អត្ថបទស្រាវជ្រាវ (scholar)

 បញ្ហាវិបត្តិទឹក! ទឹកសាបក្នុងសតវត្សន៍ទី២១

នៅមុននេះ១០ឆ្នាំទស្សនាវដ្ដី Fortune បានសរសេរអត្ថបទវិភាគមួយ ដែលបានល្បីពេញពិភពលោក ដោយក្នុងអត្ថបទនេះ បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនយក្សដូចជា Suez របស់បារាំងបាននឹងកំពុង រត់ប្រណាំងដណ្ដើមសិទ្ធឯកជនកម្ម (Privatization) មកលើប្រភពទឹកសាបនៅលើពិភពលោក ដោយក្រុមហ៊ុនយក្សមួយនេះ ជឿជាក់ថា ក្នុងសតវត្សន៍ទី២១មួយនេះ ទឹកគឺជាប្រភេទ «មាសស» ដែលពុំអាចខ្វះបានក្នុងរាល់ជីវភាពប្រចាំថ្ងៃរបស់មនុស្សលោកនោះ!។

   ទឹក វិស័យឧស្សាហកម្មដ៏មហាសាល ដែលមានតម្លៃជាង ៤០០ពាន់លានដុល្លារ

នៅក្នុងបណ្ដាឆ្នាំ២០០០នោះ Fortune បានឱ្យដឹងថាការផ្គត់ផ្គង់លោហធាតុ Liquid មួយនេះដែល មនុស្សគ្រប់រូបត្រូវការនិងមួយថ្ងៃកាន់តែត្រូវការជាងនេះថែមទៀត  បាននឹងកំពុងត្រូវបានឯកជនកម្មនៅគ្រប់ទិសទីលើពិភពលោកនោះ! ពី Buenos Aires រហូតដល់ Atlanta រត់មកដល់ JaKarta ចូលទៅដល់ Liban ដែលសកម្មភាពឯកជនកម្មមួយនេះ សុទ្ធតែជាមុខរបរ ដែលរកលុយងាយស្រួលបំផុត របស់បណ្ដាក្រុមហ៊ុនរកស៊ីខាង វិស័យទឹកនោះ។ ការផ្គត់ផ្អង់ទឹកនិងមុខរបរ ក្នុងការរកស៊ីទឹកមួយនេះ បាននាំឱ្យវិស័យឧស្សាហកម្មមួយនេះ រកបានក្នុងមួយឆ្នាំមិនក្រោម៤០០ពាន់លានដុល្លារនោះ! លុយដែលបានមកពីការរកស៊ីទឹកនេះ មានបរិមាណប្រហាក់ប្រហែលទៅនឹង៤០% នៃទឹកលុយរបស់វិស័យប្រេងកាត និងមានទំហំធំជាង វិស័យថ្នាំពេទ្យលើពិភពលោក ១/៣ទៀតផង ! ព្រោះគ្រាន់់តែ សម្រាប់ប្រទេសអាមេរិកមួយ ទឹកជាវិស័យឧស្សាហកម្ម ដែលមានតម្លៃទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ទៅហើយនោះ។ លោក Peter Spittett ដែលជា CEO របស់ក្រុមហ៊ុនយក្ស Thames Water បានឱ្យដឹងថា ទឹកគឺជាវិស័យឧស្សាហកម្មធុនស្រាលតែពោពេញទៅដោយថាមពលនៃការរីកចំរើនបំផុត ! តែក៏ជាទំនាស់ដែលអាចនាំឱ្យមានទៅជាសង្គ្រាមទឹក ក្នុងពេលអនាគតផងដែរ! ព្រោះទឹកបានប្រែក្លាយទៅជា សម្បត្តិធម្មជាតិមួយ ដ៏មានតម្លៃបំផុតតែមានកំណត់នោះ!។

  បច្ចុប្បន្នវិស័យឧស្សាហកម្មទឹក លើពិភពលោកបាននឹងកំពុងស្ថិតនៅក្នុងដៃ មហាសេដ្ឋីកំពូល៣នាក់ រួមមាន Vivendi, Suez របស់បារាំង និង Thames Water របស់អង់គ្លេស ក៏ប៉ុន្តែនៅតែជាកម្មសិទ្ធដាច់មុខ របស់សហក្រុមហ៊ុន​ RWE របស់អាល្លឺម៉ង់។ នៅក្នុងបណ្ដាឆ្នាំ១៩៩៣ មហាសេដ្ឋីកំពូល៣នាក់នេះ ធ្វើសកម្មភាពអាជីវកម្មត្រឹម១២ប្រទេស តែគិតដល់បណ្ដាឆ្នាំ២០០៣ ពួកគេបានពង្រីកអាជីវកម្មក្នុងមុខងារជាអ្នកផ្គត់ផ្អង់ទឹកស្អាតមកឱ្យ៥៦ប្រទេស លើពិភពលោក។ក្នុងនោះក្រុមហ៊ុនយក្ស ដែលលេចធ្លោជាងគេបំផុតនោះ គឺ Suez ដោយក្នុងចំណោមរដ្ឋធានី៣០ ដែលធំបំផុតនៅលើពិភពលោកនេះ បានអញ្ជើញក្រុមហ៊ុន Suez ក្នុងការ Bidding ដើម្បីផ្គត់ផ្គង់ទឹកស្អាត ក្នុងដំណាក់កាលពីឆ្នាំ១៩៩៥ ដល់២០០០ ដែលក្នុងនោះមានរដ្ឋធានី២០ បានជ្រើសរើសយក Suez ជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត សម្រាប់រដ្ឋធានី របស់ប្រទេសខ្លួន!។

