SEA GAME

ថៃបញ្ជាក់ថា នឹងមិនបញ្ជូនអត្តពលិកថៃ មកចូលរួមប្រកួតប្រដាល់ សេរីនៅ ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះទេ

បរទេស ៖ ថៃនឹងធ្វើពហិកា ការប្រកួតប្រដាល់សេរី នៅស៊ីហ្គេមឆ្នាំ២០២៣នេះ ដើម្បីតវ៉ាប្រឆាំង នឹងប្រទេសកម្ពុជា ដែលប្រើឈ្មោះកីឡាគុនខ្មែរ ជាជាង Muay Thai ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការជាតិ អូឡាំពិកថៃ (NOCT) បានប្រកាស កាលពីថ្ងៃអង្គារថា គ្មានអត្តពលិកថៃណាម្នាក់ នឹងចូលរួមប្រកួតប្រដាល់សេរី ក្នុងការប្រកួតថ្នាក់តំបន់ ដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា នោះទេ។

NOCT បន្ថែមថា ដើម្បីបញ្ចៀសជម្លោះ រវាងប្រទេសទាំងពីរ ខ្លួននឹងមិនព្យាយាម បញ្ឈប់ម្ចាស់ផ្ទះពីការរៀបចំកីឡាប្រដាល់សេរី ក្រោមឈ្មោះខ្មែរនោះទេ។

កម្ពុជាកាលពីខែមុន បានដកចេញនូវរាល់ឯកសារ យោងទៅលើ Muay Thai ចេញពីកាលវិភាគប្រដាល់សេរី របស់ SEA Games ដែលបង្កឱ្យមានប្រតិកម្ម ចំពោះសមាគម Muay Thai របស់ប្រទេសថៃ។

មន្រ្តីជាន់ខ្ពស់ NOCT របស់ថៃ លោក Chaiyapak Siriwat បាននិយាយថា កម្ពុជាបានប្តូរស្ថាប័ន ត្រួតពិនិត្យពីសហព័ន្ធអន្តរជាតិ នៃសមាគម Muaythai (IFMA) ទៅជាសហព័ន្ធគុនខ្មែរអន្តរជាតិ (KIF) ដែលមិនត្រូវបានទទួលស្គាល់ ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឬក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។ ជាលទ្ធផល គណៈកម្មការសម្រេច មិនបញ្ជូនអ្នកប្រដាល់ថៃ ទៅប្រកួតនោះទេ ៕

To Top