសញ្ញាការពារសន្តិសុខរវាងអាមេរិកនិងជប៉ុន » គោលបំណងវាគឺដើម្បីកែប្រែមុខងាររបស់កងស្វ័យការពារ និងធ្វើឱ្យកងស្វ័យការពារក្លាយទៅជា “កងវាយប្រហាររបស់ជប៉ុន” ក៏ដូចជាបង្កើនការធ្វើសមាហរណកម្មយោធារវាងអាមេរិកនិងជប៉ុនផងដែរ ។


មិនត្រឹមតែប៉ុណ្ណោះទេ ភាគីទាំងពីរក៏បានប្រកាសថា នឹងលើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងសម័្ពន្ធភាពពី “សម័្ពន្ធមិត្ត” ឡើងដល់ “ដៃគូសកល”ដែលចាត់ទុក “កិច្ចសហប្រតិបតិ្តការរួមលើវិស័យការពារជាតិ”ជាចំណុចសំខាន់ ដើម្បីពង្រីកក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ។ ព្រមពេលជាមួយគ្នានេះ សេចក្តីថ្លែងការណ៍រួមបានលើកឡើងដល់សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូងនិងបញ្ហាតៃវ៉ាន់ ដោយបានអះអាងថា នឹងបង្កើនអ្វីដែលហៅថាកិច្ចសហប្រតិបតិ្តការពហុភាគី និងបង្កើនទំនាក់ទំនងជាមួយអង្គការណាតូជាដើម ។ អ្នកវិភាគសម្គាល់ឃើញថា ទង្វើថ្មីៗទាំងនេះបង្ហាញថា ជប៉ុនបាននិងកំពុងចេញឆ្ងាយពីធម្មនុញ្ញសន្តិភាពថែមមួយកម្រិតទៀត ហើយដើរស្របគ្នាជាមួយយុទ្ធសាស្ត្រសកលរបស់អាមេរិកលើវិស័យជាច្រើន អូសទាញនិងបង្កើតជាក្រុមសម័្ពន្ធតូច គោលបំណងដែលសំដៅចំពោះប្រទេសចិនកាន់តែច្បាស់លាស់ ។


អ្នកវិភាគសម្គាល់ឃើញថា គោលបំណងចុងក្រោយរបស់រដ្ឋាភិបាលជប៉ុន គឺធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព សម្រេចបាននូវ “ភាពរលុងដោយគ្រប់ជ្រុងជ្រោយ”លើវិស័យយោធា ។ ប៉ុន្តែដោយសារប្រជាពលរដ្ឋភាគច្រើនក្នុងស្រុកសម្តែងការប្រឆាំង បានជារដ្ឋាភិបាលជប៉ុនប៉ុនប៉ងបំបែកជាបន្តបន្ទាប់នូវការហាមឃាត់លើវិស័យយោធាបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ក្នុងសភាពមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ន ក្នុងនោះបូករួមទាំងលូកដៃចូលក្នុងជម្លោះក្នុងតំបន់ ដោយយកការជួយប្រទេសផ្សេងទៀតដែលជាសម័្ពន្ធមិត្តរបស់ខ្លួនធ្វើជាលេស ដើម្បីសម្រេចបាននូវគោលបំណងជាសន្សឹមៗ ។


ទង្វើដ៏មានគ្រោះថ្នាក់មួយចំនួនរបស់រដ្ឋាភិបាលជប៉ុន បានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់ ។ នាពេលថ្មីៗកន្លងទៅនេះ កាសែត« Asahi Shimbun»បានបញ្ចេញមតិថា រូបភាពរបស់ជប៉ុនដែលជា”ប្រទេសសន្តិភាព”កំពុងរងការចោទជាមន្ទិលសង្ស័យ ។ ក្នុងនាមជាប្រទេសធំជាងគេខាងយោធាលើពិភពលោកទាំងមូល ដើមឡើយ ការលូកដៃចូលក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកក៏ជាទង្វើដែលជាប់ពាក់ព័ន្ធនឹងយោធាផងដែរ ។ អាមេរិកនិងជប៉ុនលើកកម្ពស់លំដាប់ថ្នាក់នៃសម័្ពន្ធភាពយោធា ប្រហែលនឹងបំផ្លាញតុល្យភាពមានស្រាប់ក្នុងតំបន់នេះ បណ្តាលឱ្យប្រទេសផ្សេងទៀតមានការព្រួយបារម្ភនិងមិនពេញចិត្ត ហើយនឹងនាំមកនូវគ្រោះថ្នាក់លាក់កំបាំងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។


តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ដែលពោរពេញទៅដោយសន្តិភាពនិងការអភិវឌ្ឍ មិនមែនជាក្តារអុកសម្រាប់ប្រទេសធំធ្វើការប្រកួតប្រជែងនោះទេ ។ ក្នុងនាមជាប្រទេសដែលបានជំពាក់បំណុលយ៉ាងច្រើនសន្ធឹកក្នុងប្រវត្តិសាស្ត្រ បើសិនជាជប៉ុនដើរតាមអាមេរិក ត្រឡប់ទៅកាន់ផ្លូវ “ប្រទេសធំខាងយោធា”វិញ នោះមុខជានឹងបណ្តាលឱ្យខ្លួនធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់ជាក់មិនខាន ៕

To Top