  ទន្ទឹមទៅនឹងកិច្ចការផ្គត់ផ្គង់ទឹកស្អាត ឆ្លងតាមរយៈប្រព័ន្ធបំពង់បង្ហូរទឹក ក្នុងក្រុងដូចបណ្ដាក្រុមហ៊ុនយក្ស Suez , Vivendi និង Thames Water នោះ ក៏ក្រុមហ៊ុនយក្សឯកជនទាំងនេះ បានឆ្លៀតកេងរកចំណេញ តាមរយៈការផលិតទឹកដាក់ដប ដែលតាមការប៉ាន់ស្មាន ទៅពួកនេះរកចំណេញ ពីការលក់ទឹកដាក់ដបនោះបានប្រមាណ៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ! គ្រាន់តែជនជាតិអាមេរិក តែមួយក្នុងមួយឆ្នាំ ត្រូវចំណាយប្រមាណ១៥ពាន់លានដុល្លារ សម្រាប់ទិញទឹកដាក់ដប បើកាណាដា វិញមានប្រមាណ៨ពាន់លានដុល្លារ សម្រាប់ទិញទឹកសាបផឹកនោះ ហើយចំនួននៃសំណូមពរ ត្រូវការទឹកដបផងនោះ មានការកើនឡើងជារៀងរាល់ឆ្នាំ និងការអនុលោមទៅតាមកំដៅ របស់ផែនដីដែលមួយថ្ងៃ កាន់តែមានកំដៅក្ដៅឡើងៗនោះ!។

  ជារួម សហរដ្ឋអាមេរិក និយាយដោយឡែក និងពួកប្រទេសលោកខាងជើង និយាយជារួមគឺសុទ្ធ តែជាក្រុមប្រទេសដែលបានប្រើប្រាស់ទឹកស្អាតច្រើនជាងគេ ដោយជាមធ្យមក្នុងវិស័យឧស្សាហកម្មទឹក ដាក់ដបមានការកើនឡើង១០%ក្នុងមួយឆ្នាំ ហើយពិសេសជាងនេះ គឺវិស័យស្បៀងអាហារលើពិភពលោក មានការកើនឡើងយ៉ាងខ្លាំងក្នុងការប្រើប្រាស់ទឹកស្អាត សម្រាប់ការចម្អិនអាហារនោះ ដែលការវិវត្តន៍មួយនេះ ស្របទៅតាមនិន្នាការរីកចម្រើនរបស់ពិភពលោកនោះ។

   នៅបណ្ដាពួកប្រទេសអឺរ៉ុបខាងកើត ទីផ្សារទឹកដាក់ដប មានការកើនឡើង២២% ក្នុងបណ្ដាឆ្នាំ២០១០ បើនៅអាមេរិកឡាទីនវិញ ការប្រើប្រាស់ទឹកដាក់ដប មានការកើនឡើងជាមធ្យម១៤% ដែលក្នុងពេលនោះនៅលើទីផ្សារអាស៊ីវិញមានការកើនឡើង ជាមធ្យមក្នុងប្រមាណ៨% ជារៀងរាល់ឆ្នាំ។

   ជាការពិត ពួកមហាសេដ្ឋី ដែលរកស៊ីធ្វើអាជីវកម្ម លើវិស័យឧស្សាហកម្មទឹកដាក់ដប ដែលល្បីល្បាញលើពិភពលោក បច្ចុប្បន្ននេះរួមមាន Nestle, Pepsi Co, Aquafina និង CocaCola ដែលអ្នកទាំងនេះក្នុងមួយឆ្នាំៗ ពួកគេរកស៊ីបានរាប់សិបកោដិដុល្លារ តាមរយៈការលក់ទឹកសាប ដាក់ដបនោះ!។

                អង្គការ OPEC អំពីទឹកសាបក្នុងអនាគត

   ការសែត Christian Science Monitor ធ្លាប់បានអះអាងថា លែងចាំបាច់រំលឹកដល់ OPEC ប្រេងកាតតទៅទៀត ព្រោះខាងមុខនេះនិងមានការកកើតឡើង នូវអង្គការនៃបណ្ដាប្រទេសនាំចេញ ទឹកសាបព្រោះបច្ចុប្បន្ន មានសញ្ញាជាច្រើនបានបង្ហាញឱ្យឃើញ នូវសកម្មភាពយ៉ាងផុសផុលទាំងឡាយ នៃការលក់ទឹក រកស៊ីក្នុងវិស័យឧស្សាហកម្មទឹក ដែលរហូតដល់ World Bank ក៏បានជំរុញនិងលើកទឹកចិត្ត ឱ្យមានការធ្វើឯកជនកម្ម មកលើការផ្គត់ផ្គង់ទឹក ដែលទោះបីជាអំពើលក់ទឹក-រកស៊ីទឹក ត្រូវបានមជ្ឈដ្ឋាចម្រើន ក្នុងមនុស្សលោកជាច្រើន ធ្វើការវាយប្រហារតិះទៀន ដោយអ្នកទាំងនោះ មានការគិតជាវិជ្ជមាន ព្រោះបានចាត់ទុកទឹកសាប គឺជាសម្បត្តិរួមរបស់មនុស្សលោក និងមិនត្រូវធ្វើឯកជនកម្មជាដាច់ខាត!។

