SEA GAME

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំរៀបចំផែនការ ទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការ ទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ ២០២៣ ។

លោក អ៊ុន ចាន់ដា បានបញ្ចាក់ថា ខេត្តកំពង់ចាម មិនបានរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទេ ពោលគឺ ភ្លើងគប់នេះ គ្រាន់តែដង្ហែរឆ្លង កាត់ខេត្តកំពង់ចាមប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី ខេត្តយើងក៏ត្រូវមានការ ទទួលបដិសណ្ឋារកិច្ចខ្លះៗ តាមបណ្ដាលស្រុក ដែលជាប់ដង ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧ ដូច្នេះហើយបានជាយើងត្រូវរៀបចំលក្ខណៈសម្បត្តិត្រៀម ទុកពីចម្ងាយឱ្យហើយ ដើម្បីឲ្យសាកសម ធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួល ជំរុញឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យជូនដល់ប្រទេសជាតិរបស់យើង ។

បើតាម លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ មានការរៀបចំពិធីបួងសួងសុំភ្លើងព្រះអគ្គី នៅក្នុងបរិវេណជុំវិញអង្គរតូច នៅខេត្តសៀមរាប ។ លុះដល់ថ្ងៃទី ២២ ខែ ឆ្នាំដដែល និងមានការដង្ហែរភ្លើងព្រះអគ្គីនេះ ឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង ១០ រហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ និងដង្ហែរភ្លើងព្រះអគ្គីមកដល់ប្រទេសកម្ពុជាវិញ មករក្សានៅខេត្តស្ទឹងត្រែងមួយយប់ ។ លុះដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ទើបបន្តដង្ហែរចេញពីខេត្តស្ទឹងត្រែង កាត់តាមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ទៅកាន់រាជធានីភ្នំពេញ ។

លោកអភិបាលរងបានបញ្ជាក់ថា ក្បួនដង្ហែរភ្លើងគប់កីឡា ឆ្លងកាត់ពីខេត្តស្ទឹងត្រែង មកខេត្តកំពង់ចាមយើងនេះ គឺក្បួនដង្ហែរគ្រាន់តែបន្ថយល្បឿន នៅទីតាំងដែលខេត្តនីមួយៗ បានរៀបចំដើម្បីអបអរសាទរ ក្នុងការដង្ហែរព្រះអគ្គីនេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

ក្នុងការដង្ហែរក្បួនព្រះអគ្គីនេះដែរ សម្រាប់ខេត្តកំពង់ចាម ត្រូវឆ្លងកាត់ ៥ ក្រុង ស្រុក ក្នុងនោះមាន ក្រុងកំពង់ចាម , ស្រុកកំពង់សៀម , ស្រុកព្រៃឈរ , ស្រុកជើងព្រៃ , និងស្រុកបាធាយ ដែលត្រូវរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈដែលមានការពាក់ព័ន្ធនិងការដង្ហែរព្រះអគ្គី ៕

To Top