ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ជម្រុញដល់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុក ដាក់ខ្ពស់ ក្នុងកិច្ចការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រកួតនេះនៅសល់តែ៥២ថ្ងៃទៀតប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឃួង ស្រេង លើកឡើងថា កិច្ចប្រជុំធ្វើឡើងមួយផ្នែក ដើម្បីពិនិត្យពីវឌ្ឍនភាពការ ងារ ត្រៀមសហការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការរងារ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ។

លោកបន្តថា “ការងារធំរបស់យើង គឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត កុំអោយមានបទល្មើសកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ”។

លោកថា ចំពោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់ មហាវិថីឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះនេះតែម្តង។

ជាងនេះទៅទៀត ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ លោកអភិបាល បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ សំអាតអនាម័យបរិស្ថាន ក៏ត្រូវយកចិត្តទុកដាក់ ជាមួយនិងការចលនា ប្រជាពលរដ្ឋអោយដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់ របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា ការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារ ដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការ ជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលំអរផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រង និងទទួលខុសត្រូវទាំងស្រុង របស់អាជ្ញាធររាជធានីភ្នំពេញ៕