   នៅចុងឆ្នាំ១៩៩០ ក្រុមហ៊ុនយក្ស Aquarius Water Transportation គឺជាក្រុមហ៊ុនដំបូង ដែលបាននាំទឹកស្អាតពីប្រទេសមួយនេះ ទៅលក់ឱ្យប្រទេសមួយនោះ ដោយក្រុមហ៊ុនមួយនេះបានដឹកទឹកសាបប្រមាណ ២.២៧៣ ម៉ែត្រគីបទៅលក់ឱ្យបណ្ដាដែនកោះរបស់ប្រទេស Grecce នោះ!។ ដល់បណ្ដាឆ្នាំ២០០០ ស្រាប់តែមានក្រុមហ៊ុនយក្សមួយទៀតឈ្មោះ Nordic Water Supply បានលេងខ្លាំងជាងនេះទៅទៀត ដោយបានដឹកទឹកសាបប្រមាណ ២២.៧៣០ ម៉ែត្រគីប ពីប្រទេស Turkey  ទៅលក់ឱ្យសាធារណរដ្ឋ Cyprus នោះ។ ដល់ឆ្នាំ២០០៤ Scotland និងអង់គ្លេសបានចុះហត្ថលេខាលើការព្រមព្រៀងមួយ ក្នុងការកសាងប្រព័ន្ធបំពង់នាំទឹកសាប ពី Scotland មកកាន់ដែនដីអង់គ្លេស ទន្ទឹមនឹងនេះក៏មានគម្រោងដូចគ្នាផងដែរ ក្នុងការកសាងបំពង់នាំទឹកស្អាតពី Turkey ទៅកាន់តំបន់អឺរ៉ុបកណ្ដាល ក៏ដូចជាមកកាន់ Cyprus, Grecce, Egypt និង Malta ផងដែរ។

   ក្រៅពីនេះមាន ក្រុមហ៊ុនជាច្រើន របស់អាមេរិកនៅ California បានធ្វើការកៀបសង្កត់មកលើ អ្នកកាន់អំណាចនៅសេតវិមាន ឱ្យដាក់បន្ថែមនូវមាត្រាខ្លះ ទៅក្នុងកិច្ចព្រមព្រៀងដើម្បីសម្រួលឱ្យក្រុមហ៊ុន ទាំងឡាយរបស់អាមេរិក មានលទ្ធភាពបានចូលរួមក្នុងការផ្គត់ផ្គង់ទឹកស្អាត មកឱ្យ Palestine និង Israel នៅពេលដែលប្រជាជាតិទាំងពីរនេះ មានការស្រុះស្រួលគ្នា ព្រមព្រៀងអំពីដំណោះស្រាយសន្តិភាពនោះ!។ជារួមមានក្រុមហ៊ុនធំៗដូចជា  Global H2O Resources នៅ Vancouver, British Columbia របស់កាណាដា បានបណ្ដាក់ទុនយ៉ាងច្រើន ដើម្បីមានសិទ្ធកាន់កាប់ មកលើប្រភពទឹកសាប សាធារណលើពិភពលោក ដើម្បីយកមកធ្វើជាកម្មសិទ្ធដាច់មុខ របស់ខ្លួន!។ ព្រោះនៅពេលថ្មីៗនេះ ក្រុមហ៊ុនទាំងនេះ ទទួលបាននូវអាជ្ញាប័ណ្ណ ក្នុងការធ្វើអាជីវកម្ម មកលើទឹកស្អាតនូវប្រមាណ 21 821 232 ម៉ែត្រគីបទឹកក្នុងរយៈពេល៣០ឆ្នាំ នៅលើបឹង Sitka របស់ Alaska នៃសហរដ្ឋអាមេរិក ដែលជាបឹងទឹកសាបមួយដ៏ធំបំផុត នៅលើពិភពលោកនោះ។ ទន្ទឹមនេះលោក A.Fred Paley នាយកនៃក្រុមហ៊ុន Global H2O Resources មិនបានលាក់បាំង នូវមហិច្ចតារបស់ខ្លួន ក្នុងការចងសម្ព័ន្ធភាព ដើម្បីស្វែងរកនិងទិញមកវិញនូវក្រុមហ៊ុនទាំងឡាយណា ដែលរកស៊ីទឹក នៅលើពិភពលោក ដើម្បីពួកខ្លួនមានលទ្ធភាព ក្នុងការគ្រប់គ្រងមកលើធនធានទឹក ឱ្យកាន់តែមានវិសាលភាពធំជាងនេះទៀត ដែលជាហេតុធ្វើឱ្យ អ្នកភូមិសាស្រ្តនយោបាយមានការបារម្ភនោះ!។

           សង្គ្រាមអំពីទឹក

   ដោយទឹកជាវត្ថុធម្មជាតិម៉្យាង ដែលមានតម្លៃមហាសាល នៅលើផែនដីនេះ ទើបទឹកសាប បានប្រែក្លាយទៅជាកម្មវត្ថុមួយ នៃការប្រកួតប្រជែងដណ្ដើមគ្នា ពីប្រទេសជាច្រើន ដែលនេះបានក្លាយទៅជា ហេតុផលចម្បងក្នុងការនាំឱ្យមានទំនាស់-វិវាទ ក្នុងកម្រិតជាតិនិងអន្តរជាតិនោះ!។ ពាក្យ Rivalry ក្នុងភាសាអង់គ្លេស ដែលមានដើមកំណើតមកពីពាក្យ Rivalis ក្នុងភាសា Latin មានន័យថា អ្នកដែលប្រើប្រាស់ទឹកក្នុងទន្លេរួមគ្នាជាមួយនឹងអ្នកដទៃ!

