Feature

កំណើន ៤,៦%៖ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នាំមកនូវកម្លាំងជំរុញថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចសកល

មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មលើគ្រប់វិស័យ។ តាមរយៈការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦-២០៣០) ប្រទេសចិនបាន សម្រេចនូវសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ ២០២៦។

របាយការណ៍របស់ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP)  របស់ចិន បានឈានដល់ ១០៧ ទ្រីលានយ័ន ក្នុងរយៈពេល ៩ ខែដំបូង កើនឡើង ៤,៦% ស្មើនឹង ៥,៧ ទ្រីលានយ័ន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យម និងធំ បានកើនឡើង ៥,៣% ហើយទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ និងសេវាកម្ម បានកើនឡើង ២,៦% ស្របពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូចនាករសេដ្ឋកិច្ចខាងលើនេះ បង្ហាញយ៉ាងច្បាស់អំពីភាពធន់ និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន។ វាមិនមែនជារឿងសាមញ្ញទេ ដែលមហាអំណាចសេដ្ឋកិច្ចទី២ មួយនេះ នៅតែអាចរក្សាបាននូវស្ថិរភាព និងភាពធន់យ៉ាងរឹងមាំ បើទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមក៏ដោយ។ ជាមួយនឹងគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំនេះ  ការសម្រេចបាននូវកំណើន

ចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦ ពុំមែនជាបេសកកម្មដែលមិនអាចទៅរួចសម្រាប់ចិនឡើយ។

អ្វីដែលធ្វើឱ្យប្រទេសចិនអាចទទួលបានសមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះគឺពុំមែនជាអាថ៌កំបាំងឡើយ។ វាគឺជាផ្លែផ្កានៃកិច្ចប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលចិន ក្នុងការជំរុញបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកគំរូដែលផ្អែកលើនវានុវត្តន៍ ការពង្រីកតម្រូវការក្នុងស្រុក និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ស៊ី ជីនភីង ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី និងការបើកទូលាយកម្រិតខ្ពស់ រហូតទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាខាងលើ។

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន មិនត្រឹមតែនាំមកនូវវឌ្ឍនភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ទេ តែថែមទាំងនាំមកនូវកម្លាំងជំរុញថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិននៅតែបន្តរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងរក្សាបាននូវតំណែងជាទីផ្សារនាំចូលធំបំផុតទីពីរនៅលើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។

ក្រៅពីតួនាទីជា «អ្នកលក់កំពូល» ដែលបានផ្គត់ផ្គង់ផលិតផលដ៏សម្បូរបែប និងមានតម្លៃប្រកួតប្រជែងទៅកាន់ពិភពលោក ប្រទេសចិនកំពុងវិវត្តខ្លួនទៅជា «អ្នកទិញកំពូល» ដោយបន្តពង្រីកការនាំចូលផលិតផលពីបរទេស រាប់ចាប់តាំងពីកសិផល គ្រឿងបន្លាស់ និង

គ្រឿងអលង្ការ រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។ ការពង្រីកការនាំចូលនេះ បានផ្តល់នូវសន្ទុះថ្មីសម្រាប់ការបញ្ជាទិញផលិតផលពីបរទេស, បង្កើតឱកាសការងារ និងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ដៃគូពាណិជ្ជកម្មនៅជុំវិញពិភពលោក។

បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយជាង​ ១៦០ ប្រទេសនិងតំបន់ ដោយទំហំពាណិជ្ជកម្មទំនិញសរុបសម្រេចបាន ៣៩.៩៤ ទ្រីលានយ័ន (កើនឡើង ១៨.៨% ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦)។ ក្នុងនោះ ពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្រោម​ក្របខណ្ឌ​ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំដល់ ២០.៣៧ ទ្រីលានយ័ន (កើនឡើង ១៧.១%)។ លើសពីនេះ ក្រុមហ៊ុនចិនជាង ៥ ម៉ឺន បាននិងកំពុងវិនិយោគនៅបរទេស ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកនៃប្រទេសជាដៃគូ។

សរុបមក កំណើន GDP ៤,៦% ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ២០២៦ មិនត្រឹមតែជាភស្តុតាងនៃភាពរឹងមាំនៃសេដ្ឋកិច្ចចិនទេ ប៉ុន្តែគឺជាកម្លាំងជំរុញសន្ទុះថ្មី សម្រាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈការប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ វឌ្ឍនភាពសេដ្ឋកិច្ចរបស់ចិននឹងបន្តបម្រើជាប្រភពនៃឱកាស និងកាលានុវត្តភាពអភិវឌ្ឍន៍យ៉ាងពិតប្រាកដសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ដោយលោក ហ៊ូ ចំរើន/អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top