SEA GAME

សម្តេចតេជោ៖ ជប៉ុន អាចជួយគាំទ្រដំណើរការ ស៊ីហ្គេមរបស់កម្ពុជា តាមរយៈការលើកទឹកចិត្ត ពលរដ្ឋខ្លួនមកទស្សនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ភាគីជប៉ុនអាចជួយគាំទ្រ ដល់ដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺអាចធ្វើទៅបានតាមរយៈ ជួយលើកទឹកចិត្តពលរដ្ឋខ្លួន ឲ្យមកទស្សនាការប្រកួតកីឡានេះ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាស៊ីហ្គេមចាប់ ពីដើមខែឧសភា ឆ្នាំ២០២៣ ពោលក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ មកដល់ពេលនេះ នៅសល់តែ ៨៦ថ្ងៃទៀតប៉ុណ្ណោះ នឹងមកដល់នៃការប្រកួតហើយ។

ក្នុងឱកាសអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឲ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។

ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីលោក Atsushi បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា, ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។

ដោយឡែក លើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេចក៏បានសុំអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕

To Top