          ការខ្វែងគំនិត មិនចុះសម្រុងគ្នាអំពីប្រភពទឹក

   ជាការពិត ទឹករបស់ទន្លេបឹងបួជាច្រើន នៅលើពិភពលោកនេះ ដូចជាទន្លេ Mekong, ទន្លេ Indus, ទន្លេ Nile ឬទន្លេ Amazon ល.ល.ជាចរន្តទឹកដែលបានហូរកាត់ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ទៅជាប្រទេសច្រើន។ជារួម អាងទន្លេរួម គឺជាទន្លេដែលបានហូរឆ្លងកាត់ប្រទេសពីរឡើងទៅ ដែលទឹកទាំងនេះមានប្រមាណ៤៥% ជាទឹកដែលបានផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋ៤០% នៅលើលោកនេះ ដែលទឹកនេះ មានទាំងអស់ប្រហែល៦០% នៃចំនួនទឹកដែលមាននៅលើផែនដីនេះ!។ ដោយសារជា​ ទន្លេរួម នេះហើយដែលជាហេតុងាយស្រួលក្នុងការបង្កើតឱ្យមានទំនាស់ ពាក់ព័ន្ធដល់ផលប្រយោជន៍សួនតួរ របស់ប្រទេសនីមួយៗនោះ។ មានដូចជាករណីមុននេះប្រទេស Irak តែងតែធ្វើការរអ៊ូរទាំ ជំទាស់ឡើងទៅអង្គការសហប្រជាជាតិអំពីប្រទេស Turkey បានកសាងទំនប់ដែលទំនប់មួយនេះបានទប់បាត់ចរន្ដទឹកមួយភាគធំ ដែលហូរចុះមកដែនដី Irak ដូចជាទន្លេ Tigris និងទន្លេ Euphrates នោះឬមួយក៏អាងទន្លេមេគង្គក៏ជាទន្លេរួម ដែលរួមមាន វៀតណាម ឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា និងចិន ជាទន្លេមួយដែលឥតទាន់មានដំណោះស្រាយស្រុះស្រួលគ្នានៅឡើយ ដោយប្រទេសស្ថិតនៅខ្សែទឹកខាងលើចេះតែបន្តកសាងទំនប់វារីអគ្គិសនី ប្រទេសខ្លះវិញក៏បានជីកព្រែកយកទឹកមកសាបព្រោះចំការ ស្រែប្រាំង ចំពោះខ្មែរវិញបាន ជីកព្រែកក្នុងស្រុកបម្រើឱ្យវិស័យដឹកជញ្ជួនសោះ ត្រូវបានប្រទេសជិតខាងប្រឆាំងជំទាស់ទៅវិញ ដោយចោទថាបានធ្វើឱ្យមានចរន្តទឹកហូរតិចទៅៗនោះ(Sic)!។

    ជាអកុសល គឺនៅពេលដែលទំនាស់មានការកើតឡើង ដោយការបែងចែក ប្រើប្រាស់ទឹករវាងប្រទេសនិងប្រទេសពុំអាច សម្របសម្រួល ដោះស្រាយបានតាមរយៈ វិធានការសន្តិវិធីនោះ គឺជាហេតុដែលនាំឱ្យ មានការប្រទុស្ដរាយជាកម្លាំងបាយ! ។អាចនិយាយបានថា នៅក្នុងប្រវត្តិសាស្រ្តសង្គ្រាមដណ្ដើមទឹក ដែលមានការយូលង់បំផុតនោះ គឺរវាងជនជាតិ Israel ជាមួយនិង Palestine នេះឯង ដោយតំបន់ភាគខាងលិច ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិ Palestine នេះមានប្រភពទឹកក្រោមដីមួយដ៏ធំបំផុត។ ក្រៅពីនេះតំបន់ Golan Heigh ដែល Israel វាយកាន់កាប់ពីSyria ក្នុងសង្គ្រាម៦ថ្ងៃនាឆ្នាំ១៩៦៧នោះ គឺជាទីកន្លែងនៃការចាប់ផ្ដើមនៃប្រភពរបស់ទន្លេ Jordan ដែលហូរចាក់ចូលមកសមុទ្រ Galilee នោះ។នៅក្នុងតំបន់មួយ ដែលមានភាពរាំងស្ងួតដូចមជ្ឈឹបូព៌ា ការគ្រប់គ្រងត្រួតត្រាបានមកលើប្រភពទឹកគឺជាគន្លឹះសំខាន់បំផុតទាក់ទងដល់ការស្លាប់រស់របស់ប្រជាជាតិមួយនោះឯង! នៅក្នុងសមរភូមិ Bersheka ដែលល្បីល្បាញនាសម័យសង្គ្រាមលោកលើកទី១ រវាងសម្ព័នភាពអង់គ្លេស- New Zealand និង Australia ប្រយុទ្ធប្រឆាំងនិងជាមួយពួក Ottoman និង កងទ័ពអាល្លឺម៉ង់ ដោយក្រុមទាំងពីរនេះបានប្រយុទ្ធស្លាប់រស់ក៏ដើម្បីវាយដណ្ដើមកាន់កាប់ប្រភពទឹកនៅ TurKey តែប៉ុណ្ណោះ!។

   ក្នុងដំណើរវិវាទទាក់ទង ទៅដល់ដងទន្លេរួម ក្នុងករណីដែលប្រទេសស្ថិតនៅខ្សែទឹកខាងលើ មានអនុភាពខ្លាំង គឺប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោម គ្មានអនុភាពអ្វីក្រៅអំពីការនៅស្ងៀមសុំការអាណិតអាសូពីប្រទេសខាងលើ! តែក្នុងករណីបើប្រទេសស្ថិតនៅខ្សែទឹកខាងក្រោម មានអនុភាពខ្លាំង ច្បាស់ជាពួកគេមិននៅស្ងៀម ហើយក៏អាចនាំឱ្យមានការប្រទុស្ដរាយ ជាអាវុធទៀតផង ក្នុងករណីបើការគ្រប់គ្រងប្រភពទឹកពុំបានល្អនោះ! ជាក់ស្ដែងគឺអេស្ស៊ីបជាប្រទេសមួយធំនិងខ្លាំងហើយស្ថិតនៅខ្សែទឹកខាងក្រោម ទើបអេស្ស៊ីបបានធ្វើការគម្រាមកំហែងជាច្រើនក្នុងការប្រកាសសង្គ្រាមដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជុំវិញ ទន្លេ Nile តែដោយសារប្រទេស Sudan និង Ethiopia ជាប្រទេសក្រនិងខ្សោយតែ ស្ថិតនៅខ្សែទឹកខាងលើ ទើបសង្គ្រាមក៏ឥតទាន់ត្រូវបានផ្ទុះឡើងផងដែរ!។បើនៅអាងទន្លេ Euphrates វិញ Turkey ជាប្រទេសអ្នកមាននិងមានកងទ័ពមួយខ្លាំងជាង Syria ទើបធ្វើឱ្យ Syria មានការពិចារណាក្នុងការជំរុញការកសាងទំនប់ ដោយ Turkey បានធ្វើការគំរាមកំហែងជាច្រើនសារ មកលើSyria នោះ!។

                  បទពិសោធន៍ជាក់ស្ដែង ក្នុងបញ្ហាវិបត្តិទឹក

   ជាតថភាព ក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ធ្លាប់បានបង្ហាញជាសក្ខីភាពមួយឱ្យឃើញជាក់ស្ដែង ថាប្រភពទឹកពាក់ព័ន្ធពីប្រទេសមួយនេះ ទៅប្រទេសមួយនោះ មានភាពកំរតិចតូចណាស់ ក្នុងការនាំឱ្យមានទៅជាសង្គ្រាមនោះ! ជារួមទឹកសាបអាច ជាជោគវាសនារួមក្នុងកត្តាចម្បងនាំឱ្យមានភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការច្រើនជាងការធ្វើសង្គ្រាម ពីព្រោះវាមានសារៈសំខាន់បំផុត រហូតដល់មិនអាចអនុញ្ញាតិឱ្យ អ្នកមានមហិច្ចតា ក្នុងការដណ្ដើមកាន់កាប់វា ដោយមធ្យោបាយធ្វើសង្គ្រាមនោះ!។ យោងតាមប្រសាសន៍របស់លោក Zimmer អគ្គនាយកនៃក្រុមប្រឹក្សាទឹកពិភពលោក (WWC) ថា ជាឯកតោភាគីមានព្រមព្រៀងមួយ ក្នុងការចុះហត្ថលេខានាខែមីនា ឆ្នាំ២០០៨ រវាង Turkey, Irak ជាមួយ Syria អំពីការរួមគ្នាបង្កើតយន្តការទឹកមួយ សម្រាប់ធ្វើការសិក្សារួមគ្នា តាមដានមកលើប្រភពទឹករួមដោយយន្តការមួយនេះ បានសណ្ឋានដូច MRC (កម្ពុជា ឡាវ ថៃនិងវៀតណាម) ក្នុងការរួមគ្នាសហប្រតិបត្តិការជុំវិញដងទន្លេមេគង្គនោះ។

                   ការវិវាទអំពីទឹក

   ដោយសារប្រភពទឹក បន្តស្ថិតនៅក្នុងស្ថានភាព ត្រូវបានបំពុលជារៀងរាល់ថ្ងៃ និងមានសភាពធ្ងន់ធ្ងរ គួបផ្សំទៅនឹងកំណើនប្រជាជន ដែលមួយថ្ងៃកាន់តែ មានការកើនឡើងមិនចេះចប់នោះ ទើបបញ្ហាទឹកសាបត្រូវបានព្យាករណ៍ថា ក្នុងអនាគតមួយដ៏ជិតបំផុតនេះ ទឹកសាបនឹងក្លាយទៅជាវត្ថុធាតុ មួយដ៏កំរនិងមានតម្លៃបំផុត មិនខុសអីទៅនឹងប្រេងកាត ក្នុងបណ្ដាឆ្នាំនៃសតវត្សន៍ទី២០នោះ។ ក៏ប៉ុន្តែមានបញ្ហាមួយ គឺប្រេងកាតអាចរកវត្ថុធាតុមួយផ្សេងមកជំនួសបាន ដូចជា អគ្គិសនី វត្ថុធាតុ ជីវៈចម្រុះ ឧស្ម័ន ល.ល..ដោយឡែកចំពោះទឹក គឺគ្មានអ្វីអាចយកមកជំនួសបាន ហើយមនុស្សលោកនៅលើពិភព លោកទាំងអស់ ត្រូវការទឹកស្អាតទាំងអស់ រួមទាំងសត្វនិងរុក្ខជាតិ ដូច្នេះទឹកសាបបានក្លាយជាប្រធានបទមួយដ៏សំខាន់បំផុត ក្នុងរាល់កិច្ចប្រជុំអន្តរជាតិ នាពេលខាងមុខនេះ!។

               តម្លៃមហាសាល នៃប្រភពទឹក

   នៅក្នុងអត្ថបទមួយ របស់ទស្សនាវដ្ដី The Economist ដែលបានចុះផ្សាយនាខែឧសភានេះ បានសង្កត់ធ្ងន់ថា ទឹកសាបជាវត្ថុធាតុម៉្យាង ដែលពុំចាំបាច់យកលុយទៅវិញ តែទឹកគឺជាវត្ថុម៉្យាងដែលមានតម្លៃបំផុត ស្មើទៅនឹងជីវិតនៅលើលោកមួយនេះ!។គេអាចបាញ់សម្លាប់គ្នាដោយសារមាស ពេជ្រ គ្រឿងអលង្ការ ប្រទេសមួយអាចបំផុសឱ្យមានសង្គ្រាមដើម្បីវាយដណ្ដើម អណ្ដូងប្រេងកាតជាមួយគ្នា ក៏ប៉ុន្តែរបស់ដ៏មានតម្លៃខាងលើទាំងនេះនិងលែងមានន័យអ្វីទាំងនេះ នៅពេលដែលផែនដីមួយនេះ ខ្វះទឹកឬលែងមានទឹកសាបទៀតនោះ!។

            មនុស្សគ្រប់រូបមានសិទ្ធិជួបប្រាស្រ័យផ្ទាល់ទៅនឹងទឹកស្អាតដែលនេះគឺជាសិទ្ធិមនុស្សផ្ដាច់មុខគ្មាននរណាអាចបំពានបាន

   អស់រយៈកាល១៥ឆ្នាំនៃការជជែក វែកញែក ពិភាក្សាយ៉ាងតានតឹងនោះ ចុងក្រោយនៅខែតុលា ២០១០ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានសម្រេចបោះឆ្នោត ទទួលស្គាល់ជាផ្លូវការនូវការជួបប្រាស្រ័យផ្ទាល់ទៅនឹងទឹកស្អាត និងលក្ខខ័ណ្ឌរស់ ក្នុងស្ថានភាពមានអនាម័យ របស់ជនគ្រប់រូប ដែលនេះជាសិទ្ធិសាវ័ន្តរបស់មនុស្សគ្រប់រូបដែល មាន១២២សំឡេងគាំទ្រ ៤៤សំឡេងអនុប្បវាទ និងពុំមានសំឡេងជំទាស់ឡើយ! ព្រោះរហូតមកដល់ពេលនេះ ប្រការដែលមនុស្សលោក មិនអាចមានលទ្ធភាពជួបប្រាស្រ័យផ្ទាល់ទៅនឹងទឹកស្អាត នៅទីកន្លែងខ្លះគឺជាអំពើបំពានយ៉ាងកំរោល មកលើសិទ្ធិមនុស្ស អមនុស្សធម៌បំផុត ស្មើទៅនឹងការប្រល័យពូជសាសន៍នៅលើពិភពលោកនេះ។ យោងតាមការអះអាង របស់លោកស្រី Maude Barlow ទីប្រឹក្សាជាន់ខ្ពស់អំពីទឹក ឱ្យប្រធានអង្គសន្និបាតសហប្រជាជាតិដែលបានអះអាងថា មានមនុស្សប្រមាណ២កោដនាក់ បានរស់ក្នុងតំបន់ដែលមានស្ថានភាពតានតឹងអំពីទឹក និងមានមនុស្សប្រមាណ៣កោដនាក់ ដែលពុំមានទឹកប្រើប្រាស់ ក្នុងរង្វង់ប្រហែល១km នៃការរស់នៅរបស់ពួកគេ ហើយជាមធ្យមក្នុង៣.៥វិនាទី មានកុមារម្នាក់បានស្លាប់ ដោយផឹកទឹកមិនស្អាត!។

            គ្រោះអាសន្ន នៃបញ្ហាទឹកត្រូវបានបំពុល

   យោងទៅតាមការសិក្សា របស់វិទ្យាស្ថានទឹកអន្តរជាតិ Stockholm (SIWI) ឱ្យដឹងថា បញ្ហាទឹកមិនស្អាតបានសម្លាប់មនុស្សលោក មានចំនួនច្រើនជាងសង្គ្រាម ឬការរញ្ជួយព្រះធរណីទៀត! ព្រោះអនុលោម ទៅតាមការសិក្សានេះ ជារៀងរាល់ថ្ងៃនៅលើពិភពលោកនេះ មានកុមារមិនក្រោម ៥ ០០០នាក់ បានស្លាប់ដោយមកពីជំងឺ មានការពាក់ព័ន្ធទៅដល់បញ្ហាទឹកមិនស្អាត! ដែលក្នុងពេលនោះ នៅក្នុងរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិនាឆ្នាំ២០១០ បានបញ្ជាក់ថា មានមនុស្សលោកជាង ១.១កោដនាក់ ពុំមានលទ្ធភាពជួបប្រាស្រ័យផ្ទាល់ទៅនឹងទឹកស្អាត មានមនុស្សលោកជាង២.៦កោដនាក់ពុំមានលទ្ធភាពរស់នៅ ក្នុងលក្ខខ័ណ្ឌអនាម័យបានល្អ និងមានកុមារចំនួន ១.៥លាននាក់ក្រោមអាយុ៥ឆ្នាំ និងមានកុមារា-កុមារីប្រមាណ៤.៤៣លាននាក់ ក្នុងអាយុទៅសាលាបានស្លាប់ជារៀងរាល់ឆ្នាំដោយមានជំងឺមានការពាក់ព័ន្ធ ទៅដល់ទឹកមិនស្អាត និងរស់នៅក្នុងស្ថានភាពអនាម័យបរិស្ថាន មិនគម្បីនោះ!។

    ជារឿងមួយ ដែលគួរឱ្យអស់សំណើចផងដែរ គឺប្រជាជនដែលរស់នៅ ក្នុងប្រទេសក្រីក្រ បែទៅជាចំណាយលុយច្រើនផង ពួកប្រទេសអ្នកមាន ពី៥ទៅ១០ដង ក្នុងការប្រើប្រាស់ទឹកស្អាត។ ព្រោះជាមធ្យមមានប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ Sahara ក្រោមនៃទ្វីបអាហ្វ្រិក មានលទ្ធភាពប្រើប្រាស់ទឹកតិចជាង២០លីត្រក្នុងមួយថ្ងៃនិងមាន២/៣ រស់នៅពុំមានបន្ទប់ទឹកប្រកបទៅដោយ អនាម័យនោះ ផ្ទុយទៅវិញជាមធ្យមជនជាតិអង់គ្លេសម្នាក់ប្រើប្រាស់ទឹក ២០០លីត្រក្នុងមួយថ្ងៃ និងជនជាតិអាមេរិកប្រើប្រាស់ទឹក៦០០លីត្រក្នុងមួយថ្ងៃហើយពិសេសជាងនេះ ពលរដ្ឋដែលរស់នៅម្ដុំ Phoenix នៃរដ្ឋ Arizona បានប្រើប្រាស់ទឹករហូតដល់ ១០ ០០០លីត្រក្នុងមួយថ្ងៃ លើស១០០ដងក្នុងការប្រើប្រាស់ទឹកបើប្រៀបធៀបជាមួយនឹងប្រជាជន Mozambique នោះ។ទឹកជាវិបត្តិចម្បងរបស់មនុស្សរាប់លាននាក់នៅលើផែនដីមួយនេះ ហើយដែលវិបត្តិមួយនេះងាយបំផុត ក្នុងការនាំឱ្យមានភាពវឹកវរ  អស្ថេរភាពនៅក្នុងសង្គមនិយាយដោយឡែកនិងនៅក្នុងតំបន់និយាយជារួមនោះ។ នៅក្នុងបរិបទដ៏អយុត្តិធម៌មួយនេះគេនៅតែឃើញអ្នកក្រ ចំណាយពេលវេលាច្រើន ដើម្បីទទួលបានទឹក សម្រាប់ប្រើប្រាស់​ ឧទាហរណ៍ជាក់ស្ដែង គឺពលរដ្ឋរស់នៅក្នុងទ្វីបអាហ្វ្រិកខ្លះ បានចំណាយរាប់កោដដុល្លារ ក្នុងការបង់ពន្ធដើម្បីបានទឹកប្រើ ដែលក្នុងពេលនោះពួកប្រទេសអ្នកមានបង់ពន្ធតិច តែទឹកប្រើប្រាស់ មានភាពសំបូរហូរហៀរ តាមតែចិត្តប្រើនោះ!។

          ប្រភពផ្គត់ផ្គង់ទឹក កាន់តែរីងស្ងួតទៅ

   ការខ្វះទឹកស្អាត បាននឹងកំពុងជាបញ្ហាគួរឱ្យបារម្ភជាទីបំផុត តែការបារម្ភនិងគ្រោះថ្នាក់បំផុតនោះ គឺនៅពេលដែលភពផែនដីមួយនេះ លែងមានទឹកប្រើប្រាស់ទៀត! ព្រោះប្រការមួយនេះ អាចនឹងកើតមានឡើង ជាការពិត ដោយកំណើនប្រជាជន ចេះតែកើនឡើង ទឹកស្អាតមួយថ្ងៃត្រូវបានបំពុល និងការទទួលនូវ ផលពិបាកដោយការប្រែប្រួលអាកាសធាតុនោះ!។

   មុននេះប្រមាណជាង ១ ០០០ឆ្នាំ នៅលើភពផែនដីមួយនេះ មានប្រជាជនរស់នៅប្រមាណ២៥០លាននាក់ តែគិតដល់បណ្ដាឆ្នាំ២០២០នេះ គ្រាន់តែតំបន់អាហ្វ្រិកខាងជើង និងមជ្ឈឹមបូព៌ាមានមនុស្សជាង៤០០លាននាក់បានរស់នៅទីនេះ ដែលក្នុងនោះសមុទ្រខ្សាច់ Sahara កាន់តែរីកធំរាលដាលទៅៗ ហើយបណ្ដាប្រភពទឹកទាំងឡាយដែលមាននៅទីនេះកាន់តែរីងស្ងួតទៅៗ ដោយឡែកកំរិតទឹកនៅក្នុងសមុទ្រ Dead Sea ក៏បានចុះទាបប្រមាណ១០ម៉ែត្រ ក្នុងសតវត្សន៍ទី២១នេះ បើទន្លេ Tchad វិញបានចុះទាបរហូតដល់ទៅជិត ១០០ម៉ែត្រ  ក្រៅពីនេះក្នុងជួរភ្នំទឹកកក Himalaya មានការរលាយហូរលេងកកទៀត ដោយឡែក កំរិតទឹកក្នុងទន្លេមេគង្គ ទន្លេ Ganga ទន្លេ Indus ល.ល…សុទ្ធតែមានបញ្ហា ដោយកត្តា Climate Change ទាំងអស់។

   មានរបាយការណ៍មួយថ្មីបំផុតរបស់ World Bank បានបញ្ជាក់ថា ដល់បណ្ដាឆ្នាំ២០៣០ សំណូមពរនៃសេចក្ដីត្រូវការអំពីទឹករបស់ពិភពលោកមានការកើនឡើង ហួសពីការផ្គត់ផ្គង់រហូតទៅដល់៤០%ឯណោះ តែបើ Goldman Sachs វិញបានទាយទស្សន៍ថា ការប្រើប្រាស់ទឹកលើពិភពលោកនេះ នឹងកើនឡើងពីរដង ក្នុងរយៈពេលរាល់២០ឆ្នាំម្ដង។

   បញ្ហានឹងកើតមានឡើង នៅពេលដែលមាន ការធ្វើឯកជនកម្ម មកលើប្រភពទឹក

   ធានាគារពិភពលោក World Bank មូលនិធិរូបិយវត្ថុពិភពលោក IMF និងមានស្ថានប័នអន្តរជាតិ ជាច្រើនធ្លាប់បានមានគំនិតលើកទឹកចិត្ត ឱ្យមានឯកជនកម្ម មកលើប្រព័ន្ធទឹក នៅក្នុងបណ្ដាប្រទេសក្រីក្រ ក៏ប៉ុន្តែបទពិសោធន៍ដ៏អាក្រក់ ក្នុងការធ្វើឯកជនកម្ម ទឹកស្អាតនៅក្នុងតំបន់ Cochabamba របស់ប្រទេស Bolivia នាឆ្នាំ១៩៩៩ គឺជាមេរៀនមួយ ដ៏សោកសៅបំផុតនាំឱ្យមាន ការផ្ទុះកំហឹងបាតុកម្ម របស់ប្រជាពលរដ្ឋក្រីក្រ ដុតបំផ្លាញរោងចក្រផលិតទឹក ដោយពួកនេះបានឃុបឃិតតម្លើងថ្លៃទឹក ធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាព រស់នៅរបស់អ្នកក្រីក្រ ទើបមានការ ផ្ទុះកំហឹងប្រឆាំងរដ្ឋអំណាចរដ្ឋករទឹក នោះទៅ!។ ក្រោយពីមានហេតុការណ៍មួយនេះមក ពួកអ្នកជំនាញការខាងទឹក បានឯកភាពថា មិនត្រូវទុកធនធានទឹកឱ្យស្ថិត នៅក្រោមក្រុមហ៊ុនឯកជន ជាអ្នកគ្រប់គ្រងឡើយ! ព្រោះយ៉ាងហោចណាស់ ត្រូវទទួលស្គាល់ការពិតមួយថា ទឹកជាសម្បត្តិរួម របស់មនុស្សលោក។ដូច្នេះហើយ ទើបប្រការដែលផលិតទឹកដាក់ដប ដើម្បីយកចំណេញឯកជន ក៏ត្រូវបានរងការប្រឆាំងតិះទៀន យ៉ាងខ្លាំង ពីមតិមហាជនផងដែរ។ ព្រឹត្តិការណ៍មួយនេះ ធ្លាប់បានកើតឡើងដូចគ្នានៅ Atlanta របស់រដ្ឋ Georgia អាមេរិក ដោយនៅក្នុងឆ្នាំ១៩៩៩ ក្រុងនេះបានសម្រេចឱ្យ មានឯកជនកម្ម មកលើសេវាទឹក ដោយឃើញរដ្ឋធ្វើការគ្រប់គ្រងមកលើប្រព័ន្ធទឹក មានភាពមិនល្អ នាំដល់សេវាបំរើទឹក ជូនដល់ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងមានភាពមិនសុក្រិត្យ ទើបដល់បណ្ដាឆ្នាំ២០០៣ រដ្ឋអំណាចក្រុង Atlanta បានបង្ខំលុបចោល Contract ទឹកដែលមានតម្លៃ៥០០លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុនយក្ស Suez របស់បារាំង ដោយខ្លាចមានសភាពការណ៍វឹកវរដូចករណី នៅប្រទេស Bolivia កន្លងមកនោះ!។

   ជាតថភាព ការវិវាទមិនចុះសម្រុងគ្នា អំពីទឹកនៅក្នុងក្របខណ្ឌប្រទេស ដែលមានចរិតងាយស្រួលបំផុតក្នុងការនាំឱ្យមានភាពវឹកវរ អស្ថេរភាព ច្រើនជាងក្នុងកំរិតឆ្លងប្រទេស ដូចករណីនៅ Darfur សិទ្ធក្នុងការជួបប្រាស្រ័យជាមួយទឹកស្អាតនិងដីដាំដុះ គឺជាឬសគល់នៃបញ្ហាចម្បង ក្នុងការនាំឱ្យមានការប្រទូស្ដរាយ ជាហិង្សារវាងកសិករជនជាតិស្បែកខ្មៅ ជាមួយនឹង ជនអន្តោប្រវេសន្ដជាតិអារ៉ាប់នោះ!។ ភាពរីងស្ងួតនិងដំណើរការរីករាលដាល នៃសមុទ្រខ្សាច់ នៅភាគខាងជើងរបស់ Darfur គឺជាបច្ច័យគន្លឹះមួយ ក្នុងការធ្វើឱ្យជនជាតិអារ៉ាប់ ធ្វើពនាចរចាកចេញពីភូមិស្រុក ទៅកាន់តំបន់ Darfur ខាងត្បូង ជាទីកន្លែងដែលពួកគេ មានការវិវាទ ប្រទូស្ដរាយ ជាកម្លាំងអាវុធជាមួយពួកកសិករស្បែកខ្មៅ ដែលរស់នៅទីនោះ!។

   នៅក្នុងបញ្ហាទឹកនេះផងដែរ នៅខែធ្នូ ២០០៩ មានប្រជាពលរដ្ឋរាប់សិបមឺុននាក់ នៅ Mumbai បានធ្វើការបះបោរប្រឆាំងទៅនឹងរដ្ឋអំណាចអំពីការផ្ដាច់ទឹក នាំឱ្យមានមនុស្សរាប់សិបនាក់ បានស្លាប់ដោយមានការប៉ះទង្គិចគ្នា ជាមួយនឹងប៉ូលិសមូលដ្ឋាននោះ!។

                                       ